ក្រុមហ៊ុននាំចេញអង្ករមួយចំនួនកំពុងប្រញាប់ប្រញាល់គ្រប់គ្រងការផ្គត់ផ្គង់អង្ករពីកសិករដែលបានដំឡើងតម្លៃអង្កររបស់ពួកគាត់បន្ទាប់ពីការឡើងថ្លៃអង្ករនៅលើទីផ្សារពិភពលោកដែលវាអាចបង្កហានិភ័យដល់កិច្ចព្រមព្រៀងទិញលក់អង្ករដែលមានតម្លៃរាប់លានដុល្លារ។
កសិករ និង អ្នកនាំចេញអង្ករដែលបានទិញអង្ករជាមុនហើយនោះ អាចនឹងទទួលបានពីការផ្គត់ផ្គង់ទីផ្សារពិភពលោកដ៏តឹងតែង។ ចំណែកឯអ្នកទិញទំនងជានឹងខាតបង់ បើទោះបីជាពួកគេបានកក់ទំនិញនៅមុនពេលការប្រកាសហាមប្រាមរបស់ឥណ្ឌាក៏ដោយ ស្របពេលដែលអ្នកលក់បាននិងកំពុងចរចាឡើងវិញពីកិច្ចសន្យាមួយចំនួនដើម្បីទទួលបានតម្លៃកាន់តែខ្ពស់។
ក្រុមពាណិជ្ជករបាននិយាយថា អ្នកនាំចូលអង្ករគ្មានជម្រើសអ្វីក្រៅតែពីចំណាយប្រាក់ក្នុងអត្រាកាន់តែខ្ពស់នេះទេព្រោះអ្នកលក់នឹងមិនចុះកិច្ចសន្យាឡើយដោយសារតម្លៃស្រូវអង្ករមានការកើនឡើងយ៉ាងខ្លាំង។
សូមរំលឹកថា ប្រទេសឥណ្ឌាកាលពីចុងខែកក្កដាបានហាមប្រាមការនាំចេញអង្ករចំពេលមានភាពមិនប្រាកដប្រជាលើផលិតកម្មក្នុងស្រុក ជាហេតុធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការផ្គត់ផ្គង់អាហារនៅក្នុងចំណោមក្រុមហ៊ុននាំចូលអង្ករនៅតំបន់អាស៊ី និងអាហ្វ្រិក។
ពាណិជ្ជករនៅប្រទេសសិង្ហបុរីបាននិយាយថាតម្លៃអង្ករបានកើនឡើងចាប់តាំងពីប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញរបស់ខ្លួន ហើយវាពិបាកសម្រាប់អ្នកផ្គត់ផ្គង់ក្នុងការបំពេញតាមកិច្ចសន្យា ដែលបានចុះហត្ថលេខានៅក្នុងតម្លៃទាបរួចទៅហើយ។
ប្រទេសថៃ និងវៀតណាមដែលជាអ្នកនាំចេញអង្ករលេខ២ និង លេខ៣ ក្នុងពិភពលោកនោះត្រូវបានគេប៉ាន់ប្រមាណថា នឹងនាំចេញអង្ករច្រើនជាងមួយលានតោននៅក្នុងខែសីហានេះ។ ឥណ្ឌាជាប្រទេសនាំចេញអង្ករធំជាងគេរបស់ពិភពលោកដែលមានចំនួនប្រហែល៤០%នៃការផ្គត់ផ្គង់ពិភពលោក។
ប្រទេសទាំងនេះបាននិយាយថា តម្លៃអង្ករល្អៗជាសកលដែលត្រូវបានដឹកជញ្ជូនទូទាំងពិភពលោកបានកើនឡើងប្រហែល៨០ដុល្លារក្នុងមួយតោនចាប់តាំងពីប្រទេសឥណ្ឌាបានដាក់បម្រាមកាលពីថ្ងៃទី២០ ខែកក្កដា។
ឥឡូវនេះតម្លៃអង្ករបាក់កម្រិត៥%របស់ប្រទេសថៃបានកើនឡើងពី៥៤៥ដុល្លារទៅដល់៦២៥ដុល្លារក្នុងមួយតោនខណៈដែលអង្ករកម្រិតដូចគ្នានៅប្រទេសវៀតណាមបានកើនឡើងពីតម្លៃប្រហែល៥២០ដុល្លារទៅដល់តម្លៃ៥៩០ដុល្លារក្នុងមួយតោន។
អាជីវករនៅទីក្រុងហូជីមិញបាននិយាយថាតម្លៃបច្ចុប្បន្ននេះគឺខ្ពស់ជាងតម្លៃក្នុងកិច្ចសន្យាទិញរួចទៅហើយ ហើយថាការកើនឡើងតម្លៃនាំចេញនេះបានជំរុញឱ្យតម្លៃស្រូវអង្ករក្នុងស្រុកមានការកើនឡើងយ៉ាងខ្លាំង។ ឥឡូវនេះឈ្មួញជាច្រើនកំពុងប្រញាប់ប្រញាល់ដើរទិញស្រូវអង្ករពីកសិករ៕
អត្ថបទ៖ សុខ ជា