រីឯ ប្រទេសចិនវិញ ក៏បានប្រកាសដែរថា ខ្លួននឹងនៅតែបន្ដធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ខ្លួននៅព័ទ្ធជុំវិញកោះតៃវ៉ាន់ដដែល បើទោះបីជា ការធ្វើសមយុទ្ធនេះ ធ្លាប់បានប្រកាសជាមុនថា នឹងត្រូវបានបិទបញ្ចប់នៅថ្ងៃអាទិត្យ ទី៧ ខែសីហាក្ដី។ ប្រការនេះ កំពុងបង្កជាក្ដីបារម្ភកាន់តែខ្លាំងបន្ថែមទៀត ចំពោះភាពតានតឹងនៅច្រកសមុទ្រនៃកោះតៃវ៉ាន់។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានប្រាប់ទៅលោក រ៉ាហ្វ ហ្កូនស្លេវ (Ralph Gonslaves) ដែលជានាយករដ្ឋមន្ត្រីប្រទេសកោះ សាំងវីនសេន និងឌឹហ្គ្រីណាឌីនីស ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ទីក្រុងតៃប៉ិកថ្ងៃចន្ទនេះថា លោកស្រីពិតជា «មានការរំជួលចិត្តយ៉ាងខ្លាំង»ចំពោះដំណើរទស្សនកិច្ចនេះ។ ចំពេលដែល មានការធ្វើដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រទេសកោះនៃតំបន់សមុទ្រការ៉ាប៊ីនេះដែរ យោធាចិននៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ក៏បាននិយាយអះអាងដែរថា ខ្លួននឹងបន្តធ្វើសមយុទ្ធនៅក្នុងសមុទ្រ និងតាមអាកាសជុំវិញកោះតៃវ៉ាន់បន្តទៀត ហើយភាគីចិនក៏មិនទាន់មានការបញ្ជាក់ច្បាស់ថា នឹងបិទបញ្ចប់ទៅវិញនៅថ្ងៃណាដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
បើតាមទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនភាគខាងកើតបាននិយាយនៅលើបណ្តាញសង្គមចិនវីបៅ (Weibo) ថា ខ្លួននឹងបន្តធ្វើសមយុទ្ធដោយរួមមានប្រតិបត្តិការប្រឆាំងនាវាមុជទឹក និងការវាយប្រហារតាមសមុទ្រផ្សេងៗទៀត។
គួរជម្រាបថា ប្រទេសសាំងវីនសេន និងឌឹហ្គ្រីណាឌីនីស គឺជាប្រទេសដីកោះមួយ ដែលនៅអាមេរិកខាងត្បូង ក្នុងចំណោមប្រទេសមួយចំនួនទៀត ដែលមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ ហើយលោកបានបញ្ជាក់ថា រ៉ាហ្វ ហ្កូនស្លេវ (Ralph Gonslaves) នាយករដ្ឋមន្ត្រីនៃប្រទេសនេះ អះអាងថា ដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងបន្តស្វែងរកសន្តិភាព សន្តិសុខរវាងកោះទាំងពីរនេះ។
គេនៅចាំមិនទាន់ភ្លេចនោះឡើយ នាសប្ដាហ៍មុននេះ ពោលគឺ នៅមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីប្រទេសសាំងវីនសេន និងឌឹហ្គ្រីណាឌីនីសនៅកោះតៃវ៉ាន់ លោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាអាមេរិកក៏បានធ្វើដំណើរទស្សនកិច្ចនៅតៃវ៉ាន់ដែរ ហើយតាំងនោះមក ទីក្រុងប៉េកាំងបានកំញើញអាមេរិក និងតៃវ៉ាន់យ៉ាងសម្បើមដោយការធ្វើប្រតិបត្តិការយោធា ព័ទ្ធជុំជិតកោះតៃវ៉ាន់តាំងពីថ្ងៃទី៤ ខែសីហាមកម្ល៉េះ។
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃទី ៧ សីហា ថា សហរដ្ឋអាមេរិកបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយកំពុងគាំទ្រកងកម្លាំង «ឯករាជ្យតៃវ៉ាន់» និងមានចេតនាចង់បំផ្លាញសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
លោកវ៉ាង យី ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសបង់ក្លាដែសបាននិយាយថា៖ «សហរដ្ឋអាមេរិកមិនដែលយកចិត្តទុកដាក់នឹងការជូនដំណឹង និងការព្រមានម្តងហើយម្តងទៀតរបស់ប្រទេសចិនឡើយ ដោយបែរងាកមករៀបចំនូវអ្វីដែលជា ដំណើរទស្សនកិច្ចរបស់រដ្ឋាភិបាលអាមេរិកទៅកាន់ដែនកោះតៃវ៉ាន់របស់ចិនទៅវិញ។
លោក វ៉ាង យីបញ្ជាក់ចំៗថា ពិភពលោកត្រូវតែយល់យ៉ាងច្បាស់ថា តៃវ៉ាន់មិនមែនជាផ្នែកមួយរបស់សហរដ្ឋអាមេរិកទេ ប៉ុន្តែជាចំណែកមួយនៃទឹកដីចិន។ បើទោះបីជាដឹងហើយ ភាគីអាមេរិកនៅតែប្តេជ្ញាចិត្តបន្តគាំទ្រតៃវ៉ាន់ទៀត ដែលសកម្មភាពនេះជាការរំលោភបំពានលើអធិបតេយ្យភាពរបស់ចិនយ៉ាងធ្ងន់ធ្ងរ។
រដ្ឋមន្រ្តីការបរទេសចិនរូបនេះបានសង្កត់ធ្ងន់ថា ទង្វើឥតកោតខ្លាចរបស់អាមេរិក ដែលគាំទ្រដល់កម្លាំង «ឯករាជ្យតៃវ៉ាន់»នេះ អាមេរិកត្រូវយល់ថា «ប្រទេសណាក៏ត្រូវការពារឯកភាពជាតិដែរ ហើយនឹងមិនអនុញ្ញាតឲ្យកម្លាំងបំបែកខ្លួនប្រព្រឹត្តទៅដោយរលូននោះទេ»។
លោក វ៉ាង យីគូសបញ្ជាក់ថា គណបក្ស DPP ដែលកំពុងកាន់អំណាចនៅក្នុងតំបន់តៃវ៉ាន់បានរួមបញ្ចូលការស្វែងរក "ឯករាជ្យ" នៅក្នុងកម្មវិធីគណបក្សរបស់ខ្លួន ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គណបក្សនេះបានព្យាយាមគ្រប់មធ្យោបាយ តាមដែលអាចធ្វើទៅបានដើម្បីស្វែងរក "ឯករាជ្យភាពតៃវ៉ាន់" និងបង្កើត "ប្រទេសចិនទីពីរ" ឬពុំហែកតៃវ៉ាន់ពីចិន ហើយលោកស្រី Pelosi បានគាំទ្រដោយបើកចំហចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយឈរជាមួយក្រុមផ្តាច់ខ្លួនប្រឆាំងនឹងប្រជាជនចិន។
បើតាមលោកវ៉ាង យី អាមេរិកចង់រៀបចំផែនដោយយកដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ីនេះ ក្នុងការឆ្លៀតឱកាសដើម្បីបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ថែមទាំងមានបំណង «ប្រើប្រាស់សន្លឹកបៀរតៃវ៉ាន់ ដើម្បីទប់ស្កាត់ឥទ្ធិពលចិន» តែម្តង។
ទោះយ៉ាងណា លោកអះអាងថា មានតែគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយប៉ុណ្ណោះ គឺជា «ច្បាប់មាស» ដើម្បីការគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ និងក៏ជា "វិធីសាស្ត្រដ៏មានប្រសិទ្ធភាព» សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខរបស់ពួកគេ៕