រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក អាបាស អារ៉ាក់ជី (Abbas Araghchi) បានចោទប្រកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួមថា បានចូលរួមដោយផ្ទាល់នៅក្នុងប្រតិបត្តិការយោធាវាយប្រហារប្រទេសអ៊ីរ៉ង់ និងបានរិះគន់ទីក្រុងក្រុង Abu Dhabi ចំពោះការមិនថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាម៉េរិក-អ៊ីស្រាអែលមកលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយថា អ្នកដែលឃុបឃិតជាមួយអ៊ីស្រាអែលនឹងត្រូវទទួលខុសត្រូវ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់តំណាងប្រទេសអេមីរ៉ាតអារ៉ាប់រួម រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ មិនបាននិយាយចំឈ្មោះប្រទេសអេមីរ៉ាតអារ៉ាប់រួមនោះទេ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS ដើម្បីជាប្រយោជន៍នៃការឯកភាពគ្នា។ ប៉ុន្តែការពិតមិនអាចប្រកែកបាន គឺថាប្រទេសអេមីរ៉ាតអារ៉ាប់រួមបានចូលរួមដោយផ្ទាល់នៅក្នុងការឈ្លានពានប្រឆាំងនឹងប្រទេសរបស់លោក ព្រោះនៅពេលដែលការវាយប្រហារបានចាប់ផ្តើម ប្រទេសអេមីរ៉ាតអារ៉ាប់រួមមិនបានចេញការថ្កោលទោសនោះឡើយ។ ទោះជាយ៉ាងណាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ មិនបានបញ្ជាក់ថា តើតំណាងប្រទេសអេមីរ៉ាតអារ៉ាប់រួមនិយាយអ្វីនោះឡើយ បានជារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ប្រតិកម្មខ្លាំងៗបែបនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានព្រមានថា ចំណងមិត្តភាពជិតស្និទ្ធជាមួយអ៊ីស្រាអែល នឹងមិនអាចធានាសន្តិសុខរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានឡើយ ហើយបានអំពាវនាវឱ្យប្រទេសជិតខាងទាំងពីរពង្រឹងទំនាក់ទំនងល្អប្រសើរឡើងវិញ និងរួមរស់ដោយសន្តិភាពរវាងគ្នា។ ជម្លោះនេះកើតមានឡើង បន្ទាប់ពីសេចក្ដីរាយការណ៍អះអាងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់កាលពីអំឡុងខែមេសា ខណៈដែលអារ៉ាប៊ីសាអូឌីត ក៏ត្រូវបានចោទប្រកាន់ថា បានបើកការវាយប្រហារទៅលើអ៊ីរ៉ង់ដូចគ្នា។
ភាពតានតឹងនេះធ្វើឱ្យមានការមន្ទិលសង្ស័យកាន់តែខ្លាំងឡើងថា តើបណ្ដាប្រទេសជាសមាជិកនៃប្លុកប្រទេស BRICS អាចឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួមនៅចុងបញ្ចប់នៃកិច្ចប្រជុំដែរ ឬយ៉ាងណា
ខណៈដែលការបែកបាក់កាន់តែជ្រៅរវាងប្រទេសអ៊ីរ៉ង់ និងប្រទេសអេមីរ៉ាតអារ៉ាប់រួមលើសង្គ្រាមអ៊ីរ៉ង់ ដែលមិនទាន់រកពន្លឺសន្តិភាពឃើញនៅឡើយ៕
ដោយ: តែម សុខុម