ទោះជាយ៉ាងណា AMRO ក៏ព្រមានដែរថា កំណើនសេដ្ឋកិច្ចអាចថយចុះ ខណៈថ្លៃថាមពលខ្ពស់ និងហានិភ័យក្នុងវិស័យធនាគារ នឹងក្លាយជាបញ្ហាប្រឈមធំសម្រាប់ឆ្នាំ២០២៦ នេះ។ ជាមួយគ្នានេះ AMRO ជំរុញឱ្យកម្ពុជា ធ្វើកំណែទម្រង់វិស័យសំខាន់ៗចំនួន៤ ដើម្បីទប់ទល់នឹងសម្ពាធពីខាងក្រៅ និងខាងក្នុង និងពង្រឹងភាពធន់សេដ្ឋកិច្ចរបស់ខ្លួន។
យោងតាមរបាយការណ៍ពិគ្រោះប្រចាំឆ្នាំ២០២៦ របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើន៥,៣% ក្នុងឆ្នាំ២០២៥ ដែលខ្ពស់ជាងការព្យាករណ៍ពីមុន ទោះបីជាប្រឈមវិបត្តិសកល និងបញ្ហាក្នុងតំបន់ជាច្រើនក៏ដោយ។ ទោះជាយ៉ាងណា កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថា នឹងថយមកនៅត្រឹម៤,២% ក្នុងឆ្នាំ២០២៦ នេះដោយសារការហក់ឡើងនៃតម្លៃប្រេងសកល និងភាពតានតឹងតាមព្រំដែនជាមួយប្រទេសថៃ។ AMRO បានវាយតម្លៃថា ចំណុចខ្លាំងបំផុតរបស់កម្ពុជា គឺភាពធន់នៃមូលដ្ឋានសេដ្ឋកិច្ច។ ការនាំចេញផលិតផល ជាពិសេសវិស័យកាត់ដេរនៅតែរក្សាបានកំណើន ខណៈការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែបន្តហូរចូល។ ទន្ទឹមនេះ បំណុលសាធារណៈរបស់កម្ពុជា នៅតែមានកម្រិតទាបជាង៣០% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជា អាចប្រើវិធានការគោលនយោបាយបន្ថែម ប្រសិនបើស្ថានការណ៍សេដ្ឋកិច្ចកាន់តែអាក្រក់។
ទោះជាយ៉ាងណា AMRO បានព្រមានថា ការហក់ឡើង នៃតម្លៃថាមពលសកល គឺជាហានិភ័យសេដ្ឋកិច្ចដ៏ធំបំផុតសម្រាប់កម្ពុជា។ ដោយសារកម្ពុជា ពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈជាចម្បង អតិផរណាត្រូវបានព្យាករថា នឹងកើនពី២,៥% ក្នុងឆ្នាំ២០២៥ ឈានដល់៥,១% ក្នុងឆ្នាំ២០២៦ នេះ ខណៈឱនភាពគណនីចរន្ត ក៏នឹងពង្រីកកាន់តែធំផងដែរ។
របាយការណ៍នេះ ក៏បានលើកឡើងពីសម្ពាធ ដែលកំពុងកើនឡើងលើវិស័យធនាគារកម្ពុជាផងដែរ។ ការកើនឡើង នៃប្រាក់កម្ចីមិនដំណើរការ (NPLs) ជាពិសេសក្នុងវិស័យអចលនទ្រព្យ និងការបិទធនាគារមួយចំនួនបានបង្កការព្រួយបារម្ភអំពីទំនុកចិត្តរបស់សាធារណជន។ ប៉ុន្តែ AMRO បញ្ជាក់ថា ប្រព័ន្ធធនាគារកម្ពុជានៅតែមានដើមទុនរឹងមាំ និងមានស្ថិរភាពគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងហានិភ័យបន្ថែម។
ទោះជាយ៉ាងណា AMRO ផ្ដល់អនុសាសន៍ឱ្យកម្ពុជា បន្តជំរុញកំណែទម្រង់សំខាន់ៗរួមមានការពង្រឹងសន្តិសុខថាមពល ការលើកកម្ពស់ស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។ AMRO ជឿជាក់ថា វិធានការទាំងនេះនឹងជួយឱ្យកម្ពុជា បង្កើនភាពធន់ សម្របខ្លួនទៅនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងបន្តដំណើរឆ្ពោះទៅរកការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់៕
ដោយ: តែម សុខុម