ព្យុះសង្ឃរា “កយនុយ ” ត្រូវបានគេដឹងថា បានបោកបក់កាត់ភាគខាងត្បូងកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ដោយបានសម្លាប់មនុស្សម្នាក់ របួស៣០៤នាក់ និងបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ លិចផ្ទះ និងអគារជាច្រើន រហូតបង្ខំឱ្យមនុស្សរាប់លាននាក់ នៅក្នុងទីក្រុងជាច្រើនខកខានការងារ។
នៅពេលកកើតដំបូងនៅមហាសមុទ្រ ព្យុះនេះជាព្យុះសង្ឃរាកម្រិត៣ ប៉ុន្តែក្រោយពេលបានបក់មកភាគខាងត្បូងកោះតៃវ៉ាន់ វាបានក្លាយជាព្យុះសង្ឃរាកម្រិត៤ នៅក្នុងកម្លាំងបោកបក់ ២៥២គីឡូម៉ែត្រនៅក្នុងមួយម៉ោង។ គេរំពឹងថា ព្យុះនេះនឹងអាចថយឥទ្ធិពលបន្តិចទៀត នៅពេលវាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយឆ្ពោះទៅកាន់ខេត្តក្វាងទុង។
ពាក់ព័ន្ធនឹងព្យុះនេះ អាជ្ញាធតៃវ៉ាន់ បានប្រកាសផ្អាកជើងហោះហើរសរុបចំនួន៧០ ដើម្បីការពារសុវត្ថិភាព ហើយបានប្រកាសបិទសាលា និងការងារគ្រប់កន្លែងនៅភាគខាងត្បូងកោះតៃវ៉ាន់។
តាមការព្យាករបន្ទាប់ពីបុកកោះតៃវ៉ាន់ព្យុះនេះនឹងធ្វើដំណើរឆ្ពោះទៅខេត្តក្វាងទុង និង ហ្វូជៀន ភាគខាងត្បូងប្រទេសចិន ហើយបន្ទាប់មកទីក្រុងហុងកុង។ ប៉ុន្តែឥទ្ធិពលរបស់វាទំនងជានឹងចុះខ្សោយបន្ថែមទៀត។ ពាក់ព័ន្ធនឹងព្យុះនេះដែរ វៀតណាមដែលជាប្រទេសទទួលគ្រោះមហន្តរាយនេះច្រើននៅក្នុងមួយឆ្នាំៗ ក៏បានតាមដានយ៉ាងជាប់ ប៉ុន្តែពុំបានព្រមានធ្ងន់ធ្ងរឡើយ។
មជ្ឈមណ្ឌលព្យាករឧតុនិយមជាតិវៀតណាម បានអះអាងថា ព្យុះនេះអាចនឹងថមថយឥទ្ធិពលរបស់វាដោយសារតែល្បឿននៃខ្យល់បានថយចុះពី១៥០គីឡូម៉ែត្រ នៅក្នុងមួយម៉ោងនៅសមុទ្រខាងកើត ចុះរហូតដល់១៥គីឡូម៉ែត្រ នៅក្នុងមួយម៉ោងនៅពេលមកដល់ឆ្នេរ។
ដោយសារតែកម្រិតល្បឿនខ្យល់នៅសមុទ្រនៅលឿន ដូច្នេះអាជ្ញាធរវៀតណាម បានផ្តល់ការណែនាំឲ្យគ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនតាមសមុទ្រឱ្យបានតឹងរឹង ហើយក៏ត្រូវត្រៀមសម្ភារនិងឧបករណ៍សង្រ្គោះបន្ទាន់នៅក្នុងករណីបន្ទាន់ណាមួយកើតឡើង។
ដោយសារតែព្យុះនេះ សារព័ត៌មាននៅក្នុងប្រទេសវៀតណាម បានរាយការណ៍ថា ជើងហោះហើរមួយចំនួន ដែលភ្ជាប់ពីកោះតៃវ៉ាន់ មកគោលដៅនានានៅវៀតណាម ត្រូវបានកែសម្រួល ហើយចាប់ពីយប់ថ្ងៃទី៥ រហូតដល់ព្រឹកថ្ងៃទី៦ ខែតុលា នេះ អាជ្ញាធរវៀតណាមបានជូនដំណឹងឲ្យក្រុមហ៊ុនអាកាសចរណ៍ប្រើប្រាស់យន្តហោះធុនធំ ដើម្បីធ្វើប្រតិបត្តិការដឹកជញ្ជូន ពោលគឺយន្តហោះអ៊ែបឹស A350 និងប៊ូអ៊ីង 787។
ពាក់ព័ន្ធនឹងព្យុះ កយនុយ នេះដែរ ក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជា បានបញ្ជាក់ថា ព្យុះនេះកំពុងបន្តដំណើរឆ្ពោះមកទិសខាងលិច ហើយនឹងរលាយឥទ្ធិពល។ ព្យុះនេះពុំមានឥទ្ធិពលដល់កម្ពុជានោះទេ៕