ធនាគារហិរិញ្ញវត្ថុ-ថៃ

ក្រសួងហិរញ្ញវត្ថុថៃស្នើឲ្យធនាគាររដ្ឋទាំងអស់ពិចារណាទម្លាក់អត្រាការប្រាក់រហូតដល់ ០%


ក្រសួងហិរញ្ញវត្ថុថៃ បានស្នើដល់ធនាគាររដ្ឋទាំងអស់ឲ្យពិចារណាទម្លាក់អត្រាការប្រាក់ឲ្យនៅកាន់តែទាបជាងមុន ទៅដល់សូន្យភាគរយតែម្ដងរហូតដល់ចុងឆ្នាំនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលថៃក្នុងការកាត់បន្ថយបំណុលគ្រួសារ ដែលបាននិងកំពុងកើនឡើងកាន់តែខ្លាំង បណ្ដាលមកពីវិបត្តិមេរោគកូវីដ-១៩។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
ក្រសួងហិរញ្ញវត្ថុថៃស្នើឲ្យធនាគាររដ្ឋទាំងអស់ពិចារណាទម្លាក់អត្រាការប្រាក់រហូតដល់ ០%
ដោយ

រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ថៃ លោក គ្រី​សា​ដា ជិន​ណា​វិចារ​ណា (Krisada Chinavicharana) បាន​និយាយ​ថា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក អាក​ឃុំ បាន​ជួប​ប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ ជាមួយនឹង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​រដ្ឋ ដើម្បី​ពិភាក្សា​ស្វែងរក​មធ្យោបាយ ជួយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដែល​បណ្ដាល​មក​ពី​វិបត្តិ​មេរោគ​រាតត្បាត​កូ​វី​ដ​-១៩​។ ក្នុង​នោះ មាន​ជម្រើស​មួយ​នៃ​កិច្ច​ពិភាក្សា គឺ​ធនាគារ​រដ្ឋ​នឹង​ត្រូវ​ទម្លាក់​អត្រា​ការ​ប្រាក់​ឲ្យ​នៅ​ទាប​បំផុត​ដល់​០% រហូត​ដល់​ចុងឆ្នាំ​២០២១​នេះ ដោយ​ផ្ដោត​ទៅ​លើ​ការ​ជួយ​អ្នក​ដែល​រង​ផល​ប៉ះពាល់​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ភោជនីយដ្ឋាន និង ទេសចរណ៍​។

រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ថៃ និយាយ​ទៀត​ថា ធនាគារ​រដ្ឋ​ត្រូវ​តែ​ពិចារណា ពី​ទំហំ​នៃ​ការ​ជួយ​របស់​ពួក​គេ ចំពោះ​អាជីវកម្ម​ដែល​បាន​រង​ផល​ប៉ះពាល់ និង​ត្រូវ​ផ្ញើ​សេចក្ដីសម្រេច​ចុង​ក្រោយ​របស់​ពួក​គេ​មក​កាន់​ក្រសួង​ហិរញ្ញវត្ថុ​វិញ​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​។

បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ហិរញ្ញវត្ថុ​ថៃ​រូប​នេះ មាន​ធនាគារ​រដ្ឋ​មួយ​ហើយ ដែល​បាន​ជូនដំណឹង​មក​កាន់​ក្រសួង​វិញ​អំពី​ផែនការ​របស់​ខ្លួន ក្នុង​ការ​ផ្ដល់​ជូន​អត្រា​ការ​ប្រាក់​នៅ​ត្រឹម​០,០១% រហូត​ដល់​ចុងឆ្នាំ​២០២១ សម្រាប់​បុគ្គល និង ក្រុមហ៊ុន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​-១៩​។

កាលពី​ស​ប្ដា​ហ៍​មុន​នេះ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នាយក​រដ្ឋមន្ត្រី​ថៃ បាន​និយាយ​ថា នៅ​ក្នុង​រយៈពេល​៦​ខែ ភ្នាក់ងារ​រដ្ឋ​ពាក់ព័ន្ធ ត្រូវ​តែ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​សម្រាប់​កម្ចី​បុគ្គល ក៏​ដូច​ជា​សម្រាប់​ទៅ​ឲ្យ​មីក្រូហិរញ្ញវត្ថុ និង ស្ថាប័ន​ផ្ដល់​កម្ចី​តូច​ៗ ដែល​ផ្ដល់​កម្ចី​បន្ដ​ទៅ​កាន់​ពលរដ្ឋ​ដែល​ជា​កូនបំណុល ដូច​ជា​គ្រូបង្រៀន សហ​ករ និង អាជីវកម្ម​ជួល​ឡាន ម៉ូតូ ជាដើម​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួយ​សម្រួល​ដល់​បន្ទុក​បំណុល​នៅ​អំឡុង​ពេល​កូ​វី​ដ​-១៩​នេះ​ដែរ ធនាគារ​សន្សំ​របស់​រដ្ឋាភិបាល​ថៃ (GSB) កាលពី​ពេល​កន្លង​ទៅ បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​ផ្អាក​ការ​សង​ត្រឡប់​ប្រាក់​ដើម និង​ការ​ប្រាក់​សម្រាប់​រយៈពេល​៦​ខែ សម្រាប់​សហគ្រាស​ធុន​តូច និង មធ្យម សណ្ឋាគារ រី​ស៊​ត ផ្ទះសំណាក់ និង អា​ផាត​មិន ជួល​ជាដើម​។

ការ​ផ្អាក​ការ​សង​ប្រាក់​ត្រឡប់ និង ការ​ប្រាក់​នេះ គឺ​មាន​សុពលភាព​ចាប់ពី​ខែកក្កដា ដល់​ខែធ្នូ​ឆ្នាំ​២០២១ ហើយ​វា​បាន​គ្របដណ្ដប់​លើ​អាជីវកម្ម​ខ្នាត​តូច និង មធ្យម សណ្ឋាគារ រី​ស៊​ត ផ្ទះសំណាក់ និង អា​ផាត​មិន​ជួល ដែល​បាន​ជំពាក់​បំណុល​ធនាគារ​សរុប​ជិត​៨​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​អាជីវកម្ម​ទាំងនោះ​មាន​រយៈពេល​ទូទាត់​បំណុល​ហួស​កាលកំណត់​មិន​លើស​ពី​៩០​ថ្ងៃ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកមិនអាចសម្រេចគោលដៅចាក់វ៉ាក់សាំង មកពីមូលហេតុអ្វី?

ព័ត៌មាន
ស្របពេលដែលប្រទេសចិនកំពុងបោះពួយការសម្រុកចាក់វ៉ាក់សាំងយ៉ាងលឿនស្លេវ ដល់ជាង១ពាន់លានដូសនោះ មន្ត្រីជាន់ខ្ពស់នៃសេតវិមានអាមេរិកឯណោះវិញ បានគ…

ការសិក្សាគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មនៅភ្នំពេញ កំពុងរាំងស្ទះដោយសារកូវីដ-១៩

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា ការរាតត្បាតនៃជំងឺកូវីដ-១៩ បាននិងកំពុងធ្វើឲ្យសកម្មភាពមួយចំនួននៃសិក្សាគម្រោងសា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ