តើការកំណត់អត្រាពន្ធថ្មីនេះនឹងជះឥទ្ធិពល និងផ្តល់ឱកាសយ៉ាងណាខ្លះសម្រាប់សេដ្ឋកិច្ចកម្ពុជា?
លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុកអត្រាពន្ធគយថ្មី១០% របស់សហរដ្ឋអាម៉េរិកដាក់មកលើកម្ពុជា គឺជាសញ្ញាវិជ្ជមានមួយ បើធៀបនឹងប្រទេសមួយចំនួននៅក្នុងតំបន់ដែលមានអត្រាខ្ពស់ជាងដល់ទៅ១២,៥%។ បើតាមអ្នកជំនាញរូបនេះ ទោះភាពខុសគ្នានៃអត្រាពន្ធនេះត្រឹមតែ២,៥% តែវាសំខាន់ណាស់សម្រាប់ឧស្សាហកម្ម ដែលមានការប្រកួតប្រជែងខ្លាំងដូចជាវិស័យកាត់ដេរស្បែកជើង និងផលិតផលធ្វើដំណើរជាដើម ដូច្នេះតាមរយៈអត្រាពន្ធថ្មីនេះកម្ពុជាមានឱកាសខ្ពស់ក្នុងការទាក់ទាញការវិនិយោគ និងការបញ្ជាទិញបន្ថែមកាន់តែច្រើន។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីទាញយកឱកាសនេះ កម្ពុជាគួររក្សាស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងជំនាញកម្លាំងពលកម្មឱ្យកាន់តែប្រសើរ ព្រមទាំងពង្រឹងផលិតភាព និងភាពប្រកួតប្រជែងក្នុងរយៈពេលវែង ព្រមទាំងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងទីផ្សារនាំចេញបន្ថែមផងដែរ។
ជាមួយគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមយល់ឃើញថា អត្រាពន្ធគយថ្មី១០%នេះ គឺជាសក្តានុពលថ្មីសម្រាប់កម្ពុជាក្នុងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ក្នុងការទាក់ទាញការវិនិយោគ និងជំរុញការនាំចេញទាំងទៅលើផលិតផលក្នុងវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ថា កម្ពុជាគួរជំរុញការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យបានជាអតិបរមា និងធ្វើពិពិធកម្មនាំចូលវត្ថុធាតុដើមពីប្រភពផ្សេងៗ ចៀសវាងការនាំចូលច្រើនពេកពីចិន ដែលធ្វើឱ្យប៉ះពាល់ទៅដល់ការវាយតម្លៃ នៃប្រភពដើមកំណើនទំនិញ។ បន្ថែមលើនេះ កម្ពុជា ក៏គួរតែធ្វើកំណែទម្រង់ស៊ីជម្រៅជាបន្ទាន់ទៅលើបញ្ហាការរិយាធិបតេយ្យ និងជំរុញការអភិវឌ្ឍវិស័យឌីជីថល និងបច្ចេកវិទ្យាក្នុងការផ្តល់សេវាផ្សេងៗ ដើម្បីឱ្យមានលក្ខណៈងាយស្រួល ឆាប់រហ័ស និងកាត់បន្ថយអំពើពុករលួយ។
ពាក់ព័ន្ធបញ្ហានេះដែរឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ការកំណត់អត្រាពន្ធថ្មី១០%នេះមិនបង្កផលប៉ះពាល់ទៅដល់ទីផ្សារនាំចេញទំនិញរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិកនោះទេ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ លទ្ធផលដែលសម្រេចបាននេះ គឺដោយសារកម្ពុជាជាប្រទេសមួយ ដែលស្ថិតនៅក្នុងជំពូកប្រទេស ដែលបង្ហាញនូវការឆ្លើយតបនិងគោរពនូវការប្រឹងប្រែងបំពេញលក្ខខណ្ឌផ្សេងៗទាក់ទងនឹងការអនុវត្តមាត្រា៣០១របស់សហរដ្ឋអាម៉េរិក។
យ៉ាងណាមិញលោក ខេស៊ី បាណេត (Casey Barnett) អតីតប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជាយល់ឃើញថា វិធានកាពន្ធគយរថ្មីនេះបានបង្កើតទាំងឱកាស និងហានិភ័យសម្រាប់កម្ពុជា។ ហានិភ័យ គឺក្នុងរយៈពេលខ្លីកម្ពុជាអាចបាត់បង់ការបញ្ជាទិញទៅឱ្យប្រទេសឥណ្ឌូនេស៊ី និងបង់ក្លាដែស ដែលជាដៃគូប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យកាត់ដេរ ដែលទទួលបានអត្រាពន្ធ១០% ដូចគ្នា ដោយសារពួកគេមានឧស្សាហកម្មផលិតក្រណាត់ដ៏ធំស្រាប់។ បើតាមអ្នកជំនាញរូបនេះ កម្ពុជាត្រូវតែធ្វើសកម្មភាពឱ្យបានឆាប់រហ័ស ដើម្បីទាក់ទាញការវិនិយោគលើផលិតកម្មក្រណាត់ បើពុំដូច្នោះទេនឹងបាត់បង់ការបញ្ជាទិញបន្តិចម្តងៗ។ តាមការវាយតម្លៃរបស់លោក ខេស៊ី ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកនៅពេលនេះ គឺជាឱកាសឱ្យកម្ពុជារៀបចំរចនាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់ឡើងវិញ និងពង្រឹងសមត្ថភាពផលិតក្នុងស្រុក ប៉ុន្តែប្រសិនបើមិនអាចឆ្លើយតបបានទាន់ពេលវេលាទេ វាក៏អាចប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់ឧស្សាហកម្មកាត់ដេរកម្ពុជានៅលើទីផ្សារអន្តរជាតិផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ