ទំហំពាណិជ្ជកម្ម វៀតណាម-កូរ៉េខាងត្បូង

វៀតណាម និងកូរ៉េខាងត្បូង កំណត់គោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ១០០ពាន់លានដុល្លារ នៅឆ្នាំ២០២៣


ក្នុងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង នៅក្រុងហាណូយ ប្រទេសវៀតណាម ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបទំនាក់ទំនងការទូតលើកទី៣០ ភាគីទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត ជាពិសេសលើការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ១០០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២២ និងដល់១៥០ពាន់លានដុល្លារនៅឆ្នាំ២០៣០។ នេះបើតាមការការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
វៀតណាម-កូរ៉េខាងត្បូង ដាក់គោលដៅសម្រេចទំហំពាណិជ្ជកម្ម ១០០ពាន់លានដុល្លារនៅឆ្នាំក្រោយ

លោក Bui Thanh Son រដ្ឋមន្រ្តីការបរទេសវៀតណាម បានស្នើឡើងក្នុងជំនួបជាមួយលោក Park Jin រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ ខែតុលាថា ប្រទេសទាំងពីរ វៀតណាម និងកូរ៉េខាងត្បូង ត្រូវបង្កើនទំហំពាណិជ្ជកម្ម ឱ្យបានដល់ ១០០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៣ និងបង្កើនថែមទៀតដល់ ១៥០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០ តាមរយៈយន្តការទ្វេភាគី និងពហុភាគី ជាពិសេស គឺការបង្កើនការនាំចេញផលិតផលរបស់វៀតណាម ចូលទៅប្រទេសកូរ៉េខាងត្បូង។

រដ្ឋមន្រ្តីកាបរទេសវៀតណាម បានលើកឡើងថា រដ្ឋាភិបាលខ្លួនតែងតែលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ ឱ្យចូលមកវិនិយោគនៅក្នុងប្រទេស ដោយផ្តល់អាទិភាពលើវិស័យបច្ចេកវិទ្យាឌីជីថល ថាមពលកកើតឡើងវិញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់មណ្ឌលបច្ចេកវិទ្យាឯកទេសចម្រុះ តំបន់ឧស្សាហកម្ម និងកសិកម្មបច្ចេកវិទ្យាខ្ពស់ជាដើម ខណៈបច្ចុប្បន្ននេះ ការវិនិយោគរបស់កូរ៉េខាងត្បូងនៅវៀតណាម បានឈានដល់ទំហំទឹកប្រាក់ ៨០ពាន់លានដុល្លារហើយ។

ទន្ទឹមនឹងនេះ លោក Bui Thanh Son ក៏បានស្នើឱ្យភាគីកូរ៉េ បង្កើនជំនួយអភិវឌ្ឍផ្លូវការសម្រាប់វៀតណាម និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការគ្នាក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា សុខាភិបាល ពលកម្ម វប្បធម៌ អប់រំ និងមនុស្សផងដែរ។

ចំណែករដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង បានស្នើទៅភាគីវៀតណាមវិញដូចគ្នា ជុំវិញការបង្កើតលក្ខខណ្ឌសម្រាប់ក្រុមហ៊ុនកូរ៉េ ដើម្បីជួយដល់ស្ថិរភាពនៃការផ្គត់ផ្គង់ក្រោយវិបត្តិជំងឺកូវីដ-១៩។

ប្រទេសកូរ៉េខាងត្បូង គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វៀតណាម និង ជាប្រភពធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេស។ ការនាំចូលសំខាន់ៗពីកូរ៉េខាងត្បូងមកវៀតណាម រួមមានគ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន លោហធាតុ ប្លាស្ទិក ក្រណាត់ និងឥន្ធនៈ។

ចាប់តាំងពីការបង្កើតចំណងការទូតក្នុងឆ្នាំ១៩៩២មក ទំនាក់ទំនងទាំងពីរបានរីកលូតលាស់លើគ្រប់វិស័យ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីឆ្នាំមុន បានឈានដល់ ៨០ពាន់លានដុល្លារ ដែលបានកើនឡើង ១៦០ដង គិតពីឆ្នាំចាប់ផ្តើមទំនាក់ទំនងរវាងប្រទេសទាំងពីរនោះមក៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


អាមេរិក និងជប៉ុនកើតមានក្ដីបារម្ភ ក្រោយក្រុមហ៊ុនចិនមួយចំនួនទិញដី “ធ្វើកសិកម្ម” នៅក្បែរមូលដ្ឋានទ័ពអាកាសរបស់ខ្លួន

ព័ត៌មាន
សមាជិកសភាអាមេរិកចំនួន ១៣០ នាក់បានផ្ញើលិខិតមួយទៅកាន់ការិយាល័យគណនេយ្យភាពរបស់រដ្ឋាភិបាល (GAO) ដោយស្នើសុំឱ្យសិក្សាពីផលប៉ះពាល់សុវត្ថិភាព…

អង់គ្លេសនឹងផ្តល់អាទិភាពលើជំនួយសម្រាប់អ្នកងាយរងគ្រោះបំផុត ស្របពេលអតិផរណាកើនឡើងដល់ជាង១០%

ព័ត៌មាន
រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសលោក ចេរេមី ហាន់(Jeremy Hunt) ក្រោយចូលកាន់តំណែងមិនយូរប៉ុន្មានផង បានអះអាងថា រដ្ឋាភិបាលនឹងផ្តល់អាទិភាពលើជំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ