រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានថ្លែងកាលពីថ្ងៃទី៣១ ខែតុលា ថា លោក ដូណាល់ ត្រាំ មានឆន្ទៈចង់ជួបជាមួយលោក គីម ជុងអ៊ុន ប្រសិនបើកូរ៉េខាងជើង ត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធសហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តរបស់ខ្លួន ជាពិសេសកូរ៉េខាងត្បូង។ ទោះជាយ៉ាងណា លោក បានបញ្ជាក់ថា មិនទាន់មានជំនួបណាមួយត្រូវបានកំណត់ពេលនៅឡើយទេ។ គួររំឭកថា លោក ត្រាំ ធ្លាប់បានជួបជាមួយលោក គីម ជុងអ៊ុន ចំនួន៣លើករួចមកហើយអំឡុងអាណត្តិប្រធានាធិបតីដំបូងរបស់លោក។
លទ្ធភាពនៃជំនួបជាថ្មីនេះក៏បានបង្កើនការរំពឹងទុកថា មេដឹកនាំទាំងពីរអាចនឹងមានឱកាសជួបគ្នានៅក្រៅកិច្ចប្រជុំកំពូល APEC នៅខែក្រោយក្នុងប្រទេសចិន ដែលលោក ត្រាំ ត្រូវបានគេរំពឹងថា នឹងចូលរួមផងដែរ។
ទន្ទឹមនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញឱ្យកូរ៉េខាងជើង លុបបំបាត់អាវុធនុយក្លេអ៊ែទាំងស្រុងក្នុងជំនួបពិភាក្សាមួយនៅក្រៅកិច្ចប្រជុំ G20 នៅសហរដ្ឋអាម៉េរិក។ ប្រទេសទាំង៣ ក៏បានសន្យាផងដែរថា នឹងអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ឱ្យបានពេញលេញ ដើម្បីរឹតត្បិតប្រភពហិរញ្ញប្បទានសម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែ និងមីស៊ីលរបស់កូរ៉េខាងជើង។
ទោះជាយ៉ាងណា កូរ៉េខាងជើង បានច្រានចោលម្តងហើយម្តងទៀតចំពោះការអំពាវនាវឱ្យខ្លួនបោះបង់អាវុធនុយក្លេអ៊ែ ដោយអះអាងថា ឋានៈរបស់ខ្លួនជារដ្ឋមានអាវុធនុយក្លេអ៊ែ គឺជាឋានៈអចិន្ត្រៃយ៍ និងមិនអាចផ្លាស់ប្តូរបានជាដាច់ខាត។ ការវិវត្តចុងក្រោយនេះ បានបង្ហាញពីបញ្ហាប្រឈមដ៏ស្មុគស្មាញសម្រាប់ទីក្រុងវ៉ាស៊ីនតោន ដែលកំពុងព្យាយាមរក្សាលទ្ធភាព នៃការសន្ទនាជាមួយទីក្រុងព្យុងយ៉ាង ខណៈនៅតែបន្តដាក់សម្ពាធលើប្រទេសនេះឱ្យបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួន៕