លោកស្រី តាទីអេណា ម៉ូហាហ្គែន (Tatiana Mohaghan) អគ្គលេខាធិការនៃសភាពាណិជ្ជកម្មអន្តរជាតិ(ICC) របស់រុស្ស៊ី បានទម្លាយឱ្យដឹងថា រុស្ស៊ី បានឈប់ប្រើប្រាក់ដុល្លារអាម៉េរិក ដល់ទៅ៩៥%នៃការទូទាត់ពាណិជ្ជកម្មជាមួយប្រទេសចិន និងប្រទេសឥណ្ឌា។ លើសពីនេះទៅទៀត សភាពាណិជ្ជកម្មអន្តរជាតិ(ICC)របស់រុស្សី បានរាយការណ៍ថា ការទូទាត់ទំនិញនាំចេញរបស់រុស្ស៊ីជាប្រាក់ដុល្លារអាម៉េរិក ឬប្រាក់អឺរ៉ូ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ជាពិសេសវាបានធ្លាក់ចុះពីជាង៨៥%ក្នុងឆ្នាំ២០២១ មកនៅត្រឹមតែ៣៤%កាលពីឆ្នាំ២០២៣។
ប្លុកសេដ្ឋកិច្ច BRICS បាននិយាយដោយមិនដាច់ពីមាត់អំពីចេតនារបស់ខ្លួននៅក្នុងការធ្វើបដិដុល្លារនីយកម្ម ឬការឈប់ប្រើប្រាក់ដុល្លារអាម៉េរិក នៅក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ អំឡុងឆ្នាំ២០២៣។ ជាការពិតណាស់ ប្រទេសរុស្ស៊ីបានផ្លាស់ប្ដូរអាទិភាពពាណិជ្ជកម្មរបស់ខ្លួនដោយសារតែទណ្ឌកម្មកាន់តែតឹងតែងរបស់លោកខាងលិច ដាក់មកលើខ្លួន។ ដូច្នេះហើយប្លុកប្រទេស BRICS ក៏បានបង្កើនចំនួនរូបិយប័ណ្ណក្នុងស្រុកសរុប ដែលខ្លួនប្រើប្រាស់ក្នុងពាណិជ្ជកម្មទ្វេភាគី។
អត្រាប្រើប្រាស់រូបិយប័ណ្ណជារួមរបស់ប្រទេសធំៗទាំង៣នេះ បានផ្លាស់ប្តូរយ៉ាងខ្លាំង។ ជាពិសេស រូបិយប័ណ្ណដុល្លារអាម៉េរិក លែងត្រូវបានប្រើប្រាស់ដល់ទៅ៩៥%នៃការទូទាត់ពាណិជ្ជកម្មរវាងប្លុកប្រទេស BRICS ពោលគឺរុស្ស៊ី ចិន ឥណ្ឌា និងប៉ាគីស្ថាន។ រុស្ស៊ី ទូទាត់ពាណិជ្ជកម្មភាគច្រើនជាមួយប្រទេសទាំងពីរនេះជារូបិយប័ណ្ណក្នុងស្រុក។
សភាពាណិជ្ជកម្មអន្តរជាតិ(ICC)របស់រុស្សី បានបញ្ជាក់ថា ការប្រើប្រាស់រូបិយប័ណ្ណ Ruble របស់រុស្ស៊ី ក្នុងប្រតិបត្តិការទូទាត់ពាណិជ្ជកម្មឆ្លងដែនបានកើនឡើង៣៩%ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ ជាងនេះទៅទៀត រូបិយប័ណ្ណរបស់បណ្ដាប្រទេសជាមិត្តក៏បានកើនឡើងដែរក្នុងពេលវេលាដូចគ្នានេះ។ សរុបមក ការឈប់ប្រើប្រាស់ដុល្លារអាម៉េរិក នៅក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិត្រូវបានរំពឹងថា នឹងកើនឡើងខ្លាំងនៅពេញមួយឆ្នាំ២០២៤ នេះ។
លោកស្រី តាទីអេណា ម៉ូហាហ្គែន (Tatiana Mohaghan) និយាយថា ៩៥%នៃការទូទាត់ពាណិជ្ជកម្មជាមួយប្រទេសចិន និងឥណ្ឌា ក្នុងឆ្នាំ២០២៣ ត្រូវបានធ្វើឡើងជារូបិយប័ណ្ណជាតិ ហើយថា ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់រុស្ស៊ី ដែលមានចំណែកគ្របដណ្ដប់២៩% នៃទំហំពាណិជ្ជកម្ម។ ជាងនេះទៅទៀត ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បាននិយាយថា រុស្ស៊ី និងចិនបានទូទាត់ពាណិជ្ជកម្មជិត៧០%ជារូបិយប័ណ្ណក្នុងស្រុក៕
ដោយ: តែម សុខុម