រលកកម្ដៅដ៏អាក្រក់បំផុតត្រូវបានគេរំពឹងទុកថា នឹងកើតឡើងនៅចុងសប្តាហ៍នេះជាមួយសីតុណ្ហភាពខ្ពស់ជាងមុនបន្ថែមទៀតប្រហែល ៥-៨ អង្សាសេ ពោលគឺខុសជាងពេលធម្មតានៅទូទាំងភាគខាងជើង និងភាគពាយ័ព្យនៃប្រទេសឥណ្ឌា និងផ្នែកខ្លះទៀតនៅប្រទេសប៉ាគីស្ថាន។
យោងតាមលោក Scott Duncan អ្នកជំនាញខាងអាកាសធាតុក្ដៅខ្លាំងបាននិយាយថា មនុស្សជាងមួយពាន់លាននាក់នឹងត្រូវទទួលរងនូវកម្ដៅខ្លាំង គឺស្មើនឹងប្រហែល ១០% នៃចំនួនប្រជាជនពិភពលោក។
តំបន់ខាងលើនេះ រួមទាំងរដ្ឋធានីញូវដេលីដែរនោះ អាចនឹងមានសីតុណ្ហភាពក្ដៅខ្លាំងរហូតដល់ជាង ៤០ អង្សាសេនៅក្នុងពាក់កណ្តាលឆ្នាំនេះ ហើយពេលនោះរលកកម្ដៅនេះនឹងធ្វើឱ្យមនុស្សមិនអាចគេងលក់ស្រួលបានឡើយ។
ប៉ុន្តែវានឹងមានភាពធូរស្រាលតិចតួចនៅក្នុងអំឡុងពេលយប់ដោយសារសីតុណ្ហភាពនឹងបានធ្លាក់ចុះខ្លះៗដែរ ប៉ុន្តែវានៅតែស្ថិតនៅក្នុងកម្រិតអប្បបរមាមិនក្រោម ៣០ អង្សាសេនោះទេនៅក្នុងតំបន់ជាច្រើន។
ប្រសិនបើកម្ដៅនៅពេលយប់មានរយៈពេលយូរវាអាចបង្ហាញពីសញ្ញាប្រកបដោយគ្រោះថ្នាក់ដល់ជីវិតរបស់មនុស្សសត្វពីព្រោះរាងកាយរបស់មនុស្សបានរងកម្ដៅពេញមួយយប់ហើយក៏ស្រាប់តែមករងកម្ដៅខ្លាំងបន្ថែមទៀតនៅក្នុងពេលថ្ងៃដែលអាចធ្វើឱ្យខ្សោះជាតិទឹកក្នុងខ្លួន។
កត្តានេះបានបង្ហាញពីបញ្ហាចម្បងមួយសម្រាប់ប្រជាជនឥណ្ឌាដោយសារប្រជាពលរដ្ឋមួយភាគធំរស់នៅដោយគ្មានម៉ាស៊ីនត្រជាក់ដែលបង្កឱ្យមានស្ថានភាពគំរាមកំហែងដល់អាយុជីវិត ជាពិសេសសម្រាប់មនុស្សចាស់តែម្ដង។
ទីក្រុង បាមឺ (Barmer) ដែលជាទីក្រុងមួយនៅក្នុងប្រទេសឥណ្ឌាបាននិងកំពុងរងគ្រោះដោយសីតុណ្ហភាពក្ដៅខ្លាំងរួចស្រាប់ទៅហើយ គឺកើនឡើងរហូតដល់ជាង ៤៥ អង្សាសេនៅក្នុងសប្ដាហ៍នេះ ។
នៅក្នុងថ្ងៃដដែលនោះ ស្ថានីយ៍មួយកន្លែងនៅក្នុងប្រទេសប៉ាគីស្ថានបានបំបែកកំណត់ត្រាសម្រាប់សីតុណ្ហភាពអតិបរមា ខ្ពស់បំផុតនៅតំបន់អឌ្ឍគោលខាងជើង គឺកើនឡើងរហូតដល់ ៤៧ អង្សាសេឯណោះ។ នេះបើយោងតាមលោក ម៉ាស៊ីមីលៀណូ ហេរ៉េរ៉ា (Maximiliano Herrera) មន្ត្រីជំនាញខាងអាកាសធាតុក្ដៅខ្លាំង៕
អត្ថបទ៖ សុខ ជា