ហេដ្ឋារចនាសម្ព័ន្ធ

ប្រមុខរាជរដ្ឋាភិបាលប្រកាស​សាងសង់ស្ពាន ២បន្ថែមទៀត


ស្ពានឆ្លង​ទន្លេ​ចំនួន ២បន្ថែមទៀត ដែលភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅកាន់ក្រុងរណបកោះនរា និងពីកោះនរាទៅកាន់ផ្លូវជាតិលេខ១ នឹងត្រូវសម្ពោធបើកការរដ្ឋានសាងសង់នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះហើយ ។ នេះ បើយោងតាមការប្រកាសពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ដព្រីនស៍ម៉ាណ័រនៅថ្ងៃទី០៧ តុលានេះ។
មហាសេដ្ឋី ពុង ឃាវសែ គ្រោងអភិវឌ្ឍស្ពានបេតុងខ្សែកាបមួយខ្សែ ភ្ជាប់ពីកោះពេជ្រទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា
ដោយ

សម្តេចបាន​មាន​ប្រសាសន៍ថា «ថ្ងៃ២៦ (ខែតុលា)នេះ ខ្ញុំទៅបើក​ការរដ្ឋាន​ទៀត បើក​ការដ្ឋានសាង​សង់​តភ្ជាប់​កោះពេជ្រ ជាមួយ​កោះនរា និងកៀនស្វាយ​យើងជា​មួយកោះនរា យើងធ្វើ​ទៀត អ្វីដែល​ត្រូវធ្វើ​ចេះតែ​ធ្វើ អ្នកឯព្រុសអី ចេះតែព្រុសទៅ»។

ជាមួយគ្នានេះដែរ​ លោក ទូច សំណាង នាយកគ្រប់គ្រង​ក្រុមហ៊ុន OCIC ដែល​ជាក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​ទីក្រុង​រណប​កោះនរា បានប្រាប់​សារព័ត៌មាន​ខេមបូណូមីស តាមទូរស័ព្ទថា ស្ពានចំនួន០២ ដែលនឹង​ត្រូវសាង់សង់​ភ្ជាប់ពី​ទីក្រុង​កោះពេជ្រ ទៅកាន់​ក្រុងរណប​កោះនរា និងពីកោះ​នរាទៅកាន់ផ្លូវ​ជាតិលេខ១ នាពេលខាងមុខនេះ គឺធ្វើដូច​ស្ពាន​បេតុង​ខ្សែកាប​ដែលកំពុង​សាង់សង់​ភ្ជាប់ពី​ផ្លូវជាតិ​លេខ៥ ទៅទីក្រុង​រណប​ជ្រោយចង្វារដែរ។

លោក ទូច សំណាង បានបញ្ជាក់ថា ៖« ដោយសារ​ខ្ញុំគ្មាន​ឯកសារ​នៅនឹងដៃ ចំពោះ​ប្រវែង​ស្ពាន​ទាំង២នេះ តែ តាមដែល​ដែលខ្ញុំ​ចាំស្ពានធំ ភ្ជាប់ពី​កោះពេជ្រ​ទៅកោះ​នរា គឺមាន​បណ្តោយ​ប្រហាក់​ប្រហែល ៥០០ម៉ែត្រ ទទឹង​ប្រវែង​ដូចជា ២៤,៥ម៉ែត្រ ចំណែក​ស្ពានតូច​ភ្ជាប់ពី​កោះនរា​ទៅកាន់​ផ្លូវជាតិ​លេខ១ ប្រវែង​ប្រហែល​ជាង ១០០ម៉ែត្រ មាន​ទទឹងដូចគ្នា ហើយស្ពាន​ទាំង២​នេះ នឹងត្រូវ​ចំណាយ​ពេលសាង់សង់​ប្រមាណជា​៣៨ខែ ស្មើ​នឹងជាង៣ឆ្នាំ»។

លោក ទូច សំណាង បានបន្ថែមថា ចំពោះថវិកា​សាងសង់ គឺខាងសាលា​រាជធានីភ្នំពេញ ជាអ្នក​ចាត់ចែង ពីព្រោះថា រាល់មាន​ការអភិវឌ្ឍ​នៅតំបន់​ណាមួយ អាជ្ញាធរ​តែងតែ​មានកញ្ចប់​ថវិកា​បន្ថែម ដែលបាន​មកពី​ការអភិវឌ្ឍនោះ សម្រាប់​ធ្វើការសាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​នានា​នៅតំបន់​នោះ។ លោក​ ទូច សំណាង អះអាងទៀតថា អាជ្ញាធរ​នឹងប្រកាស​ពីទំហំទឹក​ប្រាក់​នៃការ​សាងសង់​ស្ពាន​ទាំង​២នេះ នៅថ្ងៃ​សម្ពោធ​នោះ​មិនខាន។ បើតាមលោកលោក ទូច សំណាង មកដល់​ពេល​នេះ ក្រុង​រណប​កោះនរា​បានសម្រេច​ការចាក់​ខ្សាច់​លុបទន្លេ បានប្រមាណ​ពី១៥ ទៅ២០%ហើយ។

លោកបន្តថា ស្ពាននេះ​ក្រៅពីតភ្ជាប់​រវាង​ទីក្រុង​រណប​ទាំង​២នេះ នឹងមាន​ការតភ្ជាប់​ជាមួយ​ផ្លូវជាតិលេខ១ ដើម្បី​អនុញ្ញាត​ឱ្យប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ កាត់បន្ថយ​វិបត្តិ​កកស្ទះ​ចរាចរណ៍ ដែលតែង​កើត​មាននៅលើ​ផ្លូវ​ជាតិ​លេខ១ ជាពិសេស​ចំណុច​ស្ពាន​ព្រះមុនីវង្ស​ច្បារអំពៅ។ ប៉ុន្តែ ចរាចរណ៍​ឆ្លងកាត់​ស្ពានមួយ​នេះ នឹងត្រូវបាន​កំណត់​ប្រភេទ​រថយន្ត​ចេញចូល​ ឬយ៉ាងណា​នោះ អាស្រ័យ​ទៅលើ​សាលារាជធានី​ភ្នំពេញ​ជាអ្នក​កំណត់។

សូមជម្រាប ទីក្រុងរណប​កោះនរានេះ ស្ថិតនៅ​ខាង​កើត​នៃ​ទីក្រុង​កោះពេជ្រ លាត​សន្ធឹង​រហូត​ជិត​កៀនស្វាយ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជ​ធានី​ភ្នំពេញនោះ គឺជាវិនិយោគរបស់ក្រុមហ៊ុន​វិនិយោគ​ទុន​ក្រៅ​ប្រទេស (OCIC) របស់​មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល​និង​រឹងមាំ​បំផុត​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ ឧកញ៉ា ពុង ឃាវ សែ ។

មហាសេដ្ឋី អាត់កឺ រូបនេះ បានបោះ​ទុនវិនិយោគ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ទៅលើ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណបថ្មី​នេះ ដែលនឹងក្លាយ​ជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញ​បំផុត​សម្រាប់​រាជធានីភ្នំពេញ និង​ជាទីកន្លែង​បណ្តុំ​ទៅដោយ​អគារ​ពាណិជ្ជកម្ម​ធំៗ ខ្ពស់ៗ ដូចជា អគារស្នាក់​នៅរួម ខុនដូ ផ្សារទំនើប សណ្ឋាគារ នាពេលអនាគត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ប្រកាសហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មថៃ បានប្រកាសហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិកចំនួន ៤២៨ប្រភេទ ដែលនាំចូលមកពីក្រៅប្រទេស ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ