លោក ផៃសាល សឿថាន់ណាវង្ស (Paisal Suethanuwong) សមាជិកប្រតិបត្តិនៃសមាគមមគ្គុទ្ទេសទេសចរណ៍អាជីពនៅប្រទេសថៃ បាននិយាយត្អូញត្អែរកាលពីពេលថ្មីៗថា សមាជិកសមាគមជាច្រើនរូបបានលើកឡើងពីបញ្ហានេះ ប៉ុន្តែអាជ្ញាធរហាក់ធ្វើគរធ្វើថ្លង់ចំពោះករណីនេះ ។
លោកបានអះអាងថា មគ្គុទេសទេសចរណ៍ជនជាតិចិនជាច្រើននាក់បានមកធ្វើកិច្ចការងារនាំភ្ញៀវទេសចរជនជាតិចិននៅក្នុងប្រទេសថៃដោយខុសច្បាប់ ។
លោកបានបន្តថា ភ្ញៀវទេសចរចិនបានវិលត្រឡប់មកប្រទេសថៃវិញ ក្នុងចំនួនដ៏ច្រើនចាប់តាំងពីខែមករាមក ប៉ុន្តែមគ្គុទ្ទេសក៏ដែលទទួលបានអត្ថប្រយោជន៍នេះភាគច្រើនជាជនបរទេស ដែលធ្វើការខុសច្បាប់នៅទីនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រតិបត្តិករទេសចរណ៍ ដែលភាគច្រើនជាជនជាតិចិន បាននិយាយថា ពួកគេត្រូវការជួលជនបរទេស ដោយសារកង្វះមគ្គុទ្ទេសក៏និយាយភាសាចិននៅក្នុងប្រទេសថៃ ប៉ុន្តែសមាជិកសមាគមនិយាយភាសាចិន ដែលមានអាជ្ញាបណ្ណនៅតែស្វែងរកការងារធ្វើមិនបានទៅវិញ។
លោក ផៃសាល បាននិយាយថា ពួកគេបានដាក់ពាក្យបណ្ដឹងទៅទីភ្នាក់ងាររដ្ឋមួយចំនួន ដោយសុំឱ្យអាជ្ញាធរចាត់វិធានការលើមគ្គុទ្ទេសក៍ខុសច្បាប់ ប៉ុន្តែមិនមានចំណាត់ការណាមួយត្រូវបានធ្វើឡើងនៅឡើយ ។
នៅក្នុងឆ្នាំនេះអាជ្ញាធរទេសចរណ៍ថៃ បានអះអាងថា ខ្លួនរំពឹងថា នឹងទទួលភ្ញៀវទេសចរបរទេសសរុប ប្រមាណជា ២០ លាននាក់នៅក្នុងនោះចិន នៅក្នុងរង្វង់ពី ៥ ទៅ ៧ លាននាក់ ។ ខណៈដែលនៅមុនពេលផ្ទុះការរីករាលដាលនៃមេរោគកូវីដ ១៩ ជាពិសេសនៅក្នុងឆ្នាំ២០១៩ ថៃទទួលភ្ញៀវទេសចរបរទេសសរុបប្រមាណ ៤០ លាននាក់ នៅក្នុងនោះភ្ញៀវទេសចរជនជាតិចិន មាន ១១ លាននាក់៕
អត្ថបទ ៖ សរ សុជាតិ