
លោក Natthaphong Ruengpanyawut មេដឹកនាំបក្សប្រឆាំង «គណបក្សប្រជាជន» បានប្រាប់សភាថា លោកស្រី ផែថុងថាន ពុំមានចេតនាក្នុងការដោះស្រាយបញ្ហាជាតិ និងខ្វះចំណេះដឹងក្នុងការគ្រប់គ្រងជាតិ។ លោកបានគូសបញ្ជាក់ថា បញ្ហាជាតិធំៗដូចជា ដូចជា ខ្យល់ពុល, ការយកថ្លៃអគ្គិសនីខ្ពស់ និងបញ្ហាទាក់ទងនឹងការីករាលដាលនៃសត្វត្រីប្រភេទទីឡាព្យ៉ាចង្កាខ្មៅជាដើម គឺរាជរដ្ឋាភិបាលនៅតែមិនអាចដោះស្រាយបានដដែល។ រីឯគោលនយោបាយផ្ដល់សាច់ប្រាក់ដល់ពលរដ្ឋប្រមាណ ១ម៉ឺនបាត ឬស្មើនឹងប្រមាណជិត ៣០០ដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចនោះទៀតសោត ក៏បានបរាជ័យថែមទៀត។
មេបក្សប្រឆាំងរូបនេះ បាននិយាយបញ្ឆិតបញ្ឆៀង ទៅកាន់លោកស្រី ផែ ថុងថានថា បានបណ្ដោយឲ្យឥទ្ធិពលរបស់ឪពុករបស់លោកស្រី គ្របដណ្ដប់លើកិច្ចការងារជាតិសំខាន់ៗ។
លោក Natthaphong និយាយថា «យើងមានមេដឹកនាំក្រៅប្រព័ន្ធ ដែលធ្វើការនៅក្រៅវិមានរាជរដ្ឋាភិបាល ដោយមិនចាំបាច់មានការទទួលខុសត្រូវនោះទេ ព្រោះគាត់មិនស្ថិតនៅក្រោមយន្ដការត្រួតពិនិត្យណាមួយឡើយ»។
មេដឹកនាំគណបក្ស Palang Pracharath លោកឧត្តមសេនីយ៍ Prawit Wongsuwon បាននិយាយប្រាប់សភាដែរថា នាយករដ្ឋមន្ត្រីថៃ នៅតែចចេសបន្ដគោលនយោបាយចែកប្រាក់ ១ម៉ឺនបាត ជូនដល់ពលរដ្ឋម្នាក់ៗ បើទោះបីជា គោលនយោបាយនេះ កន្លងមកត្រូវបានស្ថាប័ន IMF និងធនាគារពិភពលោក ព្រមានថា មិនមានប្រសិទ្ធភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចយ៉ាងណាក្ដី។
លោកបន្ថែមទៀថា គោលនយោបាយកិច្ចការបរទេសរបស់នាយករដ្ឋមន្ត្រី ទាក៉ទងនឹងអនុស្សរណៈនៃការយោគយល់គ្នានៅឆ្នាំ ២០០១ ជាមួយនឹងប្រទេសកម្ពុជា ក៏បានធ្វើឱ្យធនធានសមុទ្រ និងទឹកដីថៃស្ថិតក្នុងហានិភ័យផងដែរ។