ជម្លោះសមុទ្រក្រហម

ពាណិជ្ជកម្មរបស់ថៃ តម្លៃប្រមាណ៣៨ពាន់លានដុល្លារ កំពុងរងគំរាមកំហែងដោយសារជម្លោះនៅសមុទ្រក្រហម


ពាណិជ្ជកម្មរវាងថៃនិងមជ្ឈិមបូព៌ា ក៏ដូចជាជាមួយនឹងសហភាពអឺរ៉ុប ដែលមានតម្លៃសរុបប្រមាណជា៣៨ពាន់លានដុល្លារ កំពុងរងការរំខាន និងគំរាមកំហែងដោយសារជម្លោះនៅតំបន់សមុទ្រក្រហម។ ថៃត្រូវបានគេដឹងថា កំពុងធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសចំនួន១៥នៅមជ្ឈិមបូព៌ា ហើយក្រៅពីនោះ ក៏មានប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ីផ្សេងទៀតដែរ ដែលត្រូវដឹកជញ្ជូនតាមតំបន់ជម្លោះនេះ។
ជម្លោះសមុទ្រក្រហម
ដោយ

អ្នកជំនាញខាងពាណិជ្ជកម្មថៃ បានព្រមានថា ការនាំចេញរបស់ប្រទេសថៃ ទៅកាន់អឺរ៉ុប និងមជ្ឈិមបូព៌ាដែលមានតម្លៃប៉ាន់ស្មានប្រមាណ៣៨ពាន់លានដុល្លារ កំពុងរងការគំរាមកំហែងដោយសារការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហ៊ួធី លើនាវាដឹកទំនិញតាមបណ្តោយផ្លូវដឹកជញ្ជូនដ៏សំខាន់មួយនៅក្នុងសមុទ្រក្រហម។ ទំនិញដែលថៃ បាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងមជ្ឈិមបូព៌ា រួមមានផលិតផលកសិកម្ម ទំនិញកសិកម្មកែច្នៃ គ្រឿងបន្លាស់រថយន្ត ឧបករណ៍អគ្គិសនី និងកៅស៊ូ។

លោកសាស្ត្រាចារ្យ អាត ភីសានវ៉ានិច ( Aat Pisanwanich ) អ្នកសេដ្ឋកិច្ចវិទូអន្តរជាតិថៃ បានព្រមានថា ការដឹកជញ្ជូនទំនិញនាំចេញរបស់ប្រទេសថៃ កំពុងរងសម្ពាធដោយសារផ្លូវដឹកជញ្ជូនតាមព្រែកជីកស៊ុយអេ ទៅមជ្ឈិមបូព៌ា អឺរ៉ុប និងអាស៊ីមួយចំនួនទៀតឆ្លងកាត់តាមសមុទ្រក្រហម។ លោកបានបន្តថា ដើម្បីគេចពីផលប៉ះពាល់ក្រុមហ៊ុនដឹកជញ្ជូន ត្រូវបានបង្ខំឱ្យប្រើផ្លូវផ្សេងដែលមានចម្ងាយឆ្ងាយ ពោលគឺត្រូវវាងតាមអាហ្រ្វិក ដូច្នេះតម្លៃដឹកជញ្ជូនត្រូវកើនឡើងខ្លាំង ហើយនាំឱ្យតម្លៃទំនិញក៏នឹងកើនឡើងផងដែរ។

សេដ្ឋកិច្ចវិទូថៃរូបនេះ បានគូសបញ្ជាក់ថា ប្រហែល១៥% នៃចរាចរណ៍ដឹកជញ្ជូនពិភពលោក គឺត្រូវឆ្លងកាត់តាមព្រែកជីកស៊ុយអេរ ពីព្រោះវាជាផ្លូវដឹកជញ្ជូនខ្លីបំផុតដែលភ្ជាប់រវាងអឺរ៉ុប និងអាស៊ី។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅលើពិភពលោកមានតម្លៃប្រមាណជា២៥ទ្រីលានដុល្លារ ក្នុងនោះប្រមាណ៣ទ្រីលាន គឺត្រូវឆ្លងកាត់ព្រែកជីកស៊ុយអេនេះ ដោយរួមទាំងទំនិញពីប្រទេសថៃផងដែរ។

បើយោងតាមការសិក្សា ការនាំចេញរបស់ប្រទេសថៃ ទៅកាន់ប្រទេសមជ្ឈិមបូព៌ាចំនួន១៥ មានតម្លៃសរុបជិត១១ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលស្មើនឹង៤% នៃការនាំចេញរបស់ថៃសរុប។ ក្រៅពីនោះ ការនាំចេញរបស់ថៃ ទៅកាន់ប្រទេសសហភាពអឺរ៉ុប ចំនួន២៧ប្រទេស ដោយមិនរាប់បញ្ចូលចក្រភពអង់គ្លេស មានតម្លៃប្រមាណជិត២៧ពាន់លានដុល្លារ ស្មើនឹង ៩,៣% នៃការនាំចេញទាំងអស់របស់ថៃ។

អ្នកវិភាគបានព្រមានថា ប្រសិនបើសង្គ្រាមដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សា ពង្រីកដល់ក្រុមសកម្មប្រយុទ្ធផ្សេងទៀតនៅក្នុងតំបន់ គឺក្រុមឧទ្ទាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេម៉ែន និងក្រុមសកម្មប្រយុទ្ធ ហេប៊ូឡា ( Hezbollah) នៅលីបង់នោះ សេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកអាចជួបវិបត្តិថ្មីៗជាច្រើន៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើជម្លោះនៅសមុទ្រក្រហមដែលកំពុងគំរាមកំហែងដល់ការធ្វើពាណិជ្ជកម្មពិភពលោក ជះឥទ្ធិពលយ៉ាងណាដល់កម្ពុជា?

ការវាយប្រហារកប៉ាល់ទឹកទំនិញឆ្លងកាត់សមុទ្រក្រហមពីសំណាក់ក្រុមសកម្មប្រយុទ្ធហ៊ួធី កំពុងគំរាមកំហែងដល់ការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញពី…

ប្រាក់ដុល្លារអាម៉េរិកធ្លាក់ថ្លៃខ្លាំងនៅថ្ងៃសុក្រនេះ មុនការចេញផ្សាយទិន្នន័យអតិផរណា

ប្រាក់ដុល្លារអាម៉េរិកនៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៤ខែមកនេះនៅមុនការចេញផ្សាយទិន្នន័យដ៏សំខ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ