
គណៈរដ្ឋមន្ត្រីថៃ បានអនុម័តពន្ធកាបូន កាលពីចុងខែមករា ហើយនឹងចូលជាធរមាននៅក្នុងខែកុម្ភៈ នេះ។ ពន្ធកាបូននេះនឹងតម្រូវឱ្យក្រុមហ៊ុនផលិតប្រេងដូចជាសាំង និងឥន្ធនៈអាកាសចរណ៍ជាដើម ត្រូវបង់ពន្ធប្រមាណ៦ដុល្លារក្នុងមួយតោន នៃការបំភាយកាបូនឌីអុកស៊ីត នៅពេលដឹកជញ្ជូន។
មន្ត្រីរដ្ឋាភិបាលថៃ បានអះអាងថា ពន្ធកាបូននេះនឹងត្រូវជំនួសពន្ធទំនិញ ដែលមានស្រាប់មួយចំនួន ដូច្នេះបន្ទុករបស់ក្រុមហ៊ុន និងអ្នកប្រើប្រាស់នឹងមិនកើនឡើងនោះទេ ប៉ុន្តែអត្រាពន្ធនេះត្រូវបានរំពឹងថា នឹងកើនឡើងថែមទៀតនាពេលខាងមុខ ដើម្បីជំរុញឱ្យក្រុមហ៊ុនកាត់បន្ថយការបំភាយឧស្ម័ន។
ក្រៅពីថៃ ប្រទេសម៉ាឡេស៊ី ក៏គ្រោងបង្កើតពន្ធកាបូនសម្រាប់ឧស្សាកម្មដែកថែប និងថាមពលនៅត្រឹមឆ្នាំ២០២៦ ផងដែរ ប៉ុន្តែមិនទាន់បានបញ្ជាក់លម្អិតអំពីអត្រាពន្ធជាក់លាក់នៅឡើយទេ។ នៅក្នុងសុន្ទរកថាមួយកាលពីខែតុលា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ប្រាក់ចំណូលបានមកពីពន្ធកាបូននឹងត្រូវប្រើប្រាស់ដើម្បីផ្តល់មូលនិធិដល់ការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យបរិស្ថាន។
ទន្ទឹមនេះ ប្រទេសឥណ្ឌូនេស៊ី អាចនឹងដាក់ចេញវិធានការពន្ធលើកាបូនក្នុងពេលឆាប់ៗខាងមុខនេះ។ កាលពីឆ្នាំ២០២១ រដ្ឋាភិបាលរបស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ាននេះបានអនុម័តច្បាប់មួយ ដើម្បីយកពន្ធប្រមាណជិត២ដុល្លារក្នុង១តោននៃការបំភាយឧស្ម័ន ប៉ុន្តែការអនុវត្តពន្ធនេះត្រូវបានពន្យារពេលម្តងហើយម្តងទៀត។
បណ្តាប្រទេសកំពុងអភិវឌ្ឍយល់ឃើញថា ប្រទេសជឿនលឿនគួរមានទំនួលខុសត្រូវបន្ថែមទៀតចំពោះវិធានការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដ្បិតប្រទេសទាំងនោះជាអ្នកដែលបញ្ចេញកាបូនឌីអុកស៊ីតទៅក្នុងបរិយាកាសច្រើនជាងគេ។ កត្តានេះហើយទើបជំរុញឱ្យបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួនកំពុងព្យាយាមបង្កើតពន្ធកាបូន ដើម្បីបង្កើនការយល់ដឹងពីតម្រូវការសម្រាប់ការកាត់បន្ថយកាបូននៅក្នុងតំបន់។
ធនាគារពិភពលោកបានព្យាករថា គ្រោះមហន្តរាយធម្មជាតិនឹងធ្វើឱ្យតំបន់អាស៊ានខាតបង់សេដ្ឋកិច្ចរហូតដល់១៨ពាន់លានដុល្លារ ដែលស្មើនឹង១%នៃផលិតផលក្នុងស្រុកសរុបរបស់ប្លុកនេះនៅរៀងរាល់១០០ឆ្នាំម្តង៕
អត្ថបទ៖ សុខ មង្គល