
កាសែតរដ្ឋចិន Global Times បានរាយការណ៍ថា ក្រុមហ៊ុន Foxconn ដែលមានទីស្នាក់ការកណ្ដាលនៅកោះតៃវ៉ាន់ បានចុះបញ្ជីជាផ្លូវការជាក្រុមហ៊ុន Hon Hai Precision Industry Co., Ltd និងមានការិយាល័យរបស់ខ្លួននៅក្នុងខេត្តក្វាងទុង និងខេត្តជាំងស៊ូ នៅប្រទេសចិន ហើយពេលនេះមន្ត្រីពន្ធដារចិន កំពុងស៊ើបអង្កេតលើក្រុមហ៊ុននេះ។
កាសែតនេះបានរាយការណ៍ថា ក្រសួងធនធានធម្មជាតិ របស់ចិននឹងស៊ើបអង្កេតនៅនឹងកន្លែងទៅលើការប្រើប្រាស់ដីរបស់សហគ្រាសនៃក្រុមហ៊ុន Foxconn នៅខេត្តហេណាន និងខេត្តហ៊ូប៉ី និងកន្លែងដទៃទៀត ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីការស៊ើបអង្កេត ឬពេលវេលានៃការស៊ើបអង្កេតនេះនោះទេ។ ភ្លាមៗនេះ ក្រុមហ៊ុន Foxconn មិនបានឆ្លើយតបចំពោះការចោទប្រកាន់នេះនោះទេ។
លោក ហ្សាង វេនសេង ព្រឹទ្ធបុរសរងនៃវិទ្យាស្ថានស្រាវជ្រាវតៃវ៉ាន់ នៅសាកលវិទ្យាល័យ សៀ ម៉ិន (Xiamen) បានប្រាប់សារព័ត៌មាន Global Times នៅក្នុងបទសម្ភាសមួយថា សវនកម្មពន្ធដារ និងការស៊ើបអង្កេតលើការប្រើប្រាស់ដីធ្លី ដែលធ្វើឡើងដោយក្រសួងពាក់ព័ន្ធនេះ គឺដោយសារមានសហគ្រាសមួយ ដែលសង្ស័យថា បានបំពានច្បាប់ និងបទប្បញ្ញត្តិ ហើយនេះគឺជានីតិវិធីធម្មតាតែប៉ុណ្ណោះ។
លោក ហ្សាង បាននិយាយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Foxconn មានកាតព្វកិច្ចសហការយ៉ាងសកម្មជាមួយសវនកម្ម និងការស៊ើបអង្កេតនេះ ហើយប្រសិនបើពិតជាមានការបំពានច្បាប់ និងបទប្បញ្ញត្តិមែននោះ ក្រុមហ៊ុនទាំងនេះគួរតែទទួលស្គាល់កំហុស និងទទួលយកការពិន័យ និងបង្កើនការកែតម្រូវផងដែរ។
ភាពតានតឹងបានកើនឡើងខ្លាំងរវាងចិន និងតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលចិនទាមទារឱ្យកោះតៃវ៉ាន់ ដែលគ្រប់គ្រងស្វ័យប្រជាធិបតេយ្យជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ភាគីទាំងពីរបានបែកបាក់គ្នានៅឆ្នាំ១៩៤៩ បន្ទាប់ពីសង្គ្រាមស៊ីវិល ហើយគ្មានទំនាក់ទំនងផ្លូវការណាមួយទេ ប៉ុន្តែត្រូវបានភ្ជាប់ដោយពាណិជ្ជកម្ម និងការវិនិយោគរាប់ពាន់លានដុល្លារ។
ប៉ុន្តែភាពតានតឹងទ្វេភាគីបានហក់ចូលក្នុងវិស័យសេដ្ឋកិច្ចម្តងម្កាលផងដែរ ដោយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានហាមប្រាមលើការនាំចូលពីតៃវ៉ាន់នូវផ្លែម្នាស់ ត្រីតុកកែ (grouper fish) និងផលិតផលកសិកម្មផ្សេងទៀត ប៉ុន្តែចិនបានបដិសេធយ៉ាងទូលំទូលាយពីការកំណត់គោលដៅទៅលើក្រុមហ៊ុនតៃវ៉ាន់ ដែលមានប្រតិបត្តិការនៅលើចិនដីគោក៕
អត្ថបទ៖ សុខ ជា