នៅក្នុងខែមេសាឆ្នាំនេះ មានរថយន្តតេស្លាប្រមាណតែជាង ១ម៉ឺន២ពាន់គ្រឿងប៉ុណ្ណោះត្រូវបានបញ្ចេញលក់នៅក្នុងប្រទេសចិន ដោយចំនួននេះមានការធ្លាក់ចុះខ្លាំង បើធៀបនឹងខែមីនាកន្លងទៅ ដែលកាលនោះទីផ្សារតេស្លានៅប្រទេសចិនមានដល់ទៅជាង ៣ម៉ឺន៥ពាន់គ្រឿងឯណោះ។ នេះបើយោងតាម ទិន្នន័យពីបណ្តាញព័ត៌មានរថយន្តដែលគាំទ្រដោយរដ្ឋចិន។
ការធ្លាក់ចុះច្រើនដូចនេះត្រូវបានគេសន្និដ្ឋានថា បណ្តាលមកពីរថយន្តរបស់ក្រុមហ៊ុនអាមេរិកដ៏ធំនេះមួយនេះ កំពុងមានកេរ្តិ៍ឈ្មោះមិនល្អក្នុងចំណោមសាធារណជនចិន។ មានកេរ្តិ៍ឈ្មោះមិនល្អដោយហេតុថា កាលពីខែមុនមានស្ត្រីជនជាតិចិនម្នាក់បានចូលទៅស្រែកតវ៉ាក្នុងពិធីដាក់បង្ហាញរថយន្ដតេស្លា ថានាងបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែហ្វ្រាំងរបស់តេស្លាមិនដំណើរការ។
ក្រោយមកទៀត ក្នុងសប្តាហ៍នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយផ្សេងទៀតបង្កឡើងដោយតេស្លាដូចគ្នាបានកើតឡើង ដោយបានសម្លាប់ជីវិតប៉ូលិសចរាចរណ៍ម្នាក់ និងម្នាក់ទៀតរងរបួស។ រំលងមិនបានប៉ុន្មាន ក៏មានគ្រោះថ្នាក់ចរាចរកើតឡើងមួយទៀត ដោយបានឆក់យកជីវិតអ្នកបើកបររថយន្តតេស្លាតែម្តង ហើយករណីចុងក្រោយនេះ កំពុងត្រូវបានអាជ្ញាធរចិនស៊ើបអង្កេតនៅឡើយ។
វីដេអូនៃគ្រោះថ្នាក់ចរាចរបង្ហាញពីរថយន្តតេស្លារបស់បុរសម្នាក់ បើកទៅបុកនឹងឡានដឹកទំនិញមួយពីក្រោយយ៉ាងពេញទំហឹង ត្រូវបានគេចែកចាយទៅពាសពេញបណ្តាញសង្គមរបស់ប្រទេសចិន។
សូមបញ្ជាក់ដែរថា កន្លងមករវាងក្រុមហ៊ុនតេស្លា និងរដ្ឋាភិបាលចិន រមែងមានការប៉ះទង្គិចពាក្យសំដីគ្នាជុំវិញបញ្ហាសុវត្ថិភាពឯកជនភាពរបស់អ្នកប្រើប្រាស់ ដោយកន្លងមករដ្ឋាភិបាលចិនបានចោទប្រកាន់ថា កាមេរ៉ានៅក្នុងរថយន្តតេស្លាអាចប្រមូលយកទិន្នន័យពីអ្នកប្រើប្រាស់ និងបានហាមប្រាមយោធាខ្លួនមិនឲ្យប្រើរថយន្តនេះ ដោយបារម្ភពីការឈ្លបយកការសំងាត់នានា។ ក្រុមហ៊ុនតេស្លាបានច្រានចោលម្ដងហើយម្ដងទៀត ព្រមទាំងបានធានាអះអាងថា ពួកគេមិនបានជាប់ពាក់ព័ន្ធក្នុងអំពើចារកម្មណាមួយនោះទេ៕