បន្ទាប់ពីមានការគ្រប់គ្រងកូវីដ១៩បានអស់រយៈពេលជាច្រើនខែមក ឥឡូវនេះ កោះតៃវ៉ាន់កំពុងផ្ទុះការរាលដាលកាន់តែខ្លាំងដែលជាករណីឆ្លងចូលក្នុងសហគមន៍ទ្រង់ទ្រាយធំតែម្ដង នៅចំពេលដែល កោះតៃវ៉ាន់នេះ មានប្រជាជនដែលបានចាក់វ៉ាក់សាំងរួចតែប្រហែល១%ប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប។ យ៉ាងណាក៏ដោយ កោះតៃវ៉ាន់ក៏មានការកម្ម៉ង់ទិញវ៉ាក់សាំង៣០លានដូស ពីក្រុមហ៊ុនអង់គ្លេស AstraZeneca, Moderna និងក្រុមហ៊ុនក្នុងស្រុកចំនួន២ផ្សេងទៀតផងដែរ។
តាមប្រភពពី Reuters បានឲ្យដឹងទៀតថា កោះតៃវ៉ាន់ក៏បានស្ដីបន្ទោសចំពោះទីក្រុងប៉េកាំង ដែលមិនបានយល់ព្រមឲ្យមានកិច្ចព្រមព្រៀងទិញវ៉ាក់សាំង BioNTech ពីក្រុមហ៊ុនអាល្លឺម៉ង់នៅក្នុងឆ្នាំនេះ។ ដោយសារតែប្រឈមមុខនឹងសម្ពាធពីបក្សប្រឆាំង កោះតៃវ៉ាន់បាននិយាយថា ខ្លួននឹងអនុញ្ញាតឲ្យក្រុមហ៊ុនក្នុងស្រុកអាចដាក់ពាក្យស្នើសុំ ដើម្បីនាំចូលវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាជនផងដែរ។
លោក Terry Gou ម្ចាស់ក្រុមហ៊ុន Foxconn បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ផែនការមូលនិធិរបស់លោកនឹងដាក់ស្នើសុំនាំចូលវ៉ាក់សាំងកូវីដ-១៩ BioNTech ពីអាល្លឺម៉ង់ ៥លានដូស សម្រាប់តៃវ៉ាន់ក្នុងពេលខាងមុខនេះ ហើយការនាំចូលវ៉ាក់សាំងនេះ គឺមិនមានការឆ្លងកាត់ឈ្មួញកណ្ដាលនោះទេ។ បើតាមលោក Gou គម្រោងនេះ កំពុងដំណើរការហើយ។
អាជ្ញាធរកោះតៃវ៉ាន់ ស្វាយគមន៍ចំពោះសប្បុរសធម៌ ដែលចូលរួមក្នុងការទិញវ៉ាក់សាំងសម្រាប់ប្រជាជន ប៉ុន្ដែ វាអាស្រ័យលើរដ្ឋាភិបាលកណ្ដាលត្រូវចុះហត្ថលេខាលើកិច្ចសន្យា និងការចែកចាយវ៉ាក់សាំងទាំងនោះ។
សូមបញ្ជាក់ថា តៃវ៉ាន់គិតត្រឹមថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ មានអ្នកឆ្លងសរុបកើនដល់ជាង ៧ពាន់រយនាក់ហើយ និងមានអ្នកស្លាប់ចំនួន៩៩នាក់៕