ការសម្រេចចិត្តក្នុងការបោះទុនវិនិយោគសាងសង់រោងចក្រផលិតអាគុយរថយន្ដអគ្គិសនី របស់ក្រុមហ៊ុន Panasonic នេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Tesla បានបើកដំណើរការរោងចក្ររថយន្តអគ្គិសនីទីពីរក្នុងខែមេសានៅរដ្ឋតិចសាស់ក្នុងសហរដ្ឋអាមេរិក ដើម្បីបំពេញតម្រូវការដ៏ច្រើននៃទីផ្សារសកល។ ក្រុមហ៊ុន Panasonic ដែលមានមូលដ្ឋានមកពីប្រទេសជប៉ុនមួយនេះបានជ្រើសរើសទីតាំងនៃកន្លែងវិនិយោគថ្មីក្នុងសហរដ្ឋអាមេរិក ដោយផ្អែកលើកត្តាអំណោយផលក្នុងរដ្ឋតិចសាស់ និងការអនុគ្រោះពន្ធពីរដ្ឋ។ ក្រុមហ៊ុននេះមានបំណងផលិតថាមពលអាគុយអគ្គិសនីឱ្យមានសមត្ថភាពខ្ពស់ជាងពេលបច្ចុប្បន្នឱ្យបាន បីដង ឬ បួនដងនៅត្រឹមឆ្នាំ ២០២៨ ធៀបនឹងបច្ចុប្បន្នមានកម្រិតសមត្ថភាពត្រឹមតែប្រមាណ ៥០ឌីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ។
ក្រុមហ៊ុន Panasonic មានគម្រោងដំឡើងខ្សែចង្វាក់ផលិតកម្មចំនួនពីរ នៅក្នុងរោងចក្រផលិតគ្រឿងបង្គុំថ្មអាគុយរថយន្ដនៅក្នុងខេត្ត Wakayama ក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ២០២៣ ហើយការវិនិយោគនោះត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់ប្រហែល ៥៨០ លានដុល្លារ។
លោក Rahm Emanuel ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍មួយកាលពីនៅថ្ងៃទី ១៤កក្កដាថា ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Panasonic គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការដឹកនាំសេដ្ឋកិច្ច និង បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និង ជប៉ុន។ លោកបាននិយាយថា នៅពេលដែលសហរដ្ឋអាមេរិក និង ជប៉ុនធ្វើការរួមគ្នា បណ្តាក់ទុនរួមគ្នា និងកសាងរួមគ្នា គ្មានអ្វីដែលមិនអាចសម្រេចបានរួមគ្នានោះទេ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនេះបានគូសបញ្ចាក់ដា ផែនការរបស់ក្រុមហ៊ុន Panasonic Energy ក្នុងការសាងសង់កន្លែងផលិតអាគុយដ៏ធំបំផុតមួយសម្រាប់រថយន្តអគ្គិសនីជំនាន់ក្រោយនៅក្នុងរដ្ឋ Kansas គឺជាទំនុកចិត្តនៃភាពរឹងមាំរបស់សេដ្ឋកិច្ចសហរដ្ឋអាមេរិក និង គុណភាពនៃកម្លាំងពលកម្មអាមេរិក។ លោក Emanuel បានអះអាងបន្ថែមថា ផែនការវិនិយោគរបស់ក្រុមហ៊ុន Panasonic ដែលមានទឹកប្រាក់រហូតដល់ ៤ ពាន់លានដុល្លារនឹងបង្កើតការងារដល់ទៅ ៤ ពាន់នាក់នៅអាមេរិក។
គួរជម្រាបថា រោងចក្រដំបូងរបស់ Panasonic នៅសហរដ្ឋអាមេរិកគឺស្ថិតក្នុងរដ្ឋ Nevada ត្រូវបានដំណើរការរួមគ្នាជាមួយក្រុមហ៊ុន Tesla ។ ការលក់របស់ក្រុមហ៊ុន Tesla បានកើនឡើងជាលំដាប់ ជាមួយនឹងការចែកចាយរថយន្តប្រចាំឆ្នាំឈានដល់ប្រហែលជិត ៩ សែន ៤ ម៉ឺនគ្រឿងកាលពីឆ្នាំមុន។
នៅពេលដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងទីផ្សារអាគុយរថយន្តអគ្គិសនី ក្រុមហ៊ុន LG Energy Solution របស់កូរ៉េខាងត្បូង និងក្រុមហ៊ុន General Motors របស់អាមេរិក ក៏បានប្រកាសនៅឆ្នាំនេះ គ្រោងចំណាយប្រាក់ ២ពាន់៦រយលានដុល្លារលើការបង្កើតរោងចក្រថាមពលអាគុយថ្មីមួយនៅរដ្ឋ Michigan ក្នុងសហរដ្ឋអាមេរិកផងដែរ៕