សារព័ត៌មានបាងកកប៉ុស្តិ៍ថ្មីៗនេះ បានរាយការណ៍ថា សន្ទស្សន៍តម្លៃខុនដូថ្មីៗនៅខេត្ត នុនថាបុរី និងសាមុតប្រាកាន បានធ្លាក់ចុះបួនត្រីមាសជាប់ៗគ្នា ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ។ លោក វិឆ័យ វិរ៉ាតកាផាន ( Vichai Viratkapan) អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ បាននិយាយថា ការធ្លាក់ចុះជាបន្តបន្ទាប់នៃសន្ទស្សន៍តម្លៃខុនដូនៅខេត្តទាំងពីរអាចបណ្តាលមកពីគម្រោងចាស់ៗ ដែលមាននៅលើទីផ្សារតាំងពីមុនឆ្នាំ២០២១។
លោកបានមានប្រសាសន៍ថា តាមរបាយការណ៍នៅក្នុងបញ្ជីសារពើភណ្ឌប្រចាំឆ្នាំ គម្រោងខុនដូជាច្រើនគឺបានសល់នៅក្នុងបញ្ជីអស់រយៈពេល៣ឆ្នាំមកហើយ ទោះបីជាគម្រោងទាំងនេះមានតម្លៃទាបក៏ដោយ។
តាមរបាយការណ៍ដូចជានៅខេត្តនុនថាបុរី គម្រោងខុនដូមាននៅសល់រហូតដល់ជាង៦ពាន់៧រយយូនីត គិតជាទឹកប្រាក់ប្រមាណជាជិត១៥ពាន់លានបាត ឫប្រមាណជាង៤០០លានដុល្លារ រហូតដល់ដំណាច់ត្រីមាសទី២ នៃឆ្នាំ២០២៣ នៅក្នុងនោះគម្រោងដែលបញ្ចប់ការសាងសង់ហើយគឺមានដល់ទៅជិត៣ពាន់៥រយយូនីត។ រីឯតម្លៃវិញនៅពេលនេះនៅសល់ត្រឹមតែ៣លានបាត ឫជាង៨ម៉ឺនដុល្លារក្នុងមួយយូនីតតែប៉ុណ្ណោះ។
នៅខេត្តសាមុតប្រាកានវិញ ខុនដូមានចំនូនសរុបជិត៦ពាន់៧រយយូនីត ដែលមានតម្លៃសរុបប្រមាណជា២៣ពាន់លានបាត ឫជាង៦៣០លានដុល្លារ ។ ក្នុងចំនួននេះគម្រោងដែលកសាងហើយមានជាង៨០០យូនីត រីឯតម្លៃលក់វិញគឺក្រោម៨ម៉ឺនដុល្លារ ក្នុងមួយយូនីត។
បញ្ហានៃការកកស្ទះការលក់ខុនដូទាំងនេះគឺត្រូវបានគេអះអាងថា ដោយសារតែបញ្ហាស្ថានភាព សេដ្ឋកិច្ចមិនសូវអំណោយផល ស្របពេលដែលមានសេចក្តីរាយការណ៍ថា ពលរដ្ឋថៃមួយចំនួនបានជាប់បំណុលដល់ទៅ៩០ភាគរយ នៃប្រាក់ចំណូល ដែលពួកគេរកបាននៅពេលនេះ ដូច្នេះហើយបានជាអ្នកលក់ខុនដូមានបញ្ហា។
លោក វិឆ័យ បាននិយាយថា យុទ្ធនាការបញ្ចុះតម្លៃត្រូវបានដាក់ចេញដោយគម្រោងនានាដែលបានសាងសង់ហើយតាំងពីឆ្នាំ២០២១ ទោះបីជាតម្លៃនៃការចំណាយអភិវឌ្ឈន៍គម្រោងទាំងនេះនៅតែខ្ពស់ដូចពីមុនក៏ដោយ។
ក្រៅពីខេត្តទាំងពីរសន្ទស្សន៍តម្លៃសរុបនៃខុនដូថ្មី ដែលដាក់លក់នៅទីក្រុងបាងកក និងខេត្តជិតខាងក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ កើនឡើង១,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕
ដោយៈ សរ សុជាតិ