នាយករដ្ឋមន្ត្រីថៃ លោកស្រ៊ីថា ថាវីស៊ីន បាននិយាយថា រដ្ឋាភិបាលរបស់លោកមើលឃើញពីតម្រូវការដើម្បីអភិវឌ្ឍន៍យុទ្ធសាស្រ្តសម្រាប់ទីផ្សារមូលធនឱ្យស្របតាមនិន្នាការនៃការផ្លាស់ប្តូរការវិនិយោគនៅទូទាំងពិភពលោក។
នាយករដ្ឋមន្ត្រីថៃ បាននិយាយថា ទិសដៅឌីជីថល និង និរន្តរភាពបានប៉ះពាល់ដល់ទីផ្សារមូលធន សេដ្ឋកិច្ច និងសុខុមាលភាពប្រជាជនទាំងមូល ហើយថា រដ្ឋាភិបាលថៃ ចង់ផ្តោតលើការជួយ គាំទ្រដល់ការផ្លាស់ប្តូររបស់ប្រទេសថៃ ឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលប្រកបដោយនិរន្តរភាព។
ជាក់ស្ដែងលោក ស្រ៊ីថា ដែលកាន់កាប់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុដែរនោះបាននិយាយថា រដ្ឋាភិបាលថៃ បានអនុម័តមូលនិធិ Thailand ESG ដែលគេរំពឹងថានឹងរៃអង្គាសប្រាក់បានជាង ២៨៣លានដុល្លារអាម៉េរិកនៅក្នុងការផ្ដល់មូលនិធិ។
រដ្ឋាភិបាលថៃ ក៏បានយល់ព្រមជាគោលការណ៍ដើម្បីកាត់បន្ថយឧបសគ្គទាក់ទងនឹងការធ្វើអាជីវកម្មទ្រព្យសម្បត្តិឌីជីថលដែលជាផ្នែកមួយដើម្បីគាំទ្រការប្រកួតប្រជែងស្មើភាពគ្នាបន្ថែមទៀតនៅក្នុងទីផ្សារទ្រព្យសកម្មឌីជីថលផងដែរ។
លោក ស្រ៊ីថា បាននិយាយទៀតថា ការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រតិបត្តិករអាជីវកម្មទ្រព្យសកម្មឌីជីថលនឹងលើកទឹកចិត្តឱ្យប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៃអង្គាសប្រាក់តាមរយៈនិមិត្តសញ្ញាវិនិយោគក៏ដូចជាលើកកម្ពស់ការច្នៃប្រឌិតក្នុងវិស័យអាជីវកម្មផងដែរ ហើយពេលនេះ រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រ៣ចំណុច ដើម្បីពង្រឹងទីផ្សារមូលធន។
យុទ្ធសាស្ត្រទីមួយគឺរដ្ឋបាលថៃនឹងត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងបំផុតចំពោះការទាក់ទាញការវិនិយោគពីបរទេស និងកំពុងជំរុញទីផ្សារមូលធនឱ្យក្លាយជាគោលដៅវិនិយោគក្នុងតំបន់សម្រាប់វិស័យផ្សេងៗ។
នៅត្រង់ចំណុចនេះរដ្ឋាភិបាលថៃ ចង់ពន្លឿនការចរចា និងការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើកទីផ្សារថ្មី និងបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយនឹងប្រទេសជាច្រើនជាពិសេសប្រទេសនៅអឺរ៉ុប មជ្ឈិមបូព៌ា និងតំបន់ដទៃទៀត ហើយថៃនឹងលើកកម្ពស់ប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសថៃដល់វិនិយោគិនបរទេសជាមួយនឹងការបង្ហាញព័ត៌មានវិនិយោគអំពីទីផ្សារភាគហ៊ុនថៃ តាមរយៈការបង្ហាញផ្លូវដើម្បីបង្កើតទំនុកចិត្តដល់អ្នកវិនិយោគបរទេស។
ចំណុចទីពីរ គឺរដ្ឋាភិបាលនឹងត្រូវផ្លាស់ប្ដូរចំណុចផ្ដោតរបស់ខ្លួនទៅរកចំណុចមួយដែលប្រកបដោយនិរន្តរភាព។ វាមានន័យថា រដ្ឋាភិបាលនឹងគាំទ្រគ្រប់វិស័យក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ប្រទេសថៃ (SDGs) ក្នុងបំណងរក្សាអព្យាក្រិតកាបូននៅត្រឹមឆ្នាំ២០៥០ និងបំបាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់នៅត្រឹមឆ្នាំ២០៦៥ និងផែនការសំខាន់ៗមួយចំនួនទៀត។
ចំណុចទី៣ចុងក្រោយ គឺថា រដ្ឋាភិបាលបានលើកម្ពស់ឱ្យមានការរៃអង្កៀសមូលនិធិសម្រាប់វិស័យពាណិជ្ជកម្មជាពិសេសសម្រាប់ពាណិជ្ជកម្មឌីជីថល់ សហគ្រាសខ្នាតតូចនិងមធ្យម (SMEs) និងការចាប់ផ្ដើមអាជីវកម្មថ្មីដើម្បីធានាបាននូវមូលធនគ្រប់គ្រាន់ដើម្បីដំណើរការពាណិជ្ជកម្មរបស់ពួកគេ និងពង្រីកដល់ទីផ្សារពិភពលោក៕
អត្ថបទ៖ សុខ ជា