ជាក់ស្ដែង នៅជិត៩ខែ ឆ្នាំ២០២២ ចំណូលពន្ធផ្ទៃក្នុងដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារបានកើនដល់ជិត ២ពាន់៧រយលានដុល្លារ ស្មើនឹងជាង៩៥% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ នេះបើតាមការអះអាងរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។
នៅក្នុងជំនួបជាមួយវិស័យឯកជន ធុរជន ពាណិជ្ជករក្នុងវេទិកាស្តីពីពន្ធដារ-សភាពាណិជ្ជកម្មអាមេរិក (AMCHAM TAX FORUM) នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ឲ្យដឹងថា កំណែទម្រង់ពន្ធដារជាដំណើរការឥតឈប់ឈរ សម្រាប់អគ្គនាយកដ្ឋានពន្ធដារ ដោយបាននិងកំពុងបន្តកែលម្អនូវគោលនយោបាយចាំបាច់នានា និងធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ។
ឯកឧត្តម បានគូសបញ្ជាក់ថា នៅរយៈពេល៩ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធផ្ទៃក្នុងសរុបបានដល់ទៅប្រមាណជិត ២ពាន់៧រយលានដុល្លារដុល្លារអាមេរិក ស្មើនឹងជាង៩៥% នៃផែនការច្បាប់ដែលបានកំណត់។
ឯកឧត្តម គង់ វិបុល បញ្ជាក់បន្ថែមថា ដើម្បីឱ្យការរៀបចំមានភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា ព្រមទាំងឆ្លើយតបនឹងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ធានាភាពច្បាស់លាស់ ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព នីត្យានុកូលភាព និងសង្គតិភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធនោះ រាជរដ្ឋាភិបាលកំពុងរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធថ្មី ដែលត្រូវបានបញ្ចប់ការពិភាក្សា និងទទួលយកធាតុចូលកម្រិតក្រសួង-ស្ថាប័ន ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងកិច្ចពិភាក្សាកម្រិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយក្រសួងយុត្តិធម៌ ដើម្បីសិក្សាបំពេញបន្ថែមនូវចំណុចខ្វះខាតនានាផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ-អាករសរុបក្នុងចំនួនប្រមាណជាង ២ពាន់៧រយលានដុល្លារ កើនលើសផែនការជាង២៤%៕