ថៃកំពុងប្រុងជើងការប្រយុទ្ធជាមួយកម្ពុជា

ភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ! តើការចោទប្រកាន់របស់យោធាថៃជាបន្តបន្ទាប់មកលើកម្ពុជាមានបង្កប់របៀបវារៈអ្វីនៅពីក្រោយ?


នាពេលថ្មីៗនេះស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃហាក់កើនឡើងកម្តៅជាថ្មី បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិថៃ បានបញ្ជាឱ្យកងទ័ពខ្លួន ដែលឈរជើងតាមព្រំដែនបង្កើនការប្រុងជើងការខ្ពស់ ដោយចោទប្រកាន់ថា មានការបាញ់កាំភ្លើង M79 ពីខាងភាគីកម្ពុជា។ ភ្លាមៗនោះ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ច្រានចោលទាំងស្រុង និងចាត់ទុកថាជាព័ត៌មានគ្មានមូលដ្ឋាន ដែលមានចេតនាចង់បង្កភាពតានតឹងជាមួយកម្ពុជា។ ក្រុមអ្នកជំនាញវិទ្យាសាស្ត្រនយោបាយមើលឃើញថា នេះអាចជាយុទ្ធសាស្ត្របង្វែរដានបញ្ហាផ្ទៃក្នុងរបស់ថៃ។
ថៃកំពុងប្រុងជើងការប្រយុទ្ធជាមួយកម្ពុជា
ដោយ

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយបានលើកឡើងថា ចេតនារបស់ភាគីថៃនាពេលនេះហាក់កំពុងព្យាយាមអូសទាញកម្ពុជាឱ្យធ្លាក់ចូលក្នុងអន្ទាក់សង្គ្រាមជាថ្មីម្ដងទៀត តាមរយៈការទម្លាក់កំហុសជាបន្តបន្ទាប់ ដើម្បីបង្កើតលេសក្នុងការប្រើប្រាស់កម្លាំងយោធា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ។ អ្នកជំនាញរូបនេះកត់សម្គាល់ថា ភាពបរាជ័យក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុង និងភាពចម្រូងចម្រាសជុំវិញការចង់លុបចោលអនុស្សរណៈយោគយល់គ្នា (MoU) គឺជាកត្តាជំរុញឱ្យយោធាថៃបង្កហេតុនៅតាមព្រំដែន។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា កម្ពុជាត្រូវតែត្រៀមលក្ខណៈឱ្យបានហ្មត់ចត់លើ៣ផ្នែកធំៗរួមមានផ្លូវច្បាប់អន្តរជាតិ កម្លាំងការពារជាតិ និងយុទ្ធសាស្ត្រការទូត។
ជាមួយគ្នានេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពសង្កេតឃើញថា ក្រុមជ្រុលនិយមក្នុងប្រទេសថៃតែងតែបំផុសគំនិតចង់ឈ្លានពានទឹកដីកម្ពុជានៅពេលដែលពួកគេមើលឃើញឱកាស ឬចង់ផ្គាប់ចិត្តចរន្តជាតិនិយមជ្រុលក្នុងស្រុក។ លោកយល់ថា កម្ពុជាត្រូវតែពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងកសាងសមត្ថភាពការពារជាតិឱ្យកាន់តែខ្លាំងក្លា ដើម្បីរក្សាសុវត្ថិភាពព្រំដែន និងការពារអធិបតេយ្យភាពជាតិនៅលើឆាកអន្តរជាតិ។
គួររំលឹកថា កាលពីថ្ងៃទី១៥ ខែឧសភា ក្រសួងការពារជាតិកម្ពុជាបានចេញមកប្រកាសច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបាញ់កាំភ្លើង M79 ចូលទីតាំងយោធាថៃនៅតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហារ។ កម្ពុជាចាត់ទុកថា នេះគឺជាយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាអាក្រក់ដើម្បីបំផ្លាញសន្តិភាព និងស្ថិរភាពនៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរតែប៉ុណ្ណោះ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ក្រោយលោក ត្រាំ ចាកចេញ លោក ពូទីន ត្រៀមហោះទៅក្រុងប៉េកាំង ដើម្បីពង្រឹងសម្ព័ន្ធភាពដែកថែប

មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី២០ ខែឧសភា ខាងមុខនេះ ពោលគឺត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ