ផែនការលុប MoU

ផែនការធ្វើប្រជាមតិដើម្បីលុប MoU ជាមួយកម្ពុជារបស់នាយករដ្ឋមន្ត្រីថៃ ប្រឈមនឹងការជំទាស់


ផែនការធ្វើប្រជាមតិដើម្បីលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ និង ២០០១ ដែលថៃបានចុះហត្ថលេខាជាមួយកម្ពុជាកំពុងប្រឈមមុខនឹងការខ្វែងគំនិតគ្នាក្នុងចំណោមមជ្ឈដ្ឋានអ្នកនយោបាយថៃ ។ អ្នកនយោបាយថៃមួយចំនួន ស្នើឱ្យនាយករដ្ឋមន្រ្តីថៃ អនុទិន ឆានវីរៈគុល រៀបចំគម្រោងនេះ ខណៈអ្នកខ្លះថា ថៃមិនគួរធ្វើបែបនេះនោះទេ ដោយសារបញ្ហាទំនាក់ទំនងអន្តរជាតិ និងសន្តិសុខជាតិ មិនគួរត្រូវបានសម្រេចដោយការបោះឆ្នោតជាឯកតោភាគីឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។
ផែនការលុប MoU
ដោយ

ក្រុមអ្នកតវ៉ាបែបអភិរក្ស ដែលមានទំនាក់ទំនងនឹងអតីតចលនាអាវលឿងបានប្រមូលផ្តុំគ្នានៅខាងក្រៅវិមានរដ្ឋាភិបាលកាលពីថ្ងៃអង្គារ៍ទី០៧តុលា ដើម្បីដាក់ញត្តិជូននាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក អនុទីនដើម្បីទាមទារឲ្យមានចំណាត់ការលើកិច្ចព្រមព្រៀងព្រំដែន ដែលមានជម្លោះជាមួយកម្ពុជា។ ក្រុមអ្នកតវ៉ាទាំងនោះកំពុងអំពាវនាវឱ្យរដ្ឋាភិបាលសម្រេចចិត្តលើជោគវាសនានៃ MoU ដែលថៃបានចុះហត្ថលេខាជាមួយកម្ពុជាក្នុងឆ្នាំ២000 និង២00១ ដែលជាឯកសារផ្លូវការ និងជាមូលដ្ឋានទ្រទ្រង់ដំណើរការចរចាព្រំដែនទ្វេភាគីអស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។

ក្រោយរងសម្ពាធជាតិនិយមពីប្រជាពលរដ្ឋកាន់តែខ្លាំងឡើង លោក អនុទិន បានអះអាងថា រដ្ឋាភិបាលថៃនឹងធ្វើប្រជាមតិក្នុងការលុប MoU ខាងលើនៅចុងខែមីនា ឬ ដើមខែមេសាឆ្នាំក្រោយ ប៉ុន្តែផែនការនេះមិនទទួលបានការគាំទ្រពីក្រុមអ្នកនយោបាយមួយចំនួននោះទេ ដោយពួកគេបានលើកឡើងថា បញ្ហានៃទំនាក់ទំនងអន្តរជាតិ និងសន្តិសុខជាតិមិនគួរត្រូវបានសម្រេចដោយការបោះឆ្នោតប្រជាមតិឡើយ។

ក្រុមអ្នកនយោបាយថៃបានបង្ហាញការព្រួយបារម្ភខ្លាំងចំពោះគម្រោងធ្វើប្រជាមតិលុបចោល MoU ជាមួយកម្ពុជា និងបានចាត់ទុកការលើកឡើងរបស់នាយករដ្ឋមន្រ្តីថ្មីរបស់ថៃថា ជាការព្យាយាមផ្លាស់ប្តូរទំនួលខុសត្រូវ ពោលគឺរដ្ឋាភិបាលថៃកំពុងទម្លាក់ទំនួលខុសត្រូវលើបញ្ហានេះមកលើប្រជាជន។ បើតាមការស្ទង់មតិកន្លងមកមានពលរដ្ឋថៃរហូតដល់៧០% មិនបានយល់ពីខ្លឹមសារ នៃ MoU នេះនោះទេ។

ជុំវិញបញ្ហានេះរដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភឿងគៀតកែវ (Sihasak Phuangketkeow) បានអះអាងថា ក្រសួងការបរទេសថៃ នឹងផ្តល់ព័ត៌មានជុំវិញបញ្ហានេះដល់ដល់សាធារណជនឱ្យបានទូលំទូលាយ។ បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីរូបនេះ មកទល់ពេលនេះមិនទាន់មានការពិភាក្សាពីការលុបចោល MoU ជាមួយកម្ពុជានោះទេ វាកំពុងស្ថិតក្នុងការត្រួតពិនិត្យរបស់គណៈកម្មាធិការសភានៅឡើយ។ លោកបានបន្តថា អ្វីៗត្រូវតែធ្វើឡើងដោយប្រុងប្រយ័ត្ន ព្រោះវាទាក់ទងនឹងផលប្រយោជន៍ជាតិ ប្រសិនបើប្រជាពលរដ្ឋចូលរួមសម្រេចចិត្ត ពួកគេត្រូវតែផ្តល់ព័ត៌មានឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។

ពាក់ព័ន្ធការធ្វើប្រជាមតិលុប MoU ជាមួយកម្ពុជាពីសំណាក់រដ្ឋាភិបាលថៃនេះដែរ ក្រុមបញ្ញាវ័ន្តកម្ពុជា ដោយរួមទាំងមន្រ្តីរដ្ឋាភិបាលផងនោះបានលើកឡើងថា MoU 2000 និង 2001 មានតួនាទីសំខាន់ជាក្របខណ្ឌច្បាប់សម្រាប់ការចរចា និងសហប្រតិបត្តិការជាមួយថៃ ហើយវាបានក្លាយជាសន្ធិសញ្ញា ឬច្បាប់អន្តរជាតិទៅហើយ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា ធ្លាប់លើកឡើងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ភាគីថៃមិនអាចលុប MoU ទាំងពីរនេះបាននោះទេ ព្រោះវាជាឯកសារ ដែលមានតម្លៃជាច្បាប់អន្តរជាតិ។ អ្នកនាំពាក្យរូបនេះអះអាងថា MoU ទាំងពីរនេះ ជាពិសេស MoU 2000 ត្រូវមានសុពលភាពរហូតដល់កម្មវត្ថុរបស់វា ពោលគឺការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃ ត្រូវបានធ្វើចប់សព្វគ្រប់ ដោយគ្មានរដ្ឋភាគីណាមួយអាចលុបចោលដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិកគ្រោងដំឡើងថ្លៃកំពង់ផែលើកប៉ាល់ដឹកទំនិញចិននៅឆ្នាំក្រោយ ដែលនឹងធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនកំពូលៗបង្កើនចំណាយរហូតដល់៣,២ពាន់លានដុល្លារ

សហរដ្ឋអាម៉េរិកកំពុងត្រៀមដំឡើងថ្លៃចូលចតកំពង់ផែលើកប៉ាល់ដឹកទំនិញផលិតដោយចិន ឬដែលមានទំនាក់ទំនងជាមួយប្រទេសចិននៅឆ្នាំក្រោយ ហើយចំណាត់ការនេ…

កញ្ចប់ថវិកាសង្គ្រោះកសិករអាម៉េរិកទំហំ២៨ពាន់លានដុល្លាររបស់លោក ត្រាំ បង្កឱ្យមានការព្រួយបារម្ភ

ផែនការផ្ដល់កញ្ចប់ថវិកាសង្គ្រោះកសិករអាម៉េរិកទំហំ២៨ពាន់លានដុល្លាររបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កឱ្យមានការព្រួយបារម្ភថា តើអ្នកណាជាអ្នក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ