អាជ្ញាធរតៃវ៉ាន់កំពុងបិទរោងភាពយន្ត និងទីកន្លែងកម្សាន្តនានា រហូតដល់ថ្ងៃទី២៨ ខែឧសភា និងរឹតត្បិតការជួបជុំគ្នា ដោយអនុញ្ញាតបានតែត្រឹម ៥នាក់សម្រាប់ការជួបជុំក្នុងផ្ទះ និង មិនឲ្យលើស ១០នាក់ សម្រាប់ការជួបជុំនៅខាងក្រៅ ។
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានអំពាវនាវឲ្យសាធារណជន សូមកុំនាំគ្នាភ័យស្លន់ស្លោសម្រុកទិញគ្រឿងបរិភោគនិងសម្ភារប្រើប្រាស់ ។
តៃវ៉ាន់ កន្លងមក ត្រូវគេចាត់ទុកជាដែនដីដែលជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយដែនកោះដែលមានប្រជាជនសរុប ២៣លាននាក់នេះ បានកត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួនតែ ១៦៨២ករណី និងស្លាប់តែ ១២នាក់ប៉ុណ្ណោះ ។
ប៉ុន្តែ គ្រាន់តែមួយថ្ងៃនៅថ្ងៃអាទិត្យកន្លងទៅនេះ កោះតៃវ៉ាន់មានអ្នកឆ្លងកូវីដ-១៩ ថ្មី ដល់ទៅ ២០៧នាក់ ។
ភាពជោគជ័យកន្លងមករបស់តៃវ៉ាន់ ត្រូវបានគេគិតថា ដោយសារតែវិធានការទាន់ពេលវេលារបស់រដ្ឋាភិបាលក្នុងគ្រប់គ្រងព្រំដែនតឹងរ៉ឹង ការដាក់បម្រាមទៅលើភ្ញៀវទេសចរបរទេស និងការកំណត់ឲ្យធ្វើចត្តាឡីស័កជាកាតព្វកិច្ច ចំពោះពលរដ្ឋតៃវ៉ាន់ទាំងអស់ដែលវិលត្រឡប់ចូលប្រទេសវិញ ៕