វិស័យ​បច្ចេកវិទ្យា

ការប្រកួតប្រជែង AI រវាងអាម៉េរិក និងចិន ឡើងកម្តៅកាន់តែខ្លាំង ដោយអាម៉េរិក តម្រូវឱ្យសម្ពន្ធមិត្តចូលរួមជាមួយខ្លួនប្រណាំងប្រជែង AI ជាមួយ


សង្គ្រាមបច្ចេកវិទ្យារវាងអាម៉េរិក និងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរនៅលើពិភពលោកបានឈានដល់របត់ថ្មីមួយទៀតហើយ ដោយសហរដ្ឋអាម៉េរិក បានដាក់សម្ពាធយ៉ាងក្តៅគគុកលើបណ្តាប្រទេសជាសម្ពន្ធមិត្ត ដោយតម្រូវឱ្យពួកគេចូលរួមជាមួយខ្លួន ដើម្បីប្រកួតប្រជែងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាមួយប្រទេសចិន។ ទីក្រុងវ៉ាស៊ីនតោន បានចេញការព្រមានខ្លាំងៗថា ប្រទេសណាដែលហ៊ានទៅចុះហត្ថលេខាលើក្របខណ្ឌប្រកួតប្រជែង AI របស់ទីក្រុងប៉េកាំង នឹងត្រូវបដិសេធ និងបណ្ដេញចេញពីសម្ព័ន្ធភាព AI ដែលដឹកនាំដោយអាម៉េរិក។
វិស័យ​បច្ចេកវិទ្យា
ដោយ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រមួយក្នុងគោលបំណងគ្រប់គ្រង និងធានាសុវត្ថិភាពខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត រាប់ចាប់តាំងពីម៉ូដែល AI ទំនើបៗ, បន្ទះឈីប រហូតដល់រ៉ែយុទ្ធសាស្ត្រសំខាន់ៗ។ ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីចិន បានបង្កើតអង្គការសហប្រតិបត្តិការ AI ពិភពលោក ដែលអាម៉េរិកមើលឃើញថា ជាការបោះជំហានវាយលុកយ៉ាងស្រួចស្រាល់ ដើម្បីដណ្តើមឧត្តមភាពបច្ចេកវិទ្យា។

បច្ចុប្បន្នមានប្រទេសប្រមាណ ២៤ បានចូលរួមក្នុងសម្ពន្ធភាព Pax Silica របស់អាម៉េរិករួមមានជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង និងប្រទេសកាហ្សាក់ស្ថាន ដែលជាប្រភពរ៉ែយុទ្ធសាស្ត្រដ៏សំខាន់ ប៉ុន្តែប្រទេសនេះក៏បានចូលរួមក្នុងអង្គការ AI របស់ចិន ផងដែរ។ យោងតាមសេចក្តីព្រាងលិខិតផ្ទៃរបស់ក្រសួងការបរទេសអាម៉េរិក ដែលបានផ្ញើទៅកាន់ប្រទេសចំនួន ៣៥ សហរដ្ឋអាម៉េរិក កំពុងប្រើនយោបាយបិទផ្លូវមិនឱ្យចិន ទទួលបានធនធាន និងបច្ចេកវិទ្យាចាំបាច់។ ទីក្រុងវ៉ាស៊ីនតោន បារម្ភថា ប្រសិនបើចិន ក្តោបបានធនធានទាំងនេះ ចិននឹងបង្កើត AI ដ៏គ្រោះថ្នាក់បំផុត ដែលអាចយកទៅប្រើប្រាស់ ដើម្បីដណ្តើមឧត្តមភាពផ្នែកយោធា និងសេដ្ឋកិច្ចសកលលោក។

ភ្លាមៗនោះស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន បានចេញមុខប្រតិកម្មតបតវិញយ៉ាងចាស់ដៃ ដោយចោទប្រកាន់អាម៉េរិកថា កំពុងយកពាណិជ្ជកម្ម និងបច្ចេកវិទ្យា AI ធ្វើជាឧបករណ៍នយោបាយ។ អ្នកនាំពាក្យស្ថានទូតចិនបានគូសបញ្ជាក់ថា ទង្វើគាបសង្កត់ និងបំបែកបំបាក់របស់អាម៉េរិកមានតែធ្វើឱ្យរាំងស្ទះដល់ការរីកចម្រើនរបស់ AI សកល និងមិនបានផ្តល់ផលប្រយោជន៍ឱ្យនរណាម្នាក់ឡើយ។

ចំណែកឯប្រទេសកាហ្សាក់ស្ថាន ដែលកំពុងឈរនៅចន្លោះជើងមហាយក្សទាំងពីរ ដោយសារជាសមាជិក Pax Silica របស់អាម៉េរិកផង និងជាសម្ពន្ធមិត្ត AI របស់ចិន ផងនោះ នៅតែបន្តរក្សាភាពស្ងៀមស្ងាត់ និងមិនទាន់បង្ហាញជំហរផ្លូវការណាមួយនៅឡើយទេ ខណៈសង្គ្រាម AI ពិភពលោកកាន់តែឡើងកម្ដៅខ្លាំងទៅៗ៕




អត្ថបទបន្ទាប់


វៀតណាម ដាក់គោលដៅរកចំណូលឱ្យបាន១ពាន់លានដុល្លារពីវិស័យទេសចរណ៍​វេជ្ជសាស្ត្រនៅត្រឹមឆ្នាំ២០៣០

វៀតណាម កំពុងបោះជំហានយ៉ាងលឿនក្នុងការប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលថែទាំសុខភាព ដ៏មានប្រជាប្រិយភាពនៅក្នុងតំបន់។ នៅត្រឹមឆ្នាំ២០៣០ ប្រទេសក្បែរខាងកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ