នេះបើតាមយោងតាមទិន្នន័យរបស់ទស្សនាវដ្ដី Forbes ដែលបានស្រង់តម្លៃទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីថៃទាំង ៥០នាក់។
តើមានកត្តាអ្វីខ្លះធ្វើឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីថៃធ្លាក់ចុះយ៉ាងដូច្នេះ?
បើតាមការកត់សម្គាល់របស់ទស្សនាវដ្ដី Forbes បញ្ហាស្ថានភាពនយោបាយមិនច្បាស់លាស់ គឺជាកត្តាចម្បងមួយ ដែលធ្វើឲ្យប្រេះស្រាំទំនុកចិត្តរបស់អ្នកវិនិយោគ នៅក្នុងប្រទេសថៃ ហើយបញ្ហានេះ វាក៏បានធ្វើឲ្យសន្ទស្សន៍ផ្សារភាគហ៊ុនគោល បានធ្លាក់ចុះ ១៥% កាលពីឆ្នាំមុន។ បន្ថែមពីនេះ បញ្ហាប្រាក់បាតធ្លាក់ថ្លៃ ក៏រួមចំណែកធ្វើឲ្យទ្រព្យសម្បត្តិមហាសេដ្ឋីថៃថយចុះដែរ។
តាមទិន្នន័យរបស់ទស្សនាវដ្ដី Forbes បានបង្ហាញទៀតថា ក្នុងចំណោមមហាសេដ្ឋីថៃទាំង ៥០នាក់ ដែលមានក្នុងបញ្ជីកំពូលមហាសេដ្ឋី គឺមាន ៣៩នាក់ទៅហើយ ដែលរកស៊ីមិនសូវកាក់កបនៅឆ្នាំនេះ និងមានតែ ៧នាក់ប៉ុណ្ណោះ ដែលមានទ្រព្យសម្បត្តិកើនឡើង តួយ៉ាង ត្រកូលគ្រួសារម្ចាស់ក្រុមហ៊ុន Red Bull លោក Chalerm Yoovidhya កើនទ្រព្យសម្បត្តិបន្ថែម ២,៦ពាន់លានដុល្លារ នាំឲ្យទ្រព្យសម្បត្តិសរុបមានដល់ ៣៦ពាន់លានដុល្លារ ។ ដោយឡែក បងប្អូនត្រកូល Chearavanont ដែលជាមហាសេដ្ឋីលំដាប់ទី២នៅក្នុងប្រទេសថៃ បានស្រុតចុះទ្រព្យសម្បត្តិអស់ ៥ពាន់លានដុល្លារ មកនៅត្រឹម ២៩ពាន់លានដុល្លារប៉ុណ្ណោះនៅឆ្នាំនេះ។
ជាមួយគ្នានោះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីភេសជ្ជៈថៃ លោក Charoen Sirivadhanabhakdi ក៏បានធ្លាក់ចុះមកនៅត្រឹម ១០ពាន់លានដុល្លារ។
សូមបញ្ជាក់ថា សេដ្ឋកិច្ចថៃ នៅឆ្នាំ២០២៤ ត្រូវបានធនាគារពិភពលោកព្យាករថា នឹងសម្រេចបាន ២,៤% កើនឡើងពីកំណើន ១,៩% កាលពីឆ្នាំ២០២៣។ ទោះយ៉ាងណា កំណើនសេដ្ឋកិច្ចថៃ នៅតែត្រូវបានអ្នកជំនាញអះអាងស្ថិតក្នុងសភាពដើរអូសជើងនៅឡើយ ដ្បិតថ្មីៗនេះ រាជរដ្ឋាភិបាលនៅតែបន្ដដាក់ចេញនូវវិធានការស្ដារសេដ្ឋកិច្ចជាច្រើន ដើម្បីគាស់កំណើនឲ្យស្ទុះងើបឡើបឡើង តួយ៉ាង គម្រោងការចាយថវិកាប្រហែល ១៤ពាន់លានដុល្លារ ចែកទៅឲ្យពលរដ្ឋ ដើម្បីជំរុញការចំណាយ បង្កើនសកម្មភាពសេដ្ឋកិច្ចជាដើម៕
អត្ថបទ៖ ចាន់ ភារម្យ