វិស័យពាណិជ្ជកម្ម

អាម៉េរិក ចុះស៊ើបអង្កេតលើរោងចក្រចិន នៅវៀតណាម ដែលបង្កឱ្យមានការភ័យខ្លាចលើការដាក់ពន្ធបន្ថែម


សហរដ្ឋអាម៉េរិក បាន​ចាប់ផ្តើមចុះធ្វើអធិការកិច្ចត្រួតពិនិត្យរោងចក្រ ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនចិន​ មានមូលដ្ឋាននៅប្រទេសវៀតណាម ដែល​បង្កការព្រួយបារម្ភថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងដាក់ពន្ធគយថ្មីបន្ថែមធ្ងន់កលើទំនិញនាំចេញពីវៀតណាម។ ការស៊ើបអង្កេត​នេះ​ផ្តោតលើការ​ត្រួត​ពិនិត្យ​មើល​ថា តើទំនិញចិន ត្រូវបានដាក់ស្លាកឡើងវិញជាផលិតនៅវៀតណាម ដើម្បីបន្លំភ្នែកគេចពន្ធអាម៉េរិក ឬយ៉ាងណា ព្រមទាំងពិនិត្យ​មើល​ការរំលោភលើកម្មសិទ្ធិបញ្ញាផងដែរ។
វិស័យពាណិជ្ជកម្ម
ដោយ

សារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃទី២៨ ខែកក្កដា ថា មន្ត្រីគយអាម៉េរិក បានចុះធ្វើអធិការកិច្ចត្រួតពិនិត្យរោងចក្រមួយចំនួននៅប្រទេសវៀតណាម ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនចិន ដោយឆែកមើលឯកសារផលិតកម្ម ប្រភពវត្ថុធាតុដើម និងដំណើរការផលិត ដើម្បីវាយតម្លៃថា ផលិតផលទាំងនោះត្រូវបានផលិតនៅវៀតណាម ពិតប្រាកដប៉ុនណា មុននឹងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ក្រុមមន្ត្រីគយអាម៉េរិក ក៏កំពុងពិនិត្យលើការរំលោភកម្មសិទ្ធិបញ្ញា ដែលអាចកើតមានផងដែរ។ ទោះជាយ៉ាងណារហូតមកដល់ពេលនេះ ពួកគេនៅមិនទាន់រកឃើញភស្តុតាងសំខាន់ណាមួយ ដែលបង្ហាញថា ទំនិញចិន ត្រូវបានបញ្ជូនឆ្លងកាត់ប្រទេសវៀតណាមដោយខុសច្បាប់ ដើម្បីគេចពន្ធអាម៉េរិកនៅឡើយទេ។
ការត្រួតពិនិត្យនេះកើតឡើងស្របពេលដែលអាម៉េរិក និងវៀតណាម កំពុងបន្តការចរចាពាណិជ្ជកម្មយ៉ាងស្វិតស្វាញ ហើយចំណុចដែលនៅតែជាប់គាំង គឺបញ្ហាការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសទី៣ ដើម្បីគេចពន្ធគយអាម៉េរិក និងឧបសគ្គពាណិជ្ជកម្មផ្សេងៗ។ រដ្ឋបាលលោក ដូណាល់ ត្រាំ បានចោទប្រកាន់ជាបន្តបន្ទាប់ថា ក្រុមហ៊ុនមួយចំនួនគ្រាន់តែយកទំនិញផលិតនៅចិន មកបិទស្លាកថ្មីបន្លំភ្នែកថា ផលិតនៅវៀតណាម ដើម្បីចូលទៅទីផ្សារអាម៉េរិកដោយចៀសវាងពន្ធ។ ចំណែកឯវៀតណាម បានច្រានចោលការចោទប្រកាន់នេះ និងអះអាងថា ខ្លួនបានរឹតបន្តឹងការអនុវត្តច្បាប់ ដោយបង្ក្រាបការក្លែងបន្លំពាណិជ្ជកម្ម និងរឹបអូសទំនិញក្លែងក្លាយជាបន្តបន្ទាប់។
បច្ចុប្បន្នវៀតណាម កំពុងស្ថិតក្រោមការស៊ើបអង្កេតពាណិជ្ជកម្មជាច្រើនពីសំណាក់សហរដ្ឋអាម៉េរិក រួមមាន ការស៊ើបអង្កេតពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ការផលិតលើសតម្រូវការ និងការអនុវត្តពាណិជ្ជកម្មមិនស្មើភាព។ ប្រទេសនេះ ក៏ស្ថិតក្នុងចំណោមប្រទេសជាច្រើន ដែលទើបរងផលប៉ះពាល់ពីពន្ធគយថ្មីរបស់សហរដ្ឋអាម៉េរិកផងដែរ។
ក្រុមអ្នកវិភាគព្រមានថា ប្រសិនបើការស៊ើបអង្កេតរកឃើញភស្តុតាង នៃការគេចពន្ធ ឬការក្លែងប្រភពដើមទំនិញ ប្រទេសវៀតណាម អាចប្រឈមវិធានការពន្ធគយថ្មីបន្ថែម ដែលនឹងបង្កើនសម្ពាធលើវិស័យនាំចេញរបស់ប្រទេសនេះ។ សូមបញ្ជាក់ថា វៀតណាម គឺជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់សម្រាប់ក្រុមហ៊ុនអន្តរជាតិ ធំៗដូចជា Nike និង Apple ជាដើម បន្ទាប់ពីក្រុមហ៊ុនជាច្រើនបានផ្លាស់ប្តូរខ្សែច្រវាក់ផលិតកម្មចេញពីប្រទេសចិន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


LOLC KHQR បើកឱកាសឱ្យអាជីវករកម្ពុជាទទួលការទូទាត់ពីភ្ញៀវទេសចរឥណ្ឌា ដោយមិនប្រើក្រដាសប្រាក់

អាជីវករដែលប្រើប្រាស់ LOLC KHQR ទូទាំងប្រទេស ឥឡូវនេះមានឱកាសកាន់តែច្រើនក្នុងការទាក់ទាញ និងទទួលភ្ញៀវទេសចរឥណ្ឌា តាមរយៈការទទួលការទូទាត់ប្…

ចិន កំពុងពង្រឹងអាវុធផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍ជាតិ និងឆ្លើយតបនឹងទណ្ឌកម្មបរទេស

ស្របពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែស្រួចស្រាល់ ចិន កំពុងពង្រីកតួនាទី នៃច្បាប់ក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្ម ការគ្រប់គ្រងការនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ