ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថៃ បាងកកប៉ុស្ដិ៍ ប្រធានគណៈកម្មការគ្រប់គ្រងថាមពល ERC លោក Smerjai Sukumek បាននិយាយថា ភ្នាក់ងាររដ្ឋដែលពាក់ព័ន្ធកំពុងរិះរកគំនិតដើម្បីបង្កើតគម្រោងផ្ដល់ជូនការប្រើប្រាស់អគ្គិសនីឥតគិតថ្លៃ សម្រាប់ប្រជាជន ដោយផ្ដោតលើប្រជាជនរស់នៅតំបន់ក្បែរៗនឹងរោងចក្រផលិតថាមពល។
គម្រោងនេះ នឹងត្រូវទទួលបានការឧបត្ថម្ភធន ជាសាច់ប្រាក់ពីមូលនិធិអភិវឌ្ឍន៍ថាមពល (PDF) ដែលត្រូវបានត្រួតពិនិត្យដោយ គណៈកម្មការគ្រប់គ្រងថាមពល។
មូលនិធិអភិវឌ្ឍន៍ថាមពល ត្រូវបានបង្កើតឡើងដោយច្បាប់ឧស្សាហកម្មថាមពលឆ្នាំ២០០៧។ រាល់រោងចក្រ ទាំងរដ្ឋ និងឯកជន ត្រូវតែចំណាយបង់ពន្ធតាមមូលនិធិនេះ។
ការប្រមូលពន្ធ ដោយមូលនិធិនេះ បានមកពីរោងចក្រផលិតថាមពលចំនួន ៩០ រោងចក្រ នៅទូទាំងប្រទេស។
គណៈកម្មការគ្រប់គ្រងថាមពល នឹងពិចារណាលើគម្រោងមួយទៀតសម្រាប់គម្រោងថាមពលដែលគ្រប់គ្រងដោយសហគមន៍ ហៅថា «ថាមពលសម្រាប់ទាំងអស់គ្នា» ដើម្បីលើកទឹកចិត្តដល់ប្រជាជនក្នុងតំបន់ឲ្យបង្កើតអាជីវកម្មផលិតថាមពលកកើតឡើងវិញនៅតាមសហគមន៍ដាច់ស្រយាល និងលក់ថាមពលអគ្គិសនីពីគម្រោងទាំងនោះ មកឲ្យរដ្ឋវិញ។
ថាមពលកកើតឡើងវិញ សម្រាប់សហគមន៍ និងភូមិនានា គឺបានមកពីការប្រើប្រាស់ កាកសំណល់កសិកម្ម សម្រាប់ធ្វើជាជីវម៉ាស និងជីវឧស្ម័ន និងការបង្កើតជាផ្ទះសូឡាស្រូបពន្លឺព្រះអាទិត្រជាដើម។ ថាមពលខ្យល់ មិនត្រូវបានរាប់បញ្ចូលក្នុងគម្រោងនេះនោះទេ។
លោក Samerjai បានបន្ថែមទៀតថា គណៈកម្មការគ្រប់គ្រងថាមពល និងធ្វើការងារជាមួយភ្នាក់ងារប្រតិបត្តិការថាមពលរបស់រដ្ឋចំនួន ៣ គឺអាជ្ញាធរអគ្គិសនីថៃ អាជ្ញាធរអគ្គិសនីក្រុង និងអាជ្ញាធរអគ្គិសនីខេត្ត សម្រាប់គម្រោងទាំងពីរខាងលើនេះ។ ក្រោមគម្រោងថាមពលសម្រាប់ទាំងអស់គ្នា សហគ្រាសថាមពលរដ្ឋទាំង៣ នឹងពិនិត្យខ្សែបញ្ចូន និងចែកចាយ ដើម្បីអាចជ្រើសរើសទីតាំង ដែលអាចធ្វើទៅបានសម្រាប់គម្រោងថាមពលគ្រប់គ្រងដោយសហគមន៍។
បើតាមលោក Samerjai ចក្ខុវិស័យចុងក្រោយ សម្រាប់គម្រោងអភិវឌ្ឍន៍ថាមពល ឆ្នាំ២០១៨ -ឆ្នាំ២០៣៧ នឹងត្រូវបានកែសម្រួលឡើងវិញក្រោមគ្រោងការណ៍ដំបូលផ្ទះសូឡា ស្រូបពន្លឺព្រះអាទិត្យសម្រាប់ការផលិតថាមពលសរុប ១ម៉ឺនមេហ្គាវ៉ាត់ នៅក្នុងរយៈពេល២០ឆ្នាំខាងមុខ។
នៅឆ្នាំ ២០១៩នេះ គណៈកម្មការគ្រប់គ្រងថាមពលថៃ រំពឹងថា តាមគ្រោងការណ៍នេះ នឹងអាចផលិតបានថាមពលអគ្គិសនី ១០០មេហ្គាវ៉ាត់ ប៉ុន្ដែ មកទល់ពេលនេះ ទើបទទួលបានជាង១ ២៤៤គីឡូវ៉ាត់ ជាសរុប ដែលបានមកពីអ្នកចូលរួមប្រមាណតែ ២២៧ ប៉ុណ្ណោះ៕