លោកស្រី Kim Yo Jong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ដោយហៅប្រធានាធិបតីកូរ៉េខាងជើង លោក Yoon Suk-yeol ថា៖ «វាប្រសើរជាងបើលោកមិននិយាយ ព្រោះថាការនិយាយនោះ វាគ្មានន័យអ្វីទាល់តែសោះ» ដោយលោកស្រីបានចំអកថា វាមិនគួរឲ្យអស់សំណើចពេកទេ ដែលលោកលើកយកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងការដោះដូរនឹងកិត្តិយសកូរ៉េខាងជើង និងការរំសាយអាវុធនុយក្លេអ៊ែរនោះ។
អ្នកស្រីបានបន្ថែមថា៖ «គ្មាននរណាម្នាក់ដូរវាសនារបស់ខ្លួនសម្រាប់នំមួយដុំនោះទេ» ដោយបានបញ្ជាក់ថា «កូរ៉េខាងជើងនឹងមិនអង្គុយទល់មុខជាមួយប្រធានាធិបតីរូបនេះទេ»។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការបង្រួបបង្រួមកូរ៉េ លោក ខ្យុន យ៉ុង សេ (Kwon Young) បាននិយាយថា លោកពិតជាមានការសោកស្តាយណាស់ចំពោះការឆ្លើយតបដោយពាក្យអសុរោះ និងមិនឲ្យតម្លៃបន្តិចសោះពីសំណាក់លោកស្រី គីម យ៉ូ ជុង នេះមកលើមេដឹកនាំនៃប្រទេសមួយទៀត។
កាលពីពេលកន្លងមកលោក Yoon បាននិយាយថា លោកមានឆន្ទៈក្នុងការផ្តល់ជំនួយសេដ្ឋកិច្ចជាដំណាក់កាលដល់ប្រទេសកូរ៉េខាងជើង ប្រសិនបើប្រទេសនេះ បញ្ចប់ការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងចាប់ផ្តើមការរំសាយអាវុធនុយក្លេអ៊ែរផ្សេងៗរបស់ខ្លួន។
ជាមួយគ្នានោះ កូរ៉េខាងត្បូងបានបន្តធ្វើសមយុទ្ធរួមជាមួយសហរដ្ឋអាមេរិក ដែលបានផ្អាកជាយូរមកហើយ រួមទាំងសមយុទ្ធលើវិស័យសំខាន់ៗ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះផងដែរ។
កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងនៅតែគាំទ្រគោលនយោបាយរបស់លោកប្រធានាធិបតីកូរ៉េខាងត្បួង ប៉ុន្តែមេដឹកនាំកូរ៉េខាងជើងវិញមើលឃើញថា សមយុទ្ធរួមគ្នានេះជាការគំរាមគំហែង និងមិនស្មោះត្រង់។
មែនទែនទៅ សេចក្តីថ្លែងការណ៍នៅថ្ងៃទី ១៨សីហានេះគឺ ជាការវាយប្រហារផ្នែកបុគ្គលមួយដ៏ឃោរឃៅបំផុតរបស់មន្ត្រីកូរ៉ខាងជើង ប៉ុន្តែក្នុងខែនេះប្អូនស្រីបុរសខ្លាំង គីម ជុងអ៊ុនរូបនេះ ក៏បានបញ្ចេញនូវពាក្យប្រមាថដែរថា ប្រសិនបើការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅភាគខាងជើងនៃប្រទេសកូរ៉េខាងត្បូង ឆ្លងចូលដល់កូរ៉េខាងជើង នោះទីក្រុងព្យុងយ៉ាងនឹងធ្វើការ «សងសឹកវិញយ៉ាងធ្ងន់ធ្ងរ»។
អ្នកជំនាញខ្លះនិយាយថា ផែនការសេដ្ឋកិច្ចចុងក្រោយបង្អស់របស់កូរ៉េខាងត្បូងគឺស្រដៀងគ្នាទៅនឹងសំណើរបស់មេដឹកនាំកូរ៉េមុនៗ រួមទាំងគម្រោងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងលោក Kim Jong Un កាលពីប៉ុន្មានឆ្នាំមុននោះ តែមិនបានលទ្ធផលជាទីគាប់ចិត្តពីសំណាក់រដ្ឋផ្តាច់ការកូរ៉េខាងជើងនោះឡើយ៕