អាជ្ញាធរថៃ បានប្រកាសដាក់ចេញផែនការស្តារទំនុកចិត្តឡើងវិញក្នុងវិស័យទេសចរណ៍ ដែលជាវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចខ្លួន នៅមួយថ្ងៃបន្ទាប់ពីមានការបាញ់ប្រហារនៅផ្សារទំនើប ស្យ៉ាម ប៉ារ៉ាហ្គន(Siam Paragon)ដែលជាបេះដូងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ទីក្រុងបាងកក កាលពីថ្ងៃអង្គារ ដោយបានសម្លាប់ស្ត្រីពីរនាក់ ក្នុងនោះម្នាក់មកពីប្រទេសចិន និងម្នាក់ទៀតមកពីប្រទេសមីយ៉ាន់ម៉ា និង៥នាក់រងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោកស្រី ថាផានី គៀតផៃប៊ុន (Thapanee Kiatphaibool)ទេសាភិបាលនៃអាជ្ញាធរទេសចរណ៍ថៃបាននិយាយថា ទីភ្នាក់ងាររដ្ឋាភិបាលនានានឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីស្តារទំនុកចិត្តភ្ញៀវទេសចរឡើងវិញ
តាមរយៈការពង្រឹងសន្តិសុខលើគ្រប់វិស័យសម្រាប់ភ្ញៀវទេសចរថៃ និងបរទេស។ ជាមួយគ្នានេះលោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្ត្រីថៃបានសន្យាកាលពីថ្ងៃទី៣ ខែតុលា ថា ខ្លួននឹងអនុវត្តវិធានការធានាសុវត្ថិភាពខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរបរទេស បន្ទាប់ពីការបាញ់ប្រហារនោះ។
បន្ទាប់ពីការបាញ់ប្រហារនៅផ្សារទំនើប ស្យ៉ាម ប៉ារ៉ាហ្គន ដែលទើបបើកដំណើរការឡើងវិញ ក្រោយបិទ២៤ម៉ោង លោក ស្រ៊ីថា បានដាក់ជាសំណួរទៅលើអាជ្ញាធរទាក់ទងនឹងការគ្រប់គ្រងអាវុធនៅសង្គមថៃ។ ដើម្បីផ្តល់ទំនុកចិត្ត និងបង្ហាញពីស្មារតីទទួលខុសត្រូវរបស់ប្រទេស លោក ស្រ៊ីថា បានដឹកនាំក្រុមមន្រ្តីរបស់លោកចូលរួមពិធីគោរពវិញ្ញណក្ខន្ទនៅផ្សារទំនើបនោះ នឹងបានផ្ញើរសាររំលែកទុក្ខរបស់រដ្ឋាភិបាលដល់គ្រួសារនៃជនរងគ្រោះជាស្ត្រីពីរនាក់ ដែលម្នាក់ជាជនជាតិចិន និងម្នាក់មកពីប្រទេសមីយ៉ាន់ម៉ា។
លោក ស៊្រីថា មានទំនុកចិត្តយ៉ាងមុតមាំថា ផ្សារទំនើប ស្យ៉ាម ប៉ារ៉ាហ្គន និងមន្ត្រីរដ្ឋាភិបាលនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយការស្លាប់ និងការខូចខាតជាអប្បបរមា។ ក្រោយការបាញ់ប្រហារ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ ប៉ូលិសបានចោទប្រកាន់ជនសង្ស័យ ដែលមានអាយុ១៤ឆ្នាំម្នាក់ពីបទឃាតកម្មគិតទុកជាមុន ប៉ុនប៉ងមនុស្សឃាត កាន់និងបាញ់កាំភ្លើងនៅទីសាធារណៈ ព្រមទាំងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត។
លោកឧត្តមសេនីយទោ ណាការិន ស៊ូគុនតាវីត ( Nakarin Sukontawit) មន្រ្តីប៉ូលីសថៃមួយរូបបាននិយាយថា ថៃនឹងបង្កើនបទប្បញ្ញត្តិ និងច្បាប់ ដើម្បីគ្រប់គ្រងការប្រើប្រាស់អាវុធ។ មកដល់ពេលនេះតាមការប៉ាន់ប្រមាណមួយ ប្រទេសថៃមានកាំភ្លើងរហូតដល់១០លានដើម ដែលកំពុងចរាចរ ពោលគឺសម្រាប់ពលរដ្ឋប្រាំពីរនាក់ ថៃមានអ្នកមានកាំភ្លើងប្រើមួយដើម ដែលនេះជាអត្រាកាន់កាំភ្លើងខ្ពស់បំផុតមួយនៅក្នុងតំបន់។
ពាក់ព័ន្ធនឹងបញ្ហាអាវុធនៅថៃនេះ លោក គ្រីតសាណាផុង ភូត្រាគុល (Kritsanapong Phutrakul) ជាអតីតមន្រ្តីប៉ូលីស ហើយបច្ចុប្បន្នជាមន្រ្តីស្រាវជ្រាវមួយរូបបានលើកឡើងថា កាំភ្លើងនៅថៃជាច្រើនត្រូវបានគេរត់ពន្ធខាងក្រៅចូលមកក្នុងប្រទេស ហើយដាក់លក់តាមអ៊ីនធឺណិត។ អតីតមន្ត្រីប៉ូលិសជាន់ខ្ពស់រូបនេះបានចាត់ទុកការអនុញ្ញាតឱ្យមានការលក់កាំភ្លើងតាមអនឡាញ គឺជាប្រភពនៃបញ្ហា។
ក្រោយផ្ទុះករណីបាញ់ប្រហារភ្លាមៗ លោក អាចាយ៉ុន ក្រៃថុង ( Archayon Kraithong) អ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិថៃ បានអំពាវនាវដល់សាធារណជន កុំចែករំលែករូបភាព និងវីដេអូឃ្លីប ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុហិង្សាពាក់ព័ន្ធនឹងអនីតិជន។ លោកក៏បានព្រមានអ្នកប្រើប្រាស់បណ្ដាញសង្គមអនឡាញកុំឱ្យចែករំលែករូបភាព ឬវីដេអូឃ្លីប ដែលទាក់ទងនឹងឧបទ្ទវហេតុនេះ រួមទាំងវីដេអូនៃព្រឹត្តិការណ៍ផ្ទាល់ ក៏ដូចជារូបភាពអ្នកស្លាប់ និងអ្នករបួសផងដែរ៕
ដោយៈ សរ សុជាតិ