ការិយាល័យជាតិឥណទានថៃ បានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ជិត១១% នៃកម្ចីរបស់សហគ្រាសធុនតូច និងមធ្យមបានក្លាយជាឥណទានមិនដំណើរការ ដែលគ្របដណ្ដប់លើគណនីប្រមាណ៨០,០០០គណនី។ លើសពីនេះឥណទានជិត ៥% ទៀត ដែលមានទំហំប្រមាណ១២១ពាន់លានបាត ឬជាង៣,៦ពាន់លានដុល្លារ ត្រូវបានចាត់ទុកថា ត្រូវការការយកចិត្តទុកដាក់ពិសេស ព្រោះមានហានិភ័យធ្លាក់ចូលជាបំណុលខូច។ នេះមានន័យថា ជិត១៦% នៃឥណទានសរុបកំពុងស្ថិតក្នុងហានិភ័យ។
ក្នុងពេលជាមួយគ្នានេះ ឥណទានសរុបសម្រាប់ SME មានទំហំរហូតដល់ជាង ៧៦ពាន់លានដុល្លារ ប៉ុន្តែកើនឡើងត្រឹម ០,៥% បើធៀបនឹងឆ្នាំមុន ដែលបង្ហាញពីស្ថានភាពហិរញ្ញវត្ថុដ៏តឹងតែងសម្រាប់វិស័យអាជីវកម្ម។ ដើម្បីទប់ស្កាត់បញ្ហាមិនឱ្យធ្ងន់ធ្ងរជាងនេះ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា កំពុងជំរុញការរៀបចំឥណទានឡើងវិញ មុនពេលអាជីវកម្មនានាធ្លាក់ចូលក្នុងស្ថានភាពខកខានសងបំណុល។ ទំហំបំណុលដែលបានរៀបចំឡើងវិញបានកើនដល់ ៣៣០ពាន់លានបាត ឬជិត ១០ពាន់លានដុល្លារ បើធៀបនឹងជាង៧,៥ពាន់លានដុល្លារកាលពីឆ្នាំមុន។
ប្រសិនបើបញ្ហាបំណុលរបស់ SME បន្តធ្ងន់ធ្ងរឡើង នោះផលប៉ះពាល់អាចមិនឈប់ត្រឹមវិស័យធនាគារប៉ុណ្ណោះទេ ប៉ុន្តែអាចរាលដាលដល់ការវិនិយោគ ការងារ ការចំណាយរបស់ប្រជាជន និងកំណើនសេដ្ឋកិច្ចថៃ ទាំងមូល៕
ដោយ: តែម សុខុម