វិស័យទេសចរណ៍ថៃ

ទីបំផុត Thai Airways អាចបន្តដង្ហើមអាជីវកម្មរស់ឡើងវិញហើយ


នៅទីបំផុតក្រុមហ៊ុនអាកាសចរណ៍Thai Airways អាចបន្តដង្ហើមរស់ឡើងវិញហើយបន្ទាប់ពីទទួលបានការយល់ព្រមពីតុលាការក្ស័យធនរបស់ថៃលើផែនការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញហើយ ដើម្បីអនុវត្តផែនការស្តារបំណុលរបស់ខ្លួនឡើងវិញ ជាមួយនឹងទឹកប្រាក់បំណុលជិត ១៣ពាន់លានដុល្លារ ។ ការសម្រេចរបស់តុលាក្ស័យធនរបស់ថៃនេះ ធ្វើឡើងបន្ទាប់ពីខាងម្ចាស់បំណុលបានសម្រេចបោះឆ្នោតឲ្យក្រុមហ៊ុនស្ដារផែនការអាជីវកម្មឡើងវិញ កាលពីខែឧសភាកន្លងទៅ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
យន្តហោះក្រុមហ៊ុន Thai Airways នៅព្រលានយន្តហោះសុវណ្ណភូមិ ប្រទេសថៃ (រូបភាព៖ Akira Kodaka @AsiaNikkei)
ដោយ

តុលា​រការ​ក្ស័យធន​របស់​ថៃ បាន​និយាយ​នៅ​ក្នុង​សេចក្តីសម្រេច​ថា​តុលាការ​បាន​អនុញ្ញាត​និង​យល់ព្រម​លើ​ផែនការ​ស្តារ​អាជីវកម្ម​របស់​ក្រុមហ៊ុន Thai Airways ហើយ ស្រប​ពេល​ដែល​តុលាការ​មិន​បាន​កែប្រែ​ផែនការ​របស់​ក្រុមហ៊ុន​នោះ​ទេ ពោល​គឺ​អនុញ្ញាត​ទៅ​តាម​ផែនការ​ទាំងស្រុង​របស់​ក្រុមហ៊ុន និង​ទៅ​តាម​អ្វី​ដែល​ម្ចាស់បំណុល​បាន​ព្រមព្រៀង​គ្នា​កន្លង​មក​។

គួរ​រំឭក​ថា មុន​នឹង​ទទួល​បានការ​អនុញ្ញាត​ពី​តុលាការ​ក្ស័យធន​ថៃ ដូចនេះ ក្រុមហ៊ុន Thai Airways កាលពី​ពាក់កណ្តាល​ខែឧសភា ត្រូវ​បាន​ម្ចាស់បំណុល​ជាង ៩០% បោះ​ឆ្នោត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​មួយ​នេះ អាច​បន្ដ​រៀបចំ​រចនាសម្ព័ន្ធ​ផែនការ ដើម្បី​ស្ដារ​អាជីវកម្ម​របស់​ខ្លួន​ឡើង​វិញ​។

គណៈកម្មាធិការ​ទាំង​៥​រូប រួម​ទាំង​នាយក​ប្រតិបត្តិ​ស្តីទី​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways លោក ចាន់​ស៊ី​ន ទ្រី​នូ​ឆា​ក្រ​ន (Chansin Treenuchagron) និង អតីត​នាយក​ប្រតិបត្តិ លោក ភី​យា​វា​ស្ទី អា​រ៉ា​ណា​ន់ (Piyasvasti Amranand) នឹង​ដើរតួ​ជា​អ្នកគ្រប់គ្រង​និង​អនុវត្ត​ផែនការ​នេះ​។

គួរ​ជម្រាប​ថា ការ​ផុងខ្លួន​ចូល​ក្នុង​អន្ទាក់​បំណុល​កប់​យ៉ាង​ជ្រៅ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways នេះ មិនមែន​ទើបតែ​កើតឡើង​នៅ​អំឡុង​ពេល​កូ​វី​ដ​-១៩​នោះ​ទេ ពោល​គឺ​ក្រុមហ៊ុន​នេះ ជួប​បញ្ហា​បំណុល​តាំង​តែ​ពី​មុន​កូ​វី​ដ​-១៩​ទៅ​ទៀត ដោយសារ​តែ​ប្រតិបត្តិការ​អាជីវកម្ម និង​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ខ្លាំង បូក​រួម​ទាំង​ការ​កក់​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​មួយ​នេះ បាន​បន្ត​ធ្លាក់​ចុះ​ជាប់​ៗ​គ្នា​ចាប់តាំងពី​ឆ្នាំ​២០១២​មក រួម​ទាំង​បញ្ហា​រួម​ផ្សំ​ជា​ច្រើន​ទៀត​។

តួយ៉ាង កាលពី​ឆ្នាំ​២០២០ ក្រុមហ៊ុន​អាកា​ចរណ៍​របស់​ថៃ​អ៊ែ​រ​វ៉េ​មួយ​នេះ បាន​ប្រកាស​ពី​ការ​ខាតបង់​ប្រាក់​ប្រមាណ​៤​ពាន់​៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។

សូម​បញ្ជាក់​ថា​ក្រុមហ៊ុន Thai Airways ធ្លាប់​បាន​ប្រកាស​ថា​ខ្លួន​អាច​កាត់​បន្ថយ​ចំណាយ​ដើម្បី​យក​មក​សងបំណុល បាន​ចំនួន​ជិត​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​ការ​កាត់​បន្ថយ​ជើងហោះហើរ និង​ចំនួន​យន្តហោះ​ពី​ជាង ១០០​គ្រឿង​មក​នៅ​ត្រឹមតែ​ជាង ៨០​គ្រឿង​ប៉ុណ្ណោះ គិត​ត្រឹម​ឆ្នាំ ២០២៥​ខាង​មុខ​។

យើង​នឹង​រង់ចាំ​តាមដាន​មើល​ពី ជោគវាសនា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អ៊ែ​រ​វ៉េ​មួយ​នេះ បន្ត​ទៀត ថា​តើ​ពិតជា​ងើប​រួច​ពី​បំណុល និង ស្តារ​មុខមាត់​បាន​ឡើង​វិញ តាម​រយៈ​ផែនការអាជីវកម្ម​ថ្មី​នេះ​ឬ យ៉ាងណា?
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនបញ្ជូនវ៉ាក់សាំង១លានដូសទៅឲ្យវៀតណាម និងគ្រោងបញ្ជូនទៅឲ្យប្រទេសអាស៊ានផ្សេងទៀត

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់របស់ជប៉ុនបានបញ្ជាក់អះអាងថា ប្រទេសជប៉ុននឹងបញ្ជូនវ៉ាក់សាំង១លានដូសទៅឲ្យវៀតណាម នៅថ្ងៃទី ១៦ខែមិថុនា គឺនៅថ្ងៃនេះតែម្ដង ហើយក្រ…

ធនាគារអេស៊ីលីដាបានសម្រេចបែងចែកភាគលាភដល់ភាគហ៊ុននិកជាង៤២ម៉ឺនដុល្លារ

ព័ត៌មាន
ធនាគារអេស៊ីលីដា កាលពីថ្ងៃទី១០មិថុនា បានសម្រេចបែងចែកភាគលាភសម្រាប់ប្រាក់ចំណេញឆ្នាំ២០២០សម្រាប់ភាគហ៊ុននិករបស់ខ្លួនហើយ ប៉ុន្ដែ ការបែងចែកន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ