របាយការណ៍ប្រចាំឆ្នាំបានឲ្យដឹងថា Thai Airways ការខាតបង់ប្រាក់សុទ្ធនៅឆ្នាំ២០២០ បានកើនឡើងដល់ ១៤០ពាន់លានបាត ឬស្មើនឹងជិត ៥ពាន់លានដុល្លារអាមេរិក ខណៈចំណូលដែលក្រុមហ៊ុនរកបាន ក៏ធ្លាក់ចុះ ៧៤%ដែរ ដែលមានមកនៅត្រឹមប្រមាណ ១.៦០០ លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ ២០១៩។
មែនទែនទៅ ក្រុមហ៊ុន Thai Airways មិនមែនទើបតែរកស៊ីខាតមួយឆ្នាំពីរឆ្នាំនេះទេ គឺរកស៊ីខាតមកអស់ជាច្រើនឆ្នាំមកហើយ ពោលគឺក្រុមហ៊ុនរបស់រដ្ឋថៃមួយនេះ បានរាយការណ៍ពីការខាតបង់ប្រាក់រៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ។
ហេតុអីក៏ Thai Airways រកស៊ីខាត?
នៅមុនពេលមានកូវីដ-១៩ កើតឡើង អនុប្រធានហិរញ្ញវត្ថុក្រុមហ៊ុនអាកាសចរណ៍នេះ ធ្លាប់បានបញ្ជាក់ពីហេតុផលនៅពីក្រោយការខាតបង់ប្រាក់ប្រហែល១ពាន់៦រយលានដុល្លារនៅឆ្នាំ២០១៩ថា ដោយសារតែកត្តាអវិជ្ជមានមួយចំនួន រួមមាន ការថមថយចុះនៃវិសាលភាពសេដ្ឋកិច្ចសកល, បញ្ហាសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន, បញ្ហាមហន្ដរាយគ្រោះធម្មជាតិ,ការឡើងថ្លៃនៃប្រាក់បាតថៃ និងការប្រកួតប្រជែងតម្លៃជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ដទៃទៀត។
កន្លងមកជាដំណោះស្រាយ
ក្រុមហ៊ុនបានដាក់លក់ភាគហ៊ុនរបស់ខ្លួន កាត់បន្ថយចំនួនបុគ្គលិក
បន្ថែមជើងហោះហើរក្នុងស្រុក និង សូម្បីតែយកយន្តហោះ មកកែច្នៃធ្វើជាភោជនីយដ្ឋាន ក៏ Thai
Airways ធ្លាប់សាកល្បងអស់ហើយដែរ
ក្នុងគោលដៅដើម្បីរកចំណូលបន្ថែមដល់ក្រុមហ៊ុន។
គួររំឭកថា Thai Airways ត្រូវផ្ញើផែនការស្តារនីតិសម្បទាអាជីវកម្មរបស់ខ្លួនត្រឹមថ្ងៃទី ២ខែមិនា ទៅកាន់តុលាការក្ស័យធនកណ្តាលរបស់ថៃ ដែលនឹងកាត់សេចក្តីពី ជោគវាសនារបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយនេះ ថាអាចបន្តរស់រានមានជីវិតបាន ឬមិនបាន។ ប៉ុន្តែក៏តម្រូវឲ្យម្ចាស់បំណុលទាំងអស់របស់ក្រុមហ៊ុន ព្រមទទួលយកផែនការអាជីវកម្មថ្មីរបស់ Thai Airways ដែរ ទើបខ្លួនអាចបន្តអាជីវកម្មទៀតបាន៕