
បណ្ដាឧស្សាហកម្មថៃ កំពុងព្រួយបារម្ភ ខណៈដែលសហរដ្ឋអាម៉េរិក ទាមទារឱ្យផលិតផលថៃ សម្រាប់ការនាំចេញត្រូវតែផលិតក្នុងស្រុកឱ្យបានយ៉ាងតិច ៦០% នៃផលិតផលសម្រេច។ ពេលនេះ ប្រទេសថៃ កំពុងចរចាសុំឱ្យសហរដ្ឋអាម៉េរិក បញ្ចុះការកំណត់នេះ មកនៅត្រឹម៤០% ប៉ុន្តែសហរដ្ឋអាម៉េរិក កំពុងទាមទារចន្លោះពី៥០% ទៅ៦០%។ សេចក្ដីសម្រេចចុងក្រោយទាក់ទិនការកំណត់នេះ ត្រូវបានព្យាករថា អាចនឹងធ្វើឡើងចុងខែសីហា នេះ។
បណ្ដាក្រុមហ៊ុនឧស្សាហកម្មធំៗនៅក្នុងប្រទេសថៃ កំពុងមានការព្រួយបារម្ភអំពីរឿងនេះ។ សភាពាណិជ្ជកម្មថៃ និយាយថា ការតម្រូវឱ្យទំនិញរបស់ថៃ សម្រាប់ការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក ត្រូវតែផលិតក្នុងស្រុកឱ្យបានយ៉ាងតិច៥០% នៃផលិតផលសម្រេចនឹងជះផលប៉ះពាល់ដល់ក្រុមហ៊ុនសហគ្រាសផលិតជាច្រើន។ ទន្ទឹមនេះ សភាពាណិជ្ជកម្មថៃ ក៏បានព្រមានដែរថា ពន្ធបន្ថែម ឬពន្ធពិន័យ៤០% លើទំនិញដឹកជញ្ជូនឆ្លងកាត់នឹងជះផលប៉ះពាល់ដល់ទំនិញដែលផលិតនៅប្រទេសផ្សេងៗ ដែលត្រូវដឹកជញ្ជូនតាមរយៈប្រទេសថៃ ទៅកាន់សហរដ្ឋអាម៉េរិក។
ទោះបីជាការនាំចេញរបស់ថៃ ទៅកាន់សហរដ្ឋអាម៉េរិក បានកើនឡើងរហូតដល់ទៅ២៧% នៅឆមាសទី១ ឆ្នាំ២០២៥ យ៉ាងណាក្ដី ក៏ផលិតកម្មទាំងមូលនៅក្នុងប្រទេសថៃ បានកើនឡើងមិនដល់១% នោះទេ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញថា ទំនិញភាគច្រើនគ្រាន់តែដឹកចូលប្រទេសថៃ សម្រាប់នាំចេញបន្តទៅកាន់សហរដ្ឋអាម៉េរិក តែប៉ុណ្ណោះ ពោលគឺមិនមែនផលិតក្នុងប្រទេសថៃ នោះទេ។
បណ្ដាមេដឹកនាំធុរកិច្ចកំពុងជំរុញឱ្យរដ្ឋាភិបាលថៃ ជួយគាំទ្រដល់ឧស្សាហកម្ម ដែលរងផលប៉ះពាល់ និងធានាថា និយមន័យនៃការកំណត់ឱ្យផលិតផលថៃ សម្រាប់នាំចេញទៅកាន់សហរដ្ឋអាម៉េរិក ត្រូវតែផលិតក្នុងស្រុកឱ្យបានយ៉ាងតិចចន្លោះពី៥០% ទៅ៦០%នេះមានភាពច្បាស់លាស់ ដើម្បីជួយឱ្យបណ្ដាក្រុមហ៊ុនថៃ នៅតែអាចរក្សាការប្រកួតប្រជែងបានក្នុងការនាំចេញ៕
ដោយ: តែម សុខុម