ប្រទេសថៃ

ក្រុមមេដឹកនាំឧស្សាហកម្ម និងសេវាកម្មថៃព្រួយបារម្ភអំពីបញ្ហាអត្រាការប្រាក់ខ្ពស់


គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃបានអនុម័តដំឡើងអត្រាការប្រាក់គោលពី ១,៧៥ ភាគរយ ទៅដល់ ២ ភាគរយ។ ក្រោយការប្រកាស ក្រុមមេដឹកនាំវិស័យឧស្សាហកម្មនិងសេវាកម្មនៅក្នុងប្រទេសថៃបានលើកឡើងអំពីផលប៉ះពាល់ដល់អាជីវកម្មខ្នាតតូចនិងមធ្យម ស្របពេលដែលអំណាចទិញនៅក្នុងវិស័យអចលនៈទ្រព្យកំពុងចុះខ្សោយ ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍។
ក្រុមមេដឹកនាំឧស្សាហកម្ម និងសេវាកម្មថៃព្រួយបារម្ភអំពីបញ្ហាអត្រាការប្រាក់ខ្ពស់

កាលពីថ្ងៃទី ៣១ ខែឧសភាថ្មីៗនេះ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីដំឡើងអត្រាការប្រាក់គោលពី ១,៧៥ ទៅ ២ ភាគរយ ដើម្បីទប់ស្កាត់ហានិភ័យអតិផរណា ហើយក្រោយពីការសម្រេចនេះ ធនាគារនានាក៏បានដំឡើងអត្រាការប្រាក់របស់ពួកគេផងដែរ។

លោក គ្រឿនក្រៃ ធៀននុគល់ ( Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃបាននិយាយថា ការបង្កើនអត្រាការប្រាក់នាំឱ្យការចំណាយហិរញ្ញវត្ថុកាន់តែធំ ហើយបើបូករួមទាំងថ្លៃអគ្គីសនីថ្លៃទៀតនោះ អាចបង្កការលំបាកដល់ក្រុមហ៊ុនមួយចំនួនក្នុងការថែរក្សាតម្លៃផលិតផល ឬសូម្បីតែបន្តប្រតិបត្តិការរបស់ពួកគេក៏លំបាកដែរ។ លោកមានប្រសាសន៍ថា ក្រុមហ៊ុនផលិតចាំបាច់ត្រូវបង្កើនតម្លៃទំនិញ នៅពេលដែលតម្លៃប្រតិបត្តិការរបស់ពួកគេកើនឡើង ហើយពួកគេក៏នឹងអាចកាត់បន្ថយការផលិតផងដែរ ដូច្នេះវានឹងដាក់សម្ពាធលើការប្រើប្រាស់ក្នុងស្រុក ដូច្នេះវានឹងប៉ះពាល់ដល់សេដ្ឋកិច្ច។

លោក ថាណេ ពិតស៊ូវណ្ណ ( Tanes Petsuwan) អនុប្រធានអាជ្ញាធរទេសចរណ៍ថៃទទួលបន្ទុកតំបន់អាស៊ីនិងប៉ាស៊ីហ្វិក បាននិយាយថា ដោយសារការមកដល់របស់ជនបរទេសបានកើនឡើងជិត ១១ លាននាក់ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ប្រទេសថៃកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការទាក់ទាញភ្ញៀវទេសចរយ៉ាងហោចណាស់ ២៥ លាននាក់សម្រាប់ឆ្នាំ២០២៣ ជាមួយនឹងចំណូលប្រមាណជា ៦៩ ពាន់លានដុល្លារ។ នៅពេលបច្ចុប្បន្នស្ថាប័ន នេះកំពុងធ្វើផែនការផ្សព្វផ្សាយថ្មីសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ហើយរំពឹងថានឹងបញ្ចប់សំណើរបស់ខ្លួនទៅកាន់រដ្ឋាភិបាលថ្មីក្នុងខែនេះ។

លោក គ្រឿនក្រៃ បានស្នើឲ្យអាជ្ញាធរនានាប្រើប្រាស់គ្រប់យន្តការក្នុងការជំរុញការប្រើប្រាស់ក្នុងស្រុក ដើម្បីលើកកំពស់និងគាំពារផលិតកម្មដែលកំពុងមានបញ្ហា ប៉ុន្តែលោកបានព្រមានថា បើការបង្កើតរដ្ឋាភិបាលថ្មីត្រូវពន្យារពេលនោះវិស័យទេសចរណ៍អាចនឹងរងផលប៉ះពាល់។

លោក វីសិទ្ធ លីមលួចា ( Visit Limlurcha) អនុប្រធានសភាពាណិជ្ជកម្មថៃ បាននិយាយថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលបានប៉ះពាល់ដល់ការចំណាយលើការធ្វើអាជីវកម្ម ជាពិសេសសម្រាប់សហគ្រាសដែលជំពាក់បំណុលគេ។ លោកបាននិយាយទៀតថា សហគ្រាសធុនតូច និងមធ្យម នឹងក្លាយជាក្រុមដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារពួកគេមានដើមទុនហិរញ្ញវត្ថុតិចជាងអាជីវកម្មធំៗ។

ដោយឡែកលោក វិឆ័យ វីរ៉ាតកាផាន (Vichai Viratkapan) អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ បាននិយាយថា នៅឆ្នាំនេះអត្រាការប្រាក់អាចនឹងឡើងពី ០,៧៥ ទៅ ១ ភាគរយ ។ លោកបានមានប្រសាសន៍ថា អត្រាការប្រាក់កាន់តែខ្ពស់នឹងមានឥទ្ធិពលខ្លាំងលើការលក់ និងការផ្ទេរលំនៅដ្ឋាន ដោយសារអត្រាការប្រាក់នេះវាកំណត់សមត្ថភាពទិញនិងខ្ចីរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ដោយសម្រង់សំដីដើមថា "ទីផ្សារអចលនទ្រព្យនៅឆ្នាំនេះទំនងជានឹងនៅទ្រឹង"។

នៅក្រោមសេណារីយ៉ូបែបនេះ មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យបានប៉ាន់ប្រមាណថា កម្ចីទិញផ្ទះថ្មីទូទាំងប្រទេសនឹងអាចធ្លាក់ចុះ ៦,៨ ភាគរយ ហើយបើនិយាយអំពីសាច់ប្រាក់វិញ គឺធ្លាក់ចុះពី ២០ ពាន់លានដុល្លារ មកនៅត្រឹមប្រមាណជា ១៩ ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


អាស៊ានជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀង ខណៈអសន្តិសុខស្បៀងបានប៉ះពាល់មនុស្ស ៣៤៥ លាននាក់ទូទាំងសកលលោក

ព័ត៌មាន
ពលរដ្ឋសរុបប្រមាណជា ៣៤៥ លាននាក់ នៅក្នុង ៨២ ប្រទេស កំពុងរងផលប៉ះពាល់ពីអសន្តិសុខស្បៀង។ អាស្រ័យហេតុនេះ ការដោះស្រាយបញ្ហាអសន្តិសុខស្បៀងក្នុងគ្រា…

ស័ក្តិសមជារោងចក្រឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ច្រើនជាងគេបំផុតនៅកម្ពុជា

ព័ត៌មាន
ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ដែលមានគ្រឿងផ្សំ និងបច្ចេកវិទ្យាទំនើប ឈានមុខគេនៅកម្ពុជា ហើយក៏ជាក្រុមហ៊ុនក្នុងស្រុកដំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ