តើសេដ្ឋកិច្ចកោះតៃវ៉ាន់កើនឡើង ត្រូវបានជំរុញដោយវិស័យអ្វីខ្លះ? មែនទែនទៅ កោះតៃវ៉ាន់ ត្រូវបានគេស្គាល់ថា គឺជាមូលដ្ឋានដ៏សំខាន់បំផុតមួយ ក្នុងការផលិតឧបរណ៍បច្ចេកវិទ្យាពិសេសបន្ទះឈីបតែម្ដង។ តួយ៉ាង កំណើនសេដ្ឋកិច្ចកោះតៃវ៉ាន់នៅឆ្នាំ២០២១ ត្រូវបានជំរុញពីក្រោយដ៏ខ្លាំងក្លា ដោយការនាំចេញផលិតផលបច្ចេកវិទ្យា ពិសេសនៅអំឡុងពេលកូវីដ១៩រាតត្បាត ក្នុងការគាំទ្រដល់តម្រូវការការធ្វើការងារ និងការសិក្សា ស្របពេលដែលទំនុកចិត្តអ្នកប្រើប្រាស់ក៏កំពុងងើបឡើងវិញផងដែរ។
នៅឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបរបស់កោះតៃវ៉ាន់បានកើនឡើងជាង ៦% ធៀបនឹងឆ្នាំ២០២០ មានកំណើនត្រឹមតែជាង ៣%ប៉ុណ្ណោះ។ កំណើននៅឆ្នាំ២០២១ គឺជាអត្រាកំណើនមួយលឿនបំផុតមិនធ្លាប់មាន គិតតាំងពីឆ្នាំ២០១០ ដែលធ្លាប់មានកំណើនជាង ១០%។
នៅក្នុងនាមជាមជ្ឈមណ្ឌលដ៏សំខាន់ នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកលលោក ដូចជាក្រុមហ៊ុន Apple ជាដើម សេដ្ឋកិច្ចកោះតៃវ៉ាន់ មានការលូតលាស់សេដ្ឋកិច្ចយ៉ាងល្អប្រសើរធៀបនឹងដៃគូនៅក្នុងតំបន់ ពិសេសការនាំចេញបន្ទះឈីបតែម្ដង។ ការនាំចេញរបស់កោះតៃវ៉ាន់ កើនឡើងជិត៣០% នៅក្នុងឆ្នាំ២០២១ ដែលជាអត្រាកំណើនខ្ពស់ ហើយសេដ្ឋកិច្ចកោះដែនមួយនេះ ក៏បន្ដទទួលបានប្រយោជន៍កាន់តែច្រើន ពីតម្រូវការកើនឡើងខ្ពស់សម្រាប់ការនាំចេញផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់ និងបន្ទះឈីប។
ទោះយ៉ាងណា នៅឆ្នាំនេះការនាំចេញរបស់កោះតៃវ៉ាន់ ត្រូវបានស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច Capital Economics អះអាង ទំនងជានឹងមិនអាចកើនឡើងដូចឆ្នាំកន្លងទៅនោះទេ ដោយសារតែបញ្ហាប្រឈមទាក់ទងនឹងការកើនឡើង អតិផរណាខ្ពស់ និងការគាំទ្រសារពើពន្ធធ្លាក់ចុះ បង្កឲ្យប៉ះពាល់ដល់ការចំណាយលើវិស័យលក់រាយនៅក្នុងទីផ្សារសំខាន់ៗ។ ហានិភ័យមួយទៀតនោះ គឺសេដ្ឋកិច្ចចិនមានកំណើនយឺត ខណៈដែលចិនក៏ជាដៃគូពាណិជ្ជកម្មធំមួយរបស់កោះតៃវ៉ាន់ផងដែរ។
សូមបញ្ជាក់ថា សេដ្ឋកិច្ចចិន នៅឆ្នាំ២០២១ បានកើនឡើង៨,១% ដែលជាកំណើនមួយខ្ពស់ជាងការរំពឹងទុក ប៉ុន្ដែ សេដ្ឋកិច្ចមហាអំណាចទី២ក្នុងពិភពលោកមួយនេះ ក៏ត្រូវបានគេមើលឃើញថា ហាក់មានការកើនឡើងយឺត គិតតាំងពីត្រីមាសទី២ឆ្នាំ២០២០មក ដោយសារតែវិស័យប្រើប្រាស់មានការចុះទន់ខ្សោយ និងបញ្ហាធ្លាក់ចុះនៅក្នុងវិស័យអចលនទ្រព្យជាដើម៕