បើយោងទិន្នន័យពីរដ្ឋបាលគយចិន ទំហំពាណិជ្ជកម្មចិន-អាស៊ាស៊ានក្នុងឆមាសទី១ ឆ្នាំ២០២៦ បានកើនឡើងជាង ១៨% ឈានដល់ជាង៦៤៣ពាន់លានដុល្លារអាម៉េរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះត្រូវបានជំរុញដោយផលិតគ្រឿងបន្លាស់ គ្រឿងចក្រ និងវត្ថុធាតុដើមបម្រើឱ្យការផលិត ដែលមានទំហំរហូតដល់ជាង ៤២៤ពាន់លានដុល្លារកើនឡើងជាង ២៤%។ តួលេខនេះក្តោបក្តាប់រហូតដល់ទៅ ជិតពីរភាគបី នៃទំហំពាណិជ្ជកម្មសរុប។
លោក លីយូ ដាលៀន (Lyu Daliang) អ្នកនាំពាក្យរដ្ឋបាលគយចិន បានគូសបញ្ជាក់ថា កំណើនដ៏រឹងមាំនៃទំហំពាណិជ្ជកម្មនេះ គឺជាភស្តុតាងស្តែងឱ្យឃើញពីការតភ្ជាប់ និងសមាហរណកម្មកាន់តែស៊ីជម្រៅ នៃខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃរវាងឧស្សាហកម្មចិន និងតំបន់អាស៊ាន ដែលមិនអាចផ្តាច់ចេញពីគ្នាបានឡើយ។ ផ្អែកលើទិន្នន័យរបស់គយក្រុងណាននីង ដែលជាច្រកទ្វារសេដ្ឋកិច្ចជាប់ព្រំដែនអាស៊ាន បានបង្ហាញថា គ្រាន់តែទីក្រុងក្វាងស៊ីមួយការដោះដូរពាណិជ្ជកម្មជាមួយអាស៊ាន កើនដល់ជិត ៣៧ពាន់លានដុល្លារក្នុងរយៈពេល៧ខែដំបូង ឆ្នាំ២០២៦ កើនឡើងជាង២%។
បន្ថែមពីលើផ្លូវសមុទ្រ កម្លាំងចលករថ្មីនៃពាណិជ្ជកម្មតំបន់ គឺផ្លូវដែកល្បឿនលឿន ជាពិសេសខ្សែច្រវាក់ផ្លូវដែកភ្ជាប់ចិន-វៀតណាម និងចិន-ឡាវ ដែលកំពុងដំណើរការយ៉ាងសកម្មបំផុត។ ច្រកផ្លូវដែកយុទ្ធសាស្ត្រនេះបានក្លាយជាសរសៃឈាមដឹកជញ្ជូនទំនិញចម្រុះរហូតដល់ជាង៣,៩០០មុខចាប់តាំងពីផលិតផលអេឡិចត្រូនិក គ្រឿងបន្លាស់រហូតដល់ផ្លែឈើស្រស់ៗ។
កំណើនដ៏សម្បើមខាងលើ បានបញ្ជាក់យ៉ាងច្បាស់ថា អាស៊ាន និងចិន មិនត្រឹមតែជាអ្នកជិតខាងភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបានក្នុងកិច្ចការពារស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់សកលលោក៕
ដោយៈ សរ សុជាតិ