ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេស បានគូសបញ្ជាក់ថា ការហាមឃាត់នេះ ត្រូវបានចាប់ផ្តើមអនុវត្តតាំងពី ថ្ងៃទី ១៥ ខែកញ្ញាមកម្លេះ ស្ថិតនៅក្រោមសេចក្តីប្រកាសសម្រេចរបស់ អនុគណៈកម្មាធិការរបស់រដ្ឋាភិបាលគ្រប់គ្រងលើសំណល់អេឡិចត្រូនិក និងប្លាស្ទិក ដែលនាំចូលពីក្រៅប្រទេស។
បើតាមប្រកាសរបស់ ក្រសួងពាណិជ្ជកម្មថៃ សំណល់អេឡិចត្រូនិក ត្រូវបានគេឲ្យនិយមន័យជា សំណល់អេតចាយ និងគ្រឿងសំណល់តូចៗ មកពីគ្រឿងអេឡិចត្រូនិក និងគ្រឿងអគ្គិសនី ដោយមិនរាប់បញ្ចូល សំណល់ពី ម៉ាស៊ីនភ្លើងអគ្គិសនី។
សំណល់ទាំង ៤២៨ប្រភេទ ត្រូវបានបង្ហាញនៅលើគេហទំព័ររបស់ក្រសួង និងមានទទួលការសាកសួរបន្ថែមតាមរយៈ ក្រសួងផ្ទាល់ ហើយចំពោះការរំលោភបំពានលើករណីនេះ អាចនឹងត្រូវជាក់ទោសដាក់ពន្ធនាគារ រហូតដល់ទៅ ១០ឆ្នាំ ឬពិន័យគុណនឹង ៥ដងនៃ តម្លៃសំណល់នាំចូលទាំងនោះ ឬអាចដាក់ទោសទាំង ២ នេះតែម្តង។
សូមជម្រាបថា ក្រៅពីការហាមឃាត់ រាជរដ្ឋាភិបាលថៃ ក៏បានណែនាំឲ្យ ប្រជាពលរដ្ឋទាំងអស់ ប្រឹងប្រែងប្រើប្រាស់ធនធានអេឡិចត្រូនិកក្នុងស្រុកឲ្យអស់ពីលទ្ធភាព ចេះកែច្នៃសំណល់អេឡិចត្រូនិកឲ្យបានត្រឹមត្រូវ និងចេះទុកដាក់ប្រភេទសំណល់អេឡិចត្រូនិក ដើម្បីចូលរួមការពារដល់បរិស្ថាន៕