
ក្រុមហ៊ុនថៃ PTT (OR) បានអះអាងថា ខ្លួនបាននិងកំពុងតាមដានស្ថានការជារៀងរាល់ថ្ងៃ និងបានដាក់ចេញនូវផែនការសកម្មភាពបន្ទាន់មួយចំនួនផងដែរ ដើម្បីឆ្លើយតបនឹងបញ្ហាជម្លោះព្រំដែនដ៏តានតឹងរវាងកម្ពុជា និងថៃនេះ ដូចជា៖
ទី១, ស្ថានីយប្រេងឥន្ធនៈ PTT និងហាងកាហ្វេអាម៉ាហ្សូន នៅគ្រប់សាខាទាំងអស់នៅកម្ពុជា នៅតែបន្ដបើកដំណើរការធម្មតា បើទោះបីជា មានការហាមឃាត់ការនាំចូលប្រេងក៏ដោយ ប៉ុន្ដែ ក្រុមហ៊ុននៅតែបន្ដផ្គត់ផ្គង់ប្រេងរហូតដល់អស់ពីស្ដុក ដែលមានស្រាប់នៅតាមដេប៉ូ និងស្ថានីយ៍របស់ខ្លួន។ ប៉ុន្ដែ ក្រុមហ៊ុនមិនបានបញ្ជាក់ទេថា ស្ដុកប្រេងឥន្ធនៈនោះ នឹងអាចបន្ដលក់បានដល់ពេលណា។
ទី២, ក្រុមហ៊ុនបានណែនាំឱ្យបុគ្គលិកជនជាតិថៃ ដែលកំពុងធ្វើការនៅកម្ពុជា អាចវិលត្រឡប់ទៅប្រទេសថៃវិញ ចាប់ពីថ្ងៃទី ២២ ខែមិថុនាតទៅ ដើម្បីសុវត្ថិភាព។ ទោះយ៉ាងណា កម្លាំងពលកម្មដែលបម្រើការនៅក្នុងក្រុមហ៊ុន PTT ភាគច្រើន គឺជាបុគ្គលិកក្នុងស្រុក ដែលពួកគេនឹងគ្រប់គ្រងប្រតិបត្តិការ ដោយមានការគាំទ្រពីការិយាល័យកណ្ដាលនៅប្រទេសថៃ។
សូមបញ្ជាក់ថា គិតត្រឹម ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនប្រេង PTT មានស្ថានីយប្រេងចំនួន ១៩០ និងហាងកាហ្វេ ២៥៨ កន្លែង ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា។ គិតត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ ២០២៥ ថៃនាំចេញប្រេងចម្រាញ់រួចមកកម្ពុជា ក្នុងតម្លៃជាទឹកប្រាក់ប្រមាណ ៦០០លានដុល្លារអាម៉េរិក។ ប្រទេសកម្ពុជា គឺជាទីផ្សារនាំចេញប្រេងឥន្ធនៈដ៏ធំបំផុតទី២ របស់ប្រទេសថៃ បន្ទាប់ពីសិង្ហបុរី។ របាយការណ៍ពីក្រសួងថាមពលថៃ បានឱ្យដឹងថា កាលពីឆ្នាំ ២០២៤ ថៃនាំចេញប្រេងឥន្ធនៈមកកម្ពុជាសរុបប្រមាណ ២ពាន់២រយលានលីត្រ មានតម្លៃប្រមាណជិត ១ពាន់៥រយលានដុល្លារ។
រាជរដ្ឋាភិបាលកម្ពុជា បានអះអាងច្បាស់ៗថា ទោះបីជា កម្ពុជាបានបិទការនាំចូលប្រេងឥន្ធនៈពីប្រទេសថៃក៏ដោយ ប៉ុន្ដែ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ប្រេងសាំងនៅក្នុងស្រុក មិនមានបញ្ហាខ្វះខាតនោះឡើយ៕
អត្ថបទ ខេមបូណូមីស