
អភិបាលរដ្ឋបាលរដ្ឋញូសៅវែល លោក ដូមីនិក ភឺរ៉ូតថីត (Dominic Perrottet) បាននិយាយថា អូស្ត្រាលីត្រូវតែការចូលរួមឡើងវិញជាមួយពិភពលោក និងមិនអាចរស់នៅដាច់ឡែកពីគេដូចសព្វថ្ងៃនេះទេ! អូស្ត្រាលី ត្រូវតែបើកប្រទេសឡើងវិញ។ ការបើកទទួលអ្នកដំណើរឡើងវិញនេះ គឺធ្វើឡើងស្របពេលដែលការឆ្លងប្រចាំថ្ងៃនៅរដ្ឋញូវសៅវែលបានថយចុះជាបន្តបន្ទាប់ ពោលគឺធ្លាក់ចុះពីជាង ១ ពាន់ករណីមកនូវត្រឹមតែ ៤០៦ ករណីប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
ទន្ទឹមនឹងការបើកទទួលទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចនេះដែរ វានឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលី បន្ទាប់ពីរងការបំផ្លិចបំផ្លាញយ៉ាងដំណំក្នុងរលកឆ្លងកូវីដ១៩លើកទី៣នាពេលកន្លងនេះ ដោយបានបង្ខំឱ្យមានការបិទខ្ទប់ប្រទេសអស់រយៈពេលជិត ៤ខែមកហើយ។
សម្រាប់អ្នកដំណើរបរទេសទាំងអស់រួមទាំងពលរដ្ឋរបស់ប្រទេសអូស្រ្តាលីផងដែរ ត្រូវតែបង្ហាញប័ណ្ឌចាក់វ៉ាក់សាំង និងលិខិតតេស្តអវិជ្ជមានកូវីដ១៩ មុនពេលហោះហើរចូលមកទីក្រុងស៊ីដនី នៃរដ្ឋញ៉ូសៅវែល។
សូមរំឭកថា ផែនការបើកព្រំដែនឡើងវិញរបស់រដ្ឋាភិបាលរដ្ឋញូវសៅវែលត្រូវបានលើកឡើងតាំងពីខែកក្កដាមកម្ល៉េះ ដោយគ្រោងនឹងបើកទទួលជនជាតិអូស្ត្រាលីដែលបានចាក់វ៉ាក់សាំងរួច ព្រមទាំងទទួលអ្នកដំណើរអន្តរជាតិ ដែលមកពីប្រទេសមានហានិភ័យទាប ក្រោយពេលរដ្ឋមួយនេះ អាចសម្រេចបានអត្រាអ្នកចាក់វ៉ាក់សាំងគ្រប់ចំនួនដូសឈានដល់ ៨០%។ ទោះបីជាយ៉ាងណា គេរំពឹងរដ្ឋនេះត្រូវចំណាយពេលយ៉ាងហោចណាស់ប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ដើម្បីឈានទៅសម្រេចនូវគោលដៅចាក់វ៉ាក់សាំងដែលបានកំណត់នោះ។
យ៉ាងណាក៏ដោយចុះ នៅក្នុងប្រទេសអូស្រ្តាលីគឺមានតែរដ្ឋញូវសៅវែលមួយទេ ដែលគ្រោងបើកទទួលអ្នកដំណើរបរទេសនៅខែក្រោយនេះ ខណៈដែលរដ្ឋផ្សេងទៀតដូចជា រដ្ឋឃ្វីនឡែន និងរដ្ឋនៅភាគខាងលិចប្រទេសមិនទាន់បើកព្រំដែនរបស់ខ្លួននៅឡើយទេ រហូតទាល់តែអត្រាអ្នកចាក់វ៉ាក់សាំងក្នុងរដ្ឋទាំងនោះមានកម្រិតខ្ពស់ និងអត្រាឆ្លងមានការធ្លាក់ចុះ ទើបរដ្ឋាភិបាលនឹងសម្រេចបើកឡើងវិញ៕