ផ្សារហ៊ុន

មេផ្សារហ៊ុនរំពឹងគណនីជួញដូរកើនដល់៥ម៉ឺនគណនីត្រឹមឆ្នាំ២០២៣ ខណៈបច្ចុប្បន្នកម្ពុជាកំពុងសិក្សាបង្កើតទីផ្សារបណ្ណឥណទាន


បើទោះបីស្ថានភាពជួញដូរភាគហ៊ុនកម្ពុជា នៅក្នុងឆ្នាំ២០២៣ ហាក់បង្ហាញទំនោរធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំ២០២២ ក៏ពិតមែន តែថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា នៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះកំណើនក្នុងវិស័យនេះ។ អ្នកជំនាញក្នុងវិស័យភាគហ៊ុនកត់សម្គាល់ឃើញថា ទោះបីការជួញដូរភាគហ៊ុននៅកម្ពុជានៅមានចំនួនតិចតួច បើធៀបទៅនឹងប្រទេសដទៃ តែវិស័យភាគហ៊ុននៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ផ្សារហ៊ុន
ដោយ

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី«ហិរញ្ញប្បទានប្រកបដោយនិរន្តភាព» នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ផ្សារមូលបត្រកម្ពុជា មានការវិវឌ្ឍទៅមុខឥតឈប់ឈរ ទោះបីស្ថិតក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ច ដែលសកលលោកកំពុងជួបប្រឈមក្តី។

ជាក់ស្ដែង នៅក្នុងខែមិថុនា កន្លងទៅនេះ ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនធំៗចុះបញ្ជីចំនួន២ ដែលបានកៀរគរទុនសរុបប្រមាណ១០លានដុល្លារអាម៉េរិក ក្នុងការពង្រីកអាជីវកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។

ថ្នាក់ដឹកនាំផ្សារមូលបត្ររូបនេះ អះអាងថា បើទោះបីសេដ្ឋកិច្ចសាកលស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់ក៏ពិនមែន តែចំនួនវិនិយោគិនមានការកើនឡើងជាលំដាប់ ខណៈបច្ចុប្បន្នចំនួនគណនីជួញដូរសរុបបានកើនឡើងដល់ជាង៤ម៉ឺន៤ពាន់គណនី និងរំពឹងកើនដល់៥ម៉ឺនគណនី នៅត្រឹមដំណាច់ឆ្នាំ២០២៣។

សម្រាប់ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា កាលណាវិស័យភាគហ៊ុនមានការរីកចម្រើន ស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជាក៏មានការរីកចម្រើនដូចគ្នាដែរ។ តាមរយៈកំណើនជាលំដាប់នៃចំនួនអ្នកវិនិយោគនេះ ឯកឧត្តម ហុង សុហូរ រំពឹងថា វិស័យភាគហ៊ុននៅកម្ពុជានឹងបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ជាមួយកំណើនក្រុមហ៊ុនចុះបញ្ជី និងគណនីជួញដូរ។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាកត់សម្គាល់ឃើញថា ដ្បិតទំហំវិនិយោគហាក់នៅមានកម្រិត ប៉ុន្តែនៅមួយទស្សវត្សរ៍ចុងក្រោយនេះ វិស័យមូលបត្រកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់។

បើតាមថ្នាក់ដឹកនាំរូបនេះ ដើម្បីលើកកម្ពស់វិស័យមូលបត្រកម្ពុជាឲ្យកាន់រីកចម្រើនបន្ថែមទៀត កម្ពុជាក៏មានទិសដៅអភិវឌ្ឍទីផ្សារ បង្កើតនូវផលិតផលហិរញ្ញវត្ថុថ្មីៗ ជំរុញការផ្សព្វផ្សាយ ក៏ដូចជាបញ្ជ្រាបការយល់ដឹងឲ្យកាន់តែទូលាយដល់សាធារណជន។

បើតាមឯកឧត្តម ស៊ូ សុជាតិ កម្ពុជាកំពុងសិក្សានិងពិចារណាចំពោះការបង្កើតទីផ្សារបណ្ណឥណទាន ដែលជាគំនិតផ្តួចផ្តើមថ្មីសម្រាប់ផ្សារមូលបត្រកម្ពុជា ហើយឯកឧត្តមរពឹងថា ទីផ្សារថ្មីនេះនឹងអាចលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ។

សូមបញ្ជាក់ថា ស្ថានភាពទំហំជួយដូរភាគហ៊ុនកម្ពុជា នៅ៩ខែឆ្នាំ២០២៣នេះ បានធ្លាក់ចុះជាបន្តបន្ទាប់បើធៀបនឹងឆ្នាំមុន ពោលគឺបានធ្លាក់ចុះពីទំហំជួញដូរជាមធ្យម៥០ម៉ឺនដុល្លារក្នុង១ថ្ងៃ មកនៅចន្លោះពី២០ម៉ឺន ទៅ៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ។ ការធ្លាក់ចុះនេះត្រូវបានថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា អះអាងថា គឺបណ្តាលមកពីការជះឥទ្ធិពលពីវិបត្តិសង្គ្រាម និងបញ្ហាសេដ្ឋកិច្ចសកល ដ្បិតបញ្ហាទាំងនេះបានធ្វើឱ្យអ្នកវិនិយោគមានការព្រួយបារម្ភធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងបានធ្វើឱ្យអ្នកវិនិយោគមួយចំនួនស្ទាក់ស្ទើរក្នុងការប្រឡូកចូលក្នុងវិស័យភាគហ៊ុន។

បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន២០ ក្នុងនោះក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៩ក្រុមហ៊ុន ចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ យ៉ាងណាក៏ដោយ ឯកឧត្តម ហុង សុហួរ រំពឹងថា ផ្សារមូលបត្រកម្ពុជានឹងទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីចំនួន៣បន្ថែមទៀតនៅចុងឆ្នាំ២០២៣នេះ ដោយក្នុងនោះមួយជាក្រុមហ៊ុនចុះបញ្ជីបោះផ្សាយភាគហ៊ុន និងពីរក្រុមហ៊ុនទៀតចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល៕

None



អត្ថបទបន្ទាប់


អ្នកជំនាញជឿថា ចំនួនរថយន្តដឹកទំនិញប្រើប្រាស់ផ្លូវល្បឿនលឿននឹងកាន់តែថយចុះ ក្រោយក្រុមហ៊ុនចាប់ផ្តើមយកតម្លៃសេវា

មកទល់ពេលនេះមានរយៈពេលជិត១ឆ្នាំហើយ ដែលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការជាមួយការបញ្ចុះតម្លៃ២០%នៅមួយឆ្នា…

សេដ្ឋកិច្ចកម្ពុជារំពឹងសម្រេចបានកំណើនក្នុងរង្វង់៦,៦% នៅឆ្នាំ២០២៤ ខណៈ GDP សម្រាប់មនុស្សម្នាក់រំពឹងកើនដល់ជាង២ពាន់ដុល្លារ

សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៤ ត្រូវបានរាជរដ្ឋាភិបាលព្យាករថា នឹងសម្រេចបាននូវអត្រាកំណើនក្នុងរង្វង់៦,៦% ដែលកំណើននេះហាក់មានភាពល្អប្រសើរជាងឆ្នាំ២…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ