លោក Sauli Niinistö ប្រធានាធិបតីហ្វាំងឡង់បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយស៊ុយអែតមួយកាលពីថ្ងៃអាទិត្យ ទី ១៩ មីនា ថា៖ «វាពិតជាអាចទៅរួចដែលហ្វាំងឡង់នឹងចូលជាសមាជិកណាតូមុនស៊ុយអែត»។ លោកបានបន្តថា សួរថាតើនៅទីបំផុតតួកគីនឹងផ្តល់សច្ចាប័នឱ្យហ្វាំងឡង់ និងស៊ុយអែតទេ លោកថា ទីក្រុងអង់ការ៉ានឹងយល់ព្រមក្នុងកាលទេសៈមួយដ៏លំបាក។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងអង់ការ៉ា ប្រទេសតួកគី លោក នីនីស្តូ បានជួបជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ដោយមេដឹកនាំតួកគីរូបនេះ បានលើកឡើងថា រដ្ឋាភិបាលរបស់លោកនឹងឆ្ពោះទៅរកការផ្តល់សច្ចាប័នឱ្យហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូឱ្យបានឆាប់ ប៉ុន្តែនឹងមិនបើកភ្លើងខៀវឱ្យប្រទេសស៊ុយអែតចូលជាសមាជិកនៅឡើយទេ ល្គឹកណាជម្លោះរវាងទីក្រុងអង់ការ៉ា និងទីក្រុងស្តុកខុលមិនទាន់បានដោះស្រាយរួចនោះ។
ជាមួយគ្នានោះ ប្រធានាធិបតីតួកគីលោក Tayyip Erdogan បាននិយាយថា សភាគួកគីនឹងចាប់ផ្តើមដំណើរការផ្តល់សច្ចាប័នឱ្យប្រទេសហ្វាំងឡង់ចូលជាសមាជិកពេញសិទ្ធិរបស់ណាតូ។ ការសន្យានេះបើនៅទីបំផុតបានសម្រេចមែន នោះវានឹងពង្រីកចំនួនសមាជិកអង្គការសម្ព័ន្ធយោធាមួយនេះកាន់តែធំ និងកាន់តែមានឥទ្ធិពលនៅចំពោះមុខការគំរាមកំហែងសន្តិសុខពីសំណាក់រុស្ស៊ីដោយសារតែសង្គ្រាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន។
ទោះយ៉ាងណា ប្រធានាធិបតីហ្វាំងឡង់រូបនេះបានគូសបញ្ជាក់ថា ស៊ុយអែត និងហ្វាំងឡង់ក៏កំពុងស្ថិតក្នុងដំណាក់កាលចរចារជាមួយសហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីដាច់ដោយឡែកផ្សេងគ្នាទៀតផងដែរ។ គួរជម្រាបថា ចាប់តាំងពីប្រកាសឈានជើងចូលជាសមាជិកនៃអង្គការណាតូកាលពីខែមីនាឆ្នាំមុនមក ប្រទេសទាំងពីរបានសច្ចានឹងចូលរួមក្នុងសម្ព័ន្ធភាពយោធាលោកខាងលិចផងដែរ ដោយបានបោះបង់ចោលជំហរមិនចូលបក្សសម្ព័ន្ធក្នុងរយៈពេលជាច្រើនទសវត្សន៍មកនេះ។
ទោះជាយ៉ាងណាក៏ដោយ ណាតូត្រូវការការយល់ព្រមការអនុម័តជាឯកច្ឆ័ន្ទក្នុងចំណោមសមាជិកទាំង៣០របស់ខ្លួនក្នុងការទទួលយក និងបើកភ្លើងខៀវឱ្យប្រទេសហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិកពេញសិទ្ធិ ខណៈដែលមកទល់នឹងពេលនេះ គឺនៅសល់តែប្រទេសគួកគី និងហុងគ្រីទេ ដែលមិនទាន់ផ្តល់សច្ចាប័នតាមសំណើរនៃប្រទេសទាំងពីរ៕