ចំណូលពន្ធ

ចំណូលពន្ធគយ និងពន្ធដារ សម្រេចបានប្រមាណ ៣ពាន់លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ ២០១៩


ចំណូលពន្ធ​ប្រមាណ ៣ពាន់លានដុល្លារអាមេរិក ត្រូវបានស្ថាប័នប្រមូលចំណូលជាតិចំនួន គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារប្រមូលបាននៅឆមាសទី ១ ឆ្នាំ២០១៩នេះ បើធៀបនឹងឆមាសទី ១ឆ្នាំ ២០១៨ គឺមានការកើនឡើងប្រមាណជាង ៦០០ លានដុល្លារអាមេរិក នេះបើតាមរបាយការណ៍របស់​អគ្គនាយកដ្ឋានទាំងពីរនេះ។
ឯកឧត្តមគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គយកនៃអគ្គនាយកដ្ឋានពន្ធដារ (ឆ្វេង) និងឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា (ស្ដាំ)

ក្នុងនោះ បើតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករ ចំណូល​ដែលស្ថាប័នជាតិមួយនេះ ប្រមូលបាន​នៅ៦ខែ មកនេះ មានជាង ១.៤០០ លាន​ដុល្លារ​អាមេរិក​ កើនឡើងប្រមាណ ៣០០លាន​ដុល្លារ​អាមេរិក ធៀបរយៈពេលដូចគ្នា​ក្នុង​ឆ្នាំ២០១៨ គិតជាកំណើន គឺមាន​២៥,៥%។

លទ្ធផលចំណូលនេះ គឺត្រូវ​នឹង​ប្រមាណជា ៦៥% នៃផែនការឆ្នាំ ដែលកំណត់​ដោយច្បាប់ស្តី​ពីហិរញ្ញវត្ថុ​សម្រាប់ការ​គ្រប់គ្រងប្រចាំ​ឆ្នាំ​២០១៩។ បើប្រៀបធៀប​នឹងរយៈ​ពេល​ដូចគ្នា​ក្នុងឆ្នាំ​២០១៨ លទ្ធផលចំណូល​តាមប្រភេទ​ពន្ធ និងអាករ​សំខាន់ៗ​ដែលប្រមូល​ដោយ​គយ មានកំណើន​គួរឲ្យ​កត់សម្គាល់ ក្នុងនោះ ពន្ធគយ (ពន្ធនាំចូល) មាន​កំណើន​ជាង ជិត​៣៤%, អាករ​ពិសេស​កើន ជាង ៣១% និងអាករ​លើតម្លៃបន្ថែម (VAT) កើនជាង ២៨%។ 

សូមបញ្ជាក់ដែរថា មុខទំនិញជា​ប្រភព​ចំណូល​គយ​សំខាន់ៗរួមមាន.យានយន្ត និងគ្រឿង​ចក្រ​គ្របដណ្តប់​ប្រមាណជាង ៥២% នៃចំណូលសរុប។ ប្រេងឥន្ធនៈ និងថាមពល​មាន​ប្រមាណជាង ១៧% នៃចំណូល​សរុប និង.ទំនិញចម្រុះ ​និងគ្រឿងសំណង់​មានប្រមាណជាង ២៩% នៃចំណូល​សរុប។

ដោយឡែក បើ​យើងពិនិត្យ​ទៅមើល​ចំណូល​ពន្ធដារ ដែលអគ្គនាយក​ដ្ឋានពន្ធដារ ប្រមូលបាន នៅ៦ខែឆ្នាំ២០១៩នេះវិញម្ដង ឃើញថា គឺមាន​ខ្ពស់​ជាង​ចំណូល​គយបន្ដិច ពោលគឺ អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​បានចំណូល​រហូតដល់ជាង ១.៥០០ លាន​ដុល្លារអាមេរិក ស្មើនឹង៦៧% នៃផែនការ​ប្រចាំឆ្នាំ ពោលគឺ​បានកើនឡើង​ប្រមាណ ជាង ៣០០ លាន​ដុល្លារ​អាមេរិក ធៀប​នឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ 

បើតាម​ការលើកឡើង​របស់​ ឯកឧត្តម​គង់ វិបុល ប្រតិភូរាជ​រដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុក​អគ្គយក​នៃអគ្គនាយកដ្ឋាន​ពន្ធដារ​បានឲ្យដឹង​ថា ចំណូលពន្ធទាំងនេះ បានមកពីគ្រប់​វិស័យទាំងអស់​រួមមាន​ពន្ធលើប្រាក់​ចំណេញ​របស់​សហគ្រាស​មានការកើន​ឡើង ២៧ភាគរយ ពន្ធអាករលើ​តម្លៃបន្ថែម​កើនជាង ៣៦ភាគរយ អាករពិសេស​កើនជាង ២៤ភាគរយ ពន្ធលើ​ប្រាក់បៀរវត្សកើន​ជាង១២ភាគរយ ពន្ធប្រថាប់ត្រា​មានការ​កើនឡើងជាង ៥០ភាគរយ និងពន្ធ​អាជីវកម្ម​ជួលផ្ទះ និងដីធ្លីកើនឡើង៥៤ ភាគរយ។

គួរបញ្ជាក់ថា អគ្គនាយក​ដ្ឋានគយ និង រដ្ឋាករ និង អគ្គនាយកដ្ឋាន​ពន្ធដារ បាននិង​កំពុងដើរ​តួនាទី​ដ៏សំខាន់​ក្នុងការកៀរគរ​ប្រមូល​ចំណូល​ពន្ធជូនរដ្ឋ។ ស្ថាប័នជាតិ២នេះ បានប្រមូល​ចំណួល​ពន្ធ និងអាករ​ផ្សេងៗ បានរហូត​ដល់ទៅ​ជិត ៥ពាន់លាន​ដុល្លារ​អាមេរិក​ឯណោះ ក្នុងមួយឆ្នាំ។ នេះបើតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ទាំងពីរនេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពីក្រោយការផាក​ពិន័យ​ ក្រុមហ៊ុន ហ្វេសប៊ុក ៥ពាន់លាន​ដុល្លារ ទាក់ទឹង​នឹង​ការ​រំលោភបំពាន​​សិទ្ធិឯកជន​អ្នក​ប្រើប្រាស់​

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Facebook Inc ត្រូវបានរដ្ឋាភិបាលអាមេរិក ផាកពិន័យ ៥ពាន់លានដុល្លារអាមេរិក ដោយសារតែរកឃើញថាបានរំលោភ…

ធនាគារ ABA ទទួលបានកាអនុម័តឲ្យបោះផ្សាយមូលបត្របំណុលតម្លៃជាង ៣២លានដុល្លារ

ព័ត៌មាន
ធនាគារវឌ្ឍនៈ អាស៊ី ចំាកាត់ ហៅកាត់ថា ABA ទទួលបានការអនុម័តលើ សំណើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈហើយ ពីគណៈកម្មការមូលបត្រកម្ពុជា។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ