របាយការណ៍មួយដែលចេញផ្សាយដោយវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ កាលពីថ្ងៃទី២៨ ខែឧសភា បានគូសបញ្ជាក់ថា តំបន់អាស៊ីប៉ាស៊ីហ្វិក អាចនឹងលែងត្រូវបានចាត់ថ្នាក់ថា ជាតំបន់ដែលមានសន្តិភាពពេញលេញទៀតហើយ។ របាយការណ៍នេះបានព្រមានថា ការគំរាមកំហែងសន្តិសុខកាន់តែកើនឡើងបានបង្កើនហានិភ័យជាយុទ្ធសាស្ត្រយ៉ាងខ្លាំងសម្រាប់តំបន់។ ហេតុនេះការវាយតម្លៃលើសន្តិសុខតំបន់ ការវិភាគលើនិន្នាការ ដែលកំពុងលេចឡើង ក៏ដូចជាការពិនិត្យមើលគោលនយោបាយនានា គឺជារឿងចាំបាច់បំផុត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនេះ។
លោក អ៊ីវ៉ាន់ ឡាកស្មាណា (Evan Laksmana) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ បានលើកឡើងថា បរិយាកាសសន្តិសុខកាន់តែមានការប្រែប្រួលខ្លាំង ដោយជម្លោះមិនត្រឹមតែកើតឡើងនោះទេ ប៉ុន្តែកម្តៅនៃបញ្ហាទាំងនោះនៅតែបន្តងំជានិច្ច។ យ៉ាងណាមិញចាប់តាំងពីការប៉ះទង្គិចគ្នាតាមព្រំដែនរវាងថៃ និងកម្ពុជា រហូតដល់ជម្លោះប្រដាប់អាវុធរយៈពេលខ្លីរវាងឥណ្ឌា និងប៉ាគីស្ថាន នៅតែស្ថិតក្នុងស្ថានភាពដ៏គួរឱ្យព្រួយបារម្ភ។ លោកកត់សម្គាល់ថា តំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រឈមមុខនឹងវិបត្តិ ខណៈចំណុចក្តៅគគុកនៅតែមិនទាន់រលត់ ឯស្មារតីនៃការអត់ធ្មត់ និងយោគយល់គ្នាវិញ បែរជាមានការធ្លាក់ចុះ ដែលកត្តានេះហើយបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៅក្នុងតំបន់ទាំងមូល។
ក្រៅពីស្ថានការណ៍ជម្លោះព្រំដែន កម្ពុជា-ថៃ និងបញ្ហារវាងឥណ្ឌា-ប៉ាគីស្ថាន វិទ្យាស្ថានដដែលនេះ ក៏បានសម្តែងការព្រួយបារម្ភផងដែរអំពីឥទ្ធិពលនៃការធ្វើទំនើបកម្មយោធា ការប្រកួតប្រជែងសព្វាវុធ និងបញ្ហាប្រឈមតាមព្រំដែនជាមួយនឹងប្រទេសមីយ៉ាន់ម៉ា៕
ដោយៈ សរ សុជាតិ