គោលបំណងនៃការស្ថាបនាផ្លូវរថភ្លើងទាំងនេះ គឺដើម្បីរួមចំណែកជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ផ្លូវរថភ្លើងក្រោមដី និងលើអាកាសនៅក្នុងរាជធានីភ្នំពេញទំនងជាអាចលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។ បើតាមការអះអាងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនគម្រោងផ្លូវរថភ្លើងលើអាកាស និងក្រោមដីត្រូវបានសិក្សាចប់សព្វគ្រប់ហើយនៅឡើយតែរង់ចាំក្រុមហ៊ុនមកបណ្តាក់ទុន ដើម្បីអភិវឌ្ឍន៍តែប៉ុណ្ណោះ។ យ៉ាងណាមិញថ្នាក់ដឹកនាំក្រសួងសាធារណការរូបនេះរំពឹងថា គម្រោងនេះនឹងទទួលបានក្រុមហ៊ុនមកបណ្តាក់ទុនវិនិយោគក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឺមនឹងនេះរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅមួយខ្សែទៀតផងដែរ ដោយរំពឹងបញ្ចប់ការសិក្សានៅដំណាច់ឆ្នាំនេះ។ គោលបំណងនៃការស្ថាបនាផ្លូវរថភ្លើងទាំងនេះ គឺដើម្បីរួមចំណែកជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលមិនចង់ចំណាយថវិកាជាតិទាំងស្រុងលើគម្រោងទាំងនេះនោះទេ ពោលគឺរាជរដ្ឋាភិបាលចង់ឲ្យមានការចូលរួមវិនិយោគពីក្រុមហ៊ុនជាតិ និងអន្តរជាតិ។ ឯកឧត្តមទេសរដ្ឋមន្ត្រីវាយតម្លៃថា គម្រោងនេះអាចនឹងបើកការដ្ឋានសាងសង់នៅក្នុងអាណត្តិក្រោយនេះ។ តែយ៉ាងណាមកទល់ពេលនេះយើងមិនទាន់ដឹងទេថា គម្រោងនេះគ្រោងចំណាយថវិកាប៉ុន្មាននោះទេ។
គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើបអ៊ីអនមានជ័យនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ ការដាក់ឲ្យដំណើរមណ្ឌលផ្តល់សេវាសាធារណៈទី៧នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជួយសម្រួល និងបង្ខិតសេវាឲ្យកាន់តែជិតប្រជាពលរដ្ឋ ដែលត្រូវការសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រៅពីនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប ក្រសួងសាធារណការគ្រោងពង្រីកមណ្ឌលផ្តល់សវាសាធារណៈនេះទៅកាន់ខេត្តផ្សេងៗទៀតដូចជាបាត់ដំបង់ និងកំពង់ចាមជាដើម។ ទន្ទឹមនឹងបើកដំណើរការមណ្ឌលសាធារណៈនេះ ក្រសួងសាធារណការ ក៏បានប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃ MPWT Public Service Tracking ដែលអាចឲ្យប្រជាពលរដ្ឋធ្វើប្រតិបត្តិការទទួលសេវាសាធារណៈ និងតាមដានដំណើរការការងារផ្តល់សេវារបស់មន្ត្រីក្រសួងសាធារណការផងដែរ៕