តម្រូវការមាសសកលកាលពីឆ្នាំ២០២៣ មានបរិមាណសរុបចំនួនជាង៤ពាន់៤រយតោនធ្លាក់ចុះប្រមាណជា៥% បើធៀបនឹងឆ្នាំ២០២២។ ប៉ុន្តែសម្រាប់ប្រទេសថៃវិញ តម្រូវការមាសបានកើនឡើងគួរឱ្យកត់សំគាល់នៅក្នុងកម្រិតប្រមាណ៩% កាលពីឆ្នាំ២០២៣ ដោយមានបរិមាណសរុបជាង៤២តោន បើធៀបនឹងជាង៣៨តោនកាលពីឆ្នាំ២០២២។
ពាក់ព័ន្ធនឹងព័ត៌មាននេះ លោក សាវកៃ ហ្វេន (Shaokai Fan) ប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាប្រធានធនាគារកណ្តាលសកលនៅក្រុមប្រឹក្សាមាសពិភពលោកបាននិយាយថា ការធ្លាក់ថ្លៃថេរនៃរូបិយប័ណ្ណក្នុងស្រុកក្នុងកំឡុងឆ្នាំ២០២៣ បានជួយគាំទ្រដល់តម្រូវ និងសេដ្ឋកិច្ចថៃ ដែលកំពុងប្រឈមនឹងភាពផុយស្រួយ។ លោកបានបន្តថា កត្តាដែលជួយជំរុញឱ្យតម្រូវការមាសនៅប្រទេសថថៃមានការកើនឡើង គឺដោយសារតែការកើនឡើងនូវឱកាសវិនិយោគលើអ៊ីនធឺណិត ដែលអនុញ្ញាតឱ្យមានការជួញដូរមាសក្នុងរយៈពេលខ្លីកើនឡើង។
នៅក្នុងទីផ្សារអាស៊ានផ្សេងទៀត ដូចជានៅវៀតណាមតម្រូវការមាសធ្លាក់ចុះ២% ម៉ាឡេស៊ីធ្លាក់ចុះ៤% ឥណ្ឌូនេស៊ីធ្លាក់ចុះ៥% និងសិង្ហបុរីធ្លាក់ចុះ៨%។ ក្រៅពីអាស៊ានតម្រូវការមាសនៅអឺរ៉ុប ក៏មានការធ្លាក់ចុះផងដែរ រហូតដល់ទៅ៥៩%ឯណោះ។ ការធ្លាក់ចុះនេះត្រូវបានទូទាត់ដោយការងើបឡើងវិញនៃតម្រូវការមាសប្រចាំឆ្នាំរបស់ចិន ដែលមានរហូតដល់២៨% ឫប្រមាណជា២៨០តោន រួមនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសឥណ្ឌា តួកគី និងសហរដ្ឋអាមេរិក ។ ហាងឆេងមាននៅលើទីផ្សារអន្តរជាតិកាលពីព្រឹកថ្ងៃអង្គារ៍មានតម្លៃប្រមាណ២ពាន់ដុល្លារនៅក្នុងមួយអោន ឫប្រមាណ២ពាន់៧រយដុល្លារនៅក្នុងមួយតម្លឹង៕
ដោយៈ សរ សុជាតិ