ថាមពលអគ្គិសនីវៀតណាម

មហិច្ឆតាវៀតណាមនឹងបង្កើនថាមពលអគ្គិសនីឲ្យបាន ១៣ម៉ឺនមេហ្គាវ៉ាត់ នៅត្រឹមឆ្នាំ ២០៣០


រដ្ឋាភិបាលវៀតណាម បានអនុម័តលើផែនការអភិវឌ្ឍន៍អគ្គិសនីជាតិរួចរាល់ហើយ ដែលប្រទេសក្បែរខាងកម្ពុជាយើងមួយនេះ អាចនឹងបង្កើនថាមពលអគ្គិសនីសរុបបាន ១៣ម៉ឺនមេហ្គាវ៉ាត់ នៅឆ្នាំ ២០៣០ខាងមុខ។ ចំនួននេះ នឹងកើនឡើងខ្ពស់ពី ៤ម៉ឺន ៧ពាន់មេហ្គាវ៉ាត់ ដែលកំពុងផលិតបាន នាពេលបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកវៀតណាម។
មហិច្ឆតាវៀតណាមនឹងបង្កើនថាមពលអគ្គិសនីឲ្យបាន ១៣ម៉ឺនមេហ្គាវ៉ាត់ នៅត្រឹមឆ្នាំ ២០៣០ (https://www.theasset.com)
ដោយ

លោក ហួង កុច វួង អនុរដ្ឋមន្រ្តី​នៃក្រសួង​ឧស្សហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានលើកឡើងថា ការអភិវឌ្ឍ​នេះ ត្រូវការ​ចំណាយ​ច្រើន​ណាស់​ ដើម្បីរៀបចំ​ការផលិត​ថាមពល​ជាង ៨ម៉ឺន ៣ពាន់មេហ្គាវ៉ាត់ បន្ថែមទៀត គួបផ្សំ​នឹងបណ្តាញ​ចែកចាយ​ថាមពល​អគ្គិសនី​នេះ ដើម្បីអាច​សម្រេច​នូវផែនការ​របស់​រដ្ឋាភិបាល​បាន។

លោកបន្តថា សព្វថ្ងៃនេះ ប្រទេស​វៀតណាម ពឹងផ្អែក​ស្ទើរតែទាំង​ស្រុងលើ វារីអគ្គិសនី និងរោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដោយកម្តៅ ក៏ប៉ុន្តែ​វៀតណាម បានប្រើប្រាស់​សក្តានុពល​វារីអគ្គិសនី ស្ទើរតែអស់​លទ្ធភាព​ទៅហើយ ខណៈដែរ ស្តុកប្រេង និងហ្គាស សម្រាប់​ដុតកម្តៅ ក៏នៅសល់​តិចតួចដែរ។

តម្រូវការ​ប្រើប្រាស់​ថាមពល​ទាំងនេះ បានកើន​ឡើង ២ដង លើសពី ផលិតផល​ក្នុងស្រុកសរុប​ទៅទៀត ពោលគឺកើន​ប្រមាណ ១៤ភាគរយ ដែលបាន​ដាក់សម្ពាធ​យ៉ាងខ្លាំង​ទៅលើ ​រដ្ឋាភិបាល​វៀតណាម ទាំងផ្នែក​ហិរញ្ញវត្ថុ និងយន្តការ​ដោះស្រាយ​បញ្ហានេះ។

យ៉ាងណាក៏ដោយ ធនាគារ​ពិភពលោក បានព្យាករណ៍ថា តម្រូវការ​ប្រើប្រាស់​ថាមពល​ក្នុងប្រទេស​វៀតណាម នឹងបន្ត​កើន​ឡើង ៨ភាគរយ​ក្នុងមួយ​ឆ្នាំ សម្រាប់​រយៈពេល​ ១០ឆ្នាំទៅ​មុខទៀត ដែលមាន​ន័យថា វៀតណាម ត្រូវការ​ទឹកប្រាក់ ១៥០ពាន់​លានដុល្លារ​អាមេរិក ត្រឹមឆ្នាំ ២០៣០ ដើម្បី​អភិវឌ្ឍ​វិស័យ​ថាមពល​របស់ខ្លួន។

បើទោះបីជា​ប្រទេស​វៀតណាម​ មានតម្លៃអគ្គិសនី​ថោកជាង​បណ្តា​ប្រទេស​ក្នុងតំបន់​ក៏ដោយ តម្លៃអគ្គិសនី នៅតែបន្ត​កើនឡើង​ពីមួយឆ្នាំ ទៅ មួយឆ្នាំ កើនឡើងជិត ១០ឆ្នាំទៅហើយ ដោយសារ​ការផ្គត់ផ្គង់​ក្នុងស្រុក មិនទា​ន់អាចបំពេញ​តម្រូវការ​បាន និងខ្វះការ​វិនិយោគ​បន្ថែម នៅក្នុងវិស័យ​នេះ។

គួរជម្រាបដែរថា តម្លៃអគ្គិសនី​នៅវៀតណាម បានកើន​ឡើងជាង ១០ឆ្នាំមក​ហើយ ចាប់ពី ៤,១ សេនដុល្លារ​អាមេរិក មកដល់​តម្លៃចុង​ក្រោយ​នេះគឺ ៨សេន​ដុល្លារ​អាមេរិក ក្នុងមួយគីឡូវ៉ាត់​ម៉ោង ដែលធ្វើឲ្យ​តម្លៃនេះ​ ស្មើនឹង​តម្លៃ​អគ្គិសនី​នៅក្នុង​ប្រទេសចិន និងឥណ្ឌា ប៉ុន្តែយ៉ាងណាក៏​នៅតែ​ទាបជាង ប្រទេសឡាវ ឥណ្ឌូនេស៊ី និងកម្ពុជា​ផងដែរ។

ដោយឡែកយើង​ក្រឡេក​មកមើលពី ប្រភពអគ្គិសនី​របស់ ប្រទេសកម្ពុជា ដែលបាន​នាំចូលពីប្រទេស​ជិតខាងវិញ​ឃើញថា នៅក្នុង​ឆ្នាំ ២០១៨កន្លងទៅ កម្ពុជា ក៏បាននាំ​ចូល​ថាមពលអគ្គិសនី​ប្រមាណ​ជាង ១៤ភាគរយ នៃប្រភព​អគ្គិសនី​ទាំងអស់ ក្នុងនោះ នាំចូល​ពីប្រទេសវៀតណាម​ប្រមាណ ១១ភាគរយ ប្រទេសថៃជិត ៣ភាគរយ និងប្រទេស​ឡាវ ០.៧ភាគរយ។ នេះបើយោង​តាម របាយការណ៍ពី ក្រសួងរ៉ែ និងថាមពលកម្ពុជា។

ក្រៅពីការនាំចូល ប្រទេស​កម្ពុជា បានផលិត​ថាមពលអគ្គិសនី​ក្នុងស្រុក​សរុប រហូតដល់​ទៅ ៨៥ភាគរយ​នៃប្រភពអគ្គិសនី​ទាំងអស់ ដែល​សរុប​ជាង ២ពាន់ ៨រយ​មេហ្គាវ៉ាត់ កើនឡើង​ប្រមាណ ១៤ភាគរយ ធៀប​នឹងឆ្នាំ ២០១៧ ហើយ​ថាមពល​ទាំងនោះ បានមកពី ប្រភព​ដុតធ្យូងថ្ម វារីអគ្គិសនី ដុតប្រេង និងប្រភព​ដទៃ​ផ្សេងៗទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Huawei នាំយកបច្ចេកវិទ្យា 5G ដំបូងបង្អស់ មកកាន់ប្រទេសកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន Huawei បានបង្ហាញនូវបច្ចេកវិទ្យា 5G ទំនើបចុងក្រោយបំផុត របស់ខ្លួន នៅលើទីផ្សារសកលលោក ដែលបានធ្វើឲ្យ ពិភពលោក ជ្រួលច្របល់នឹងបច្ចេកវិ…

ប្រទេសថៃ ទិញអគ្គិសនីពីឡាវកើនដល់ ៦០០០ មេហ្គាវ៉ាត់ម៉ោង

ព័ត៌មាន
មិនត្រឹមតែកម្ពុជាទេ ដែលកំពុងខ្វះខាតថាមពលអគ្គិសនី ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក នៅប្រទេសថៃឯណោះវិញ ក៏កំពុងខ្វះខាតថាមពលអគ្គិសន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ