Advertisement
សេរីភាពសារព័ត៌មាន

មន្ត្រី​​ទូតអាមេរិកសង្ឃឹមថា VOA និង RFA ​អាចចុះបញ្ជី​​បើក​ការិយាល័យ​នៅកម្ពុជាឆាប់ៗនេះ


ក្រសួងព័ត៌មាន​របស់​កម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា នេះ បាន​ផ្ដល់​ភ្លើងខៀវ​ជាគោលការណ៍ ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​អាស៊ីសេរី (RFA) ធ្វើការចុះបញ្ជី​បើក​ការិយាល័យ​តំណាង​ស្រប​ច្បាប់ នៅ​ក្នុង​ប្រទេសកម្ពុជា។
ថ្ងៃទី៣០ ឧសភា ២០១៩ លោករដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា អនុញ្ញាត​ឲ្យ​មន្ត្រីស្ថានទូត​អាមេរិក និង​តំណាង​មកពី​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល (USAGM) ចូលជួប​ ពិភាក្សា​អំពី​ការស្នើសុំ​ចុះបញ្ជី​វិទ្យុ VOA នៅកម្ពុជា។
ដោយ
Advertisement

ការបើក​ភ្លើង​ខៀវ​ដល់ការស្នើសុំ​ចុះ​បញ្ជី​បើកការិយាល័យនេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួបប្រជុំ នៅថ្ងៃនេះ រវាង​លោករដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ និង​តំណាង​មក​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក (US Agency for Global Media)។  

គួររំឭក​ថា កាលពី​ចុង​ឆ្នាំ​២០១៧ ពោល​នៅមុន​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ រដ្ឋាភិបាលបាន​ចាត់​វិធានការ​បញ្ឈប់​ការផ្សាយ​របស់​វិទ្យុ​ សំឡេងសហរដ្ឋ​អាមេរិក និង​វិទ្យុ​ អាស៊ីសេរី ពីរលកធាតុ​អាកាស FM នៅលើ​ស្ថានីយ​វិទ្យុ​នានា នៅក្នុង​ប្រទេស​កម្ពុជា ហើយ​វិទ្យុ​អាស៊ីសេរី គ្រានោះ​ ក៏បាន​ប្រកាស​បិទ​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ​របស់​ខ្លួន បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល ២០ឆ្នាំ​មក។ 

ចុងឆ្នាំ២០១៧ដដែល ក៏ជា​ពេលវេលា​នៃការធ្លាក់ចុះនៃសេរីភាពសារព័ត៌មានផងដែរ ដោយ​ពេល​នោះ កាសែត​ឯករាជ្យ​ជា​ភាសា​អង់គ្លេស​ដ៏​ចំណាស់​ជាង​គេ​នៅ​កម្ពុជា ក៏ត្រូវបាន​បង្ខំ​ចិត្ត​បិទ​ប្រតិបត្តិការចេញ​ផ្សាយ​របស់​ខ្លួន បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា សារព័ត៌មាន​នេះ​ជំពាក់​ពន្ធ​រដ្ឋាភិបាល​ជាង ៦លានដុល្លារអាមេរិក។ 

មន្ត្រីអ្នកនាំពាក្យ​ស្ថានទូត​អាមេរិក លោក Arend Zwartjes បាន​បញ្ជាក់​អំពីជំនួប​ជាមួយរដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​នៅ​ថ្ងៃនេះ តាមសារ​អេឡិចត្រូនិកមួយ មកកាន់សារព័ត៌មាន ខេមបូណូមីស។

លោក Arend Zwartjes បាននិយាយនៅក្នុង​សារ​អ៊ីម៉េល ថា ៖ «នៅថ្ងៃនេះ តំណាងមកពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក (USAGM» បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​បាន​ព្រមព្រៀង​គ្នា​លើ​ផែនទីបង្ហាញ​ផ្លូវមួយ សម្រាប់​ការចុះ​បញ្ជី​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​អាស៊ីសេរី (RFA) នៅ​កម្ពុជា។»

មន្ត្រីអ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅកម្ពុជា ថ្លែងបន្ត​ថា ៖ «យើងមានសង្ឃឹមថា ទាំង VOA និង RFA នឹង​ត្រូវអនុញ្ញាត​ឲ្យ​ចុះបញ្ជី​ និង​បន្ត​ការផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ ក្នុង​ពេល​ឆាប់ៗខាងមុខនេះ។»

លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យ​ក្រសួងព័ត៌មាន បាន​បញ្ជាក់ថា នៅក្នុងជំនួប​ប្រជុំ​រវាងរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ជាមួយ​មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំកម្ពុជា និងតំណាងមកពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល លោករដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ឯកភាពជាគោលការណ៍ ឲ្យវិទ្យុ សំឡេងសហរដ្ឋអាមេរិក (VOA) បើកការិយាល័យ​ស្របច្បាប់​នៅ​កម្ពុជា។ 

ប៉ុន្តែ ផ្ទុយពី​ការលើកឡើង​របស់​មន្ត្រីស្ថានទូត​អាមេរិក លោកអ្នកនាំពាក្យ​ក្រសួងព័ត៌មាន បាននិយាយថា ក្នុងជំនួបប្រជុំ​ដដែល គឺ​ពុំ​មាន​ការ​និយាយ​ដល់​ការចុះ​បញ្ជី​ការិយាល័យ​របស់​វិទ្យុ អាស៊ីសេរី (RFA) នោះ​ទេ។ 

លោក មាស សោភ័ណ្ឌ បានប្រាប់យ៉ាងដូច្នេះថា ៖​ «នៅក្នុងជំនួប ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ឯកភាពជាគោលការណ៍​ ឲ្យ​វិទ្យសំឡេង​សហរដ្ឋ​អាមេរិក​ចុះ​បញ្ជី​ផ្លូវការរបស់​ខ្លួននៅកម្ពុជា។ ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ពី​នីតិវិធី​ចុះ​បញ្ជី​ដល់​តំណាង​ US Agency for Global Media ហើយ​ខាង​តំណាង​អាមេរិក​​ទីភ្នាក់ងារអាមេរិក ក៏បាន​ឆ្លើយតបថា នឹង​រៀបចំ​ដាក់​លិខិត​ស្នើ​សុំ​ចុះ​បញ្ជី​មក​ក្រសួង​ ក្នុង​ពេល​ឆាប់ៗខាងមុខ»។ 

លោក មាស សោភ័ណ្ឌ ក៏បាន​និយាយ​យោង​ទៅ​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា ដែលចេញ​កាលពីថ្ងៃទី៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ថា រដ្ឋាភិបាល​កម្ពុជា​តែងតែ​គាំទ្រ​សេរីភាព​សារព័ត៌មាន និង​ថា កន្លងមក ​កាសែត ឌឹ ខេមបូឌា ដេលី បិទប្រតិបត្តិការ​ដោយសារខ្លួនមិនអាច​បំពេញ​កាតព្វកិច្ច​ពន្ធ​បាន។ បើ​កាលណា​ កាសែតនេះ​អាចបង់ពន្ធ​តាមច្បាប់​បាន គេ​អាច​បន្ត​ប្រតិបត្តិការរបស់ខ្លួនបាន។ ហើយ​ដោយឡែក វិទ្យុ​អាស៊ីសេរី បិទ​ការិយាល័យ​ដោយ​ខ្លួនឯង ដូច្នេះ វិទ្យុនេះ​មានសេរីភាព​បើក​ការិយាល័យ​របស់​ខ្លួន​ឡើងវិញបាន៕

Advertisement



អត្ថបទបន្ទាប់


តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​សហជីព​៦​រូប ក្នុងសំណុំរឿង​សោកនាដកម្ម​ផ្លូវ​វេង​ស្រេង

ព័ត៌មាន
ចៅក្រម​សាលាឧទ្ធរណ៍ នៅថ្ងៃ​អង្គារ​នេះ បាន​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​សហជីព​ធំៗ​ចំនួន​៦​រូប បន្ទាប់ពី​ត្រូវ​បាន​រក​ឃើញ​មាន​...

ការព្យាករថ្មី៖ សេដ្ចកិច្ចវៀតណាម នឹងធំជាង សិង្ហបុរី នៅ១០ឆ្នាំទៀត! ហេតុអ្វី?

ព័ត៌មាន
សេដ្ឋកិច្ចប្រទេសវៀតណាម ត្រូវបានធនាគារសិង្ហបុរី DBS បានព្យាករថា នឹងអាចមានទំហំធំជាង សេដ្ឋកិច្ចប្រទេសសិង្ហបុរីទៅទៀត ក្នុងរយៈពេល ១០ ឆ្នាំប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ